អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

លោក ហ៊ុន សែន ព្រមានពីការផ្ទុះកូវីដ១៩ នៅកណ្ដាលទីក្រុង ប្រសិនបើការធ្វើចត្តាឡីស័កមានភាពខ្ជីខ្ជា

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ​ទី​០​៦​វិច្ឆិកា​នេះ​បាន​ទាមទារ​ឲ្យ​មន្ត្រី​របស់​ខ្លួន​ដែល​ពាក់​ព័ន្ធជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ហុង​គ្រី​និង​ក្រុម​គ្រួសារ​មន្ត្រី​ទាំង​នោះ  អនុវត្ត​វិធានការ​ចត្តាឡីស័ក​ឲ្យ​បានត្រឹម​ត្រូវ នៅ​ចំពោះ​ស្ថានភាព​កូវីដ១៩។ លោកព្រមានថា ប្រសិន​បើ​អ្នក​ទាំង​នោះ​អនុវត្ត​ចត្តា​ឡីស័ក​មិនបាន​ត្រឹម​ត្រូវ នោះ​លទ្ធភាព​នៃ​ការ​ចម្លង​ក្នុង​សហគមន៍ អាច​ក្លាយ​ជា​កាតាលីករ នាំ​ឲ្យ​ផ្ទុះ​កូវីដ​១៩​ខ្លាំងនៅ​កណ្ដាល​ទី​ក្រុង​ភ្នំពេញ​តែ​ម្ដង។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

«សូម​អំពាវនាវ​ដល់​រដ្ឋមន្ត្រីពាក់ព័ន្ធទាំងអស់ សូមដាក់ខ្លួនឯងធ្វើចត្តាឡីស័កនៅកន្លែងដាច់ដោយឡែកមួយ ដោយមិនគួរឲ្យប្រពន្ធកូនមកជិតឡើយ។ សូមធ្វើឲ្យច្បាស់លាស់នៃការធ្វើចត្តាឡីស័ក ព្រោះវាងាយឆ្លងចូលក្នុងសហគមន៍ មិនមែនគ្រាន់តែជាបញ្ហាសម្រាប់ខ្លួនយើង គ្រួសារយើងប៉ុណ្ណោះទេ ព្រោះវាអាចនឹងផ្ទុះនៅកណ្ដាលទីក្រុងតែម្ដង ប្រសិនបើយើងមានការធ្វេសប្រហែសក្នុងការធ្វើចត្តាឡីស័ក។»

នេះជាការលើកឡើងរបស់លោកហ៊ុន សែន នៅក្នុងបទអន្តរាគមន៍ជាសាធារណៈជាង២០នាទីនៅថ្ងៃទី៦វិច្ឆិកានេះ។ បទអន្តរាគមន៍របស់ប្រមុខរដ្ឋាភិបាលនៅពេលនេះ ធ្វើឡើងបន្ទាប់ពីលោកទទួលបានព័ត៌មានមួយថា  មន្រ្តីមួយចំនួនអនុវត្តវិធានការចត្តាឡីស័កពុំបានត្រឹមត្រូវ។  នៅចំពោះមុខការធ្វេសប្រហែសនៃការធ្វើចត្តាឡីស័ក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនទៅកាន់មន្ត្រីរបស់គាត់ និងក្រុមគ្រួសារមន្ត្រី និងអ្នកពាក់ព័ន្ធសរុបជាង៨០០នាក់ ត្រូវអនុវត្តវិធានការត្តាឡីស័កឲ្យបានត្រឹមត្រូវពោលគឺបញ្ជៀសការធ្វើលំហាត់ប្រា​ណ និងការចាប់ដៃគ្នា ទោះសកម្មភាពទាំងនេះធ្វើឡើងស្ថិតក្នុងបរិវេណដែលខ្លួនឯងកំពុងរស់នៅក៏ដោយ។

ពីគេហដ្ឋានផ្ទាល់ខ្លួនលោក ហ៊ុន សែន ឲ្យដឹងថា លោកព្យាយាមកាត់បន្ថយទីធ្លាដែលលោកត្រូវដើរ ឬធ្វើការដោយប្រើប្រាស់បន្ទប់ចំនួនពីរទេនៅក្នុងពេលធ្វើចត្តាឡីស័កនេះ។ ទី១គឺបន្ទប់គេង និងទី២ប្រើប្រាស់បន្ទប់សំរាប់ទទួលទានបាយនិងព្យាយាមមិនប្រើប្រាស់ទីតាំងផ្សេងឡើយ ដើម្បីបង្ការហានិភ័យដល់អ្នកធ្វើអនាម័យ។ ទាក់ទងទៅនឹងសកម្មភាពការងារទូទៅ លោក ហ៊ុន សែន ដែលពីមុនធ្លាប់ប្រើប្រាស់ប៊ិចជិត២០ដើមក្នុងការស៊ីញ៉េឯកសារនានានោះត្រឡប់មកប្រើប៊ិចពីរដើមវិញ។ ចំណែកឯកសារនានាមុនបញ្ជូនទៅដល់ដៃលោក ហ៊ុន សែន ត្រូវបាញ់ថ្នាំសម្លាប់មេរោគពីរដងជាមុនសិន និងបាញ់ថ្នាំបន្តទៀតមុននឹងបញ្ជូនទៅដល់ដៃអ្នកប្រើប្រាស់។ ក្រៅពីនេះលោក ហ៊ុន សែន ដកឃ្លាធ្វើលំហាត់មួយរយៈជាពិសេសសកម្មភាពកីឡាដែលលោកចូលចិត្តនោះគឺការវាយកូនហ្គោល។

ក្នុងការរួម​ចំណែក ជាមួយ​ក្រសួង​សុខាភិបាល​នៅ​ចំពោះ​មុខ​ស្ថានភាព​បន្ទាន់​នេះ លោក ហ៊ុន សែន បាន​អនុញ្ញាត្ត​ឲ្យ​ប្រើ​ប្រាស់វិ​មាន​សន្តិភាព សម្រាប់​ជាទីតាំង​តេស្ត​មនុស្ស​ជាង​៨០០​នាក់ នៅ​ក្នុង​បី​ដំណាក់​កាល​ខាង​មុខ​ទៀត​ដើម្បី​ធានា​ថា ពួកគេ​ពិត​ជា​គ្មាន​វីរុស​កូវីដ​១៩​ស្រុង។ តាម​គម្រោង​មនុស្សជាង​៨០០​នាក់​នេះ​ត្រៀមធ្វើតេស្តនៅថ្ងៃទី៩ទី១៤និងទី១៨នៃខែវិច្ឆិកានេះ។ អំឡុងពេលនេះលោក ហ៊ុន សែន លើកទឹកចិត្តឲ្យមនុស្សគ្រប់សង្ស័យថា បានប៉ះពាល់ជាមួយមនុស្សទាំងជាង៨០០នាក់នេះសូមចូលខ្លួនមកធ្វើតេស្តរកវីរុសកូវីដ១៩ដើម្បីធានាគ្មានការចម្លងចូលសហគម។

ក្រៅពីនេះលោក ហ៊ុន សែន ស្នើឲ្យម្ចាស់ស្ថានីយទូរទស្សន៍ កាសែត វិទ្យុ និងវេបសាយមួយចំនួនយកចិត្តទុកដាក់លើអ្នកសារព័ត៌មានផងដែរជាពិសេសការផ្ដល់ថវិកាអំឡុងពេលធ្វើចត្តាឡីស័កនេះ។ បើតាមលោក ហ៊ុន សែន រដ្ឋមន្ត្រីហុងគ្រី លោក ភីធ័រ ហ្សីយាតូ (Péter Szijjártó)ក៏បានសូមទោសកម្ពុជាដែលលោកធ្វើតេស្តរកឃើញថា មានផ្ទុកវីរុសកូវីដ-១៩ ក្រោយធ្វើដំណើរទៅដល់ប្រទេសថៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ