អានតួអត្ថបទ
កម្ពុជា

លោក ហ៊ុន សែន ប្រគល់​ការងារ​សង្គម​ទៅ​លោក ស ខេង ខណៈទំនាក់​ទំនង​អន្តរជាតិប្រគល់​ទៅ លោក អូន ព័ន្ធមុនីរ័ត្ន

ដោយ​សារ​តែ​ជាប់​បំរាម​ធ្វើ​ចត្តា​ឡីស័ក​១៤​ថ្ងៃ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រគល់​ការងារ​មួយចំនួន​ធំ​ទៅ​ឧបនាយករដ្ឋមន្ត្រី និង​កូន​ប្រុស​ច្បង​របស់​គាត់គឺ លោក ហ៊ុន ម៉ាណែត។ ក្នុងនោះ​ពាក់ព័ន្ធ​កិច្ចការងារ​សង្គម​លោក ហ៊ុន សែន បាន​ប្រគល់​ភារៈ​កិច្ច​ទៅ​​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។ ចំពោះ​ការ​ងារ​ទំនាក់​ទំនង​អន្តរជាតិ​លោក​ប្រមុខរដ្ឋាភិបាល ប្រគល់​ទៅ​ឲ្យ​លោក​ឧប​នាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច។

លោក ស ខេង លោក​ ហ៊ុន សែន លោក អូន ព័ន្ធមុនីរ័ត្ន
លោក ស ខេង លោក​ ហ៊ុន សែន លោក អូន ព័ន្ធមុនីរ័ត្ន © @Internet
ផ្សាយពាណិជ្ជកម្ម

ការងាររបស់ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៧ និង​កិច្ច​ប្រជុំ​ដែល​ពាក់​ព័ន្ធ​តាម​ប្រព័ន្ធ​វីដេអូ ពីចម្ងាយ ចាប់​ពី​ថ្ងៃ​ទី​១២​ដល់​១៥​ខែ​វិច្ឆិកា។  នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេសកម្ពុជា​នៅ​ថ្ងៃ​ទី​៧​វិច្ឆិកា​នេះ។ ក្រៅ​ពី​នេះ លោក ហ៊ុន សែន ក៏បាន​ចាត់​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ចូល​រួមកិច្ច​ប្រជុំ​ជាមួយ​លោក អូន ព័ន្ធមុនីរ័ត្ន ដែររួមមាន៖ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក សាយ សំអាល រដ្ឋមន្ត្រី​បរិស្ថាន លោកស្រី អ៊ឹង កន្ថាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី និង​លោក ម៉ម​ ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ជាដើម។

ចំណែក​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង នៅ​ក្នុង​ឋានៈ​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ស្រាប់ នៅ​ថ្ងៃ​ទី​៦​វិច្ឆិកាម្សិលមិញ​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​សិក្ខា​សាលា​ស្ដីពីកំណែទម្រង់ការងាររដ្ឋបានថ្នាក់ក្រោមជា​តិ។ ដោយ​ឡែក​សម្រាប់​កម្មវិធី​សំខាន់​នៅ​ថ្ងៃ​ទី​៧​វិច្ឆិកា​នេះ លោក ហ៊ុន សែន លុប​ចោល​កម្មវិធី​ចុះចែក​ស្រូវ​ពូជ​ដល់​កសិករ​ជិត​៤​ម៉ឺន​នាក់​ស្ថិត​នៅ​ក្នង​ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ។ ត្បិតតែមិន​បាន​ចុះ​ទៅ​ដោយ​ខ្លួន​ឯង​ក៏​លោក ហ៊ុន សែន បាន ចាត់​តាង​លោក ហ៊ុន ម៉ាណែត ចុះចែក​ពូជ​ស្រូវចែក​ជូន​ពលរដ្ឋ​ជិត​២​ម៉ឺន​គ្រួសារ នៅ​ខេត្តពោធិ៍សាត់។

សូមជម្រាបជូនថា យ៉ាង​ហោច​ណាស់​មាន​កម្មវិធី​សំខាន់ៗ​ចំនួន៥ ត្រូវ​បាន​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លុប​ចោល​ការ​ចូល​រួម​ដោយ​ខ្លួន​ឯង តែ​បាន​ចាត់​តំណាង​ឲ្យ​ចូល​រួម​ជំនួស​ព្រោះ​ជាប់​បំរាម​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល​១៤​ថ្ងៃ។ ក្រៅ​ពី​លុប​ចោល​ការ​ចូលរួម​កិច្ច​ប្រជុំ​អាស៊ានលើក​ទី​៣៧ និង​ជា​អធិបតី​នៃ​សិក្ខា​សាលា​ស្ដី​ពី​កំណែ​ទម្រង់​ការ​ងារ​រដ្ឋបាន​ថ្នាក់​ក្រោមជាតិ លោក ហ៊ុន សែន លុប​ចោល​កម្មវិធី​ទទួលព្រះរាជ​ដំណើរ​យាង​និវត្តន៍​របស់​ព្រះមហាក្សត្រ ពី​ទី​ក្រុង​ប៉េកាំង នៅ​ល្ងាច​ថ្ងៃ​ទី​៧​វិច្ឆិកា​នេះ និង​កម្ម​វិធីបុណ្យ​ឯករាជ្យ​ជាតិ​ថ្ងៃ​៩​វិច្ឆិកា។  

នៅ​ចំពោះ​មុខ​ការ​ជួយ​គ្នា​ក្នុង​គ្រា​នេះ លោកផៃ ស៊ីផាន អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា   ការងារ​របស់​រដ្ឋាភិបាល  នៅ​តែ​ធម្មតា គឺ​គ្រាន់​តែ​អវត្ត​មាន​ថ្នាក់​ដឹក​នាំ និង​រដ្ឋមន្រ្តី​ខ្លះ នៅ​ក្នុងការិយាល័យ​តែ​ប៉ុណ្ណោះ។ បើតាមលោកផៃ ស៊ីផាន របៀប​ធ្វើ​ការ​របស់​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​នាកាលៈទេសៈ​ពឹង​អាស្រ័យ​ច្រើន​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា និង​តាម​ទូរស័ព្ទ សម្រាប់​ការ​ហៅ​ទៅ​កាន់​លោក​នាយករដ្ឋមន្រ្តីហ៊ុន សែន ជំនួស​ឱ្យ​ការ​ជួប​ដោយ​ផ្ទាល់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ