អានតួអត្ថបទ
កម្ពុជា

គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ត្រូវបានកែសម្រួលឲ្យស្របតាមស្ថានភាពបច្ចុប្បន្ន

រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​កែ​លម្អ​លក្ខណសម្បត្តិ​នៃគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឲ្យសមស្របទៅតាម​ស្ថានភាពបច្ចុប្បន្ន ខណៈវិធានការការពារជំងឺឆ្លងក៏ត្រូវបានដាក់​បញ្ចូល​ទៅ​ក្នុង​គោលនយោបាយថ្មីនេះដែរ។ ការ​កែសម្រួល​គោលនយោបាយនេះ​គឺធ្វើ​ឡើង​បន្ទាប់ពីបាន​ដាក់​ឲ្យ​អនុវត្តន៍អស់​រយៈពេល១០​ឆ្នាំកន្លងមក។ 

គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ត្រូវបានកែសម្រួលឲ្យស្របតាមស្ថានភាពបច្ចុប្បន្ន
គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ត្រូវបានកែសម្រួលឲ្យស្របតាមស្ថានភាពបច្ចុប្បន្ន © rfi
ផ្សាយពាណិជ្ជកម្ម

ក្នុងគោលនយោបាយកម្រាស់១០ទំព័រ រដ្ឋាភិបាលកម្ពុជាបានកំណត់ថា លក្ខណសម្បត្តិ​របស់ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព គឺត្រូវមាន​៧ចំណុច៖ ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងជឿទុកចិត្ត។ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង និង​បទល្មើសគ្រប់​ប្រភេទ។ មានសណ្តាប់ធ្នាប់ល្អ ពិសេសមិនមានគ្រោះ​ថ្នាក់ចរាចរណ៍។ គ្មានអំពើអនាចារ គ្មានការ​ជួញដូរមនុស្ស គ្មានអំពើហិង្សា និងក្មេងទំនើង។ ដោះស្រាយវិវាទនៅថ្នាក់​មូលដ្ឋានក្រៅប្រព័ន្ធតុលាការ​ប្រកបដោយ​ប្រសិទ្ធិភាព។ មានអនាម័យ សោភ័ណ្ឌភាព និងបរិស្ថានល្អ។ ឆ្លើយតប​បានទាន់ពេល​ចំពោះ​គ្រោះ​មហន្តរាយ និងជំងឺឆ្លងផ្សេងៗ។

 

ដើម្បី​ឆ្លើយតបនឹងលក្ខណសម្បត្តិទាំងនេះ អាជ្ញាធរថ្នាក់មូលដ្ឋានត្រូវរៀបចំ​វេទិកាសាធារណៈយ៉ាងហោចណាស់​១ខែម្តង ហើយ​ត្រូវចាត់​ឲ្យមានការ​ប្រឡង​ប្រណាំង​បង្កើត​ស្នាដៃ​ សំដៅរក​អង្គភាព និង​បុគ្គលដែលខំពុះពារបំពេញកាត្វកិច្ច ហើយធ្វើជាគំរូ​ក្នុងការអនុវត្តន៍គោល​នយោបាយនេះ។ ជាងនេះទៅទៀត គ្រប់ក្រសួងស្ថាប័ន និងគណៈបញ្ជការឯកភាពរដ្ឋបាល​គ្រប់​ថ្នាក់​ ត្រូវ​ប្រជុំ​រៀងរាល់​៦​ខែ​ម្តង ដើម្បី​មាន​មូលដ្ឋាន​ក្នុង​ការវាយ​តម្លៃ ដកពិសោធន៍ និងដាក់​ចេញគោលដៅ​អនុវត្តន៍បន្ត។ ជាមួយគ្នានេះ បញ្ហាថវិកាក៏ត្រូវបានគិតគូរសម្រាប់​អនុវត្តន៍គោល​នយោបាយ ​ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពនេះដែរ។

 

សូមបញ្ជាក់ថា គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពចាស់ ត្រូវបាន​ដាក់ឲ្យអនុវត្តន៍​អស់រយៈ​ពេល​១០​ឆ្នាំ​មកហើយ។

 

បើតាម​ក្រសួងមហាផ្ទៃ ទោះបីមានសន្តិភាព ស្ថិរភាពយ៉ាងរឹងមាំ ប៉ុន្តែសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាសុខមាលភាពរបស់ប្រជាពលរដ្ឋ និងការផ្តល់សេវាចាំបាច់នានា នៅតែជាបញ្ហាអាទិភាពដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូល មានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ