កម្ពុជានិងចិន៖ ទំនាក់ទំនងចាស់វស្សាដែលផ្ដល់ប្រយោជន៍ទាំងសងខាង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៤៥
កម្ពុជា តាំងពីថ្ងៃអាទិត្យម្សិលមិញ បានក្រាលកម្រាលព្រំក្រហមទទួលប្រមុខការទូតចិន លោក វ៉ាង យី សម្រាប់ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ។ អ៊ឹម រចនា សូមឆ្លៀតឱកាសនេះ រំឭកជូនលោកអ្នកអំពីប្រវត្តិទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា។ ជាទំនាក់ទំនងចាស់វស្សា ដែលគេមើលឃើញថា ផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។
ទំនាក់ទំនងការទូតរវាងចិននិងកម្ពុជាបានចងភ្ជាប់ជាផ្លូវការនៅខែកក្កដាឆ្នាំ១៩៥៨។ ប៉ុន្តែមេដឹកនាំនៃប្រទេសទាំងពីរកាលណោះ គឺសម្ដេចព្រះបាទ នរោត្តម សីហនុ និងនាយករដ្ឋមន្ដ្រីចិន ជូ អេនឡាយ បានជួបគ្នា និង កសាងទំនាក់ទំនងមិត្តភាពតាំងពីឆ្នាំ១៩៥៥មកម្ល៉េះ។ គឺនៅពេលដែលលោកទាំងពីរ ចូលរួមនៅក្នុងសន្និសីទបណ្ដាប្រទេសមិនចូលបក្សសម្ព័ន្ធនៅបានឌុង ប្រទេសឥណ្ឌូនេស៊ី។
អតីតលេខាផ្ទាល់ព្រះបាទសម្ដេច នរោត្តម សីហនុ លោក Julio Jeldres បានសរសេរនៅក្នុងអត្ថបទមួយនៅឆ្នាំ២០១២ថា ព្រះបាទ នរោត្តម សីហនុ សព្វព្រះទ័យលោក ជូ អេនឡាយ ព្រោះថ្នាក់ដឹកនាំប្រទេសមហាអំណាចចិនរូបនេះ ចេះដាក់ខ្លួន ឱនលំទោន គោរពទ្រង់។ គារវកិច្ចដ៏ទន់ភ្លន់របស់លោក ជូ អេនឡាយ បានធ្វើឲ្យព្រះបាទ នរោត្តម សីហនុ ទ្រង់មានព្រះទ័យយល់ថា ចិនដែលជាប្រទេសមហាអំណាច ផ្ដល់តម្លៃស្មើមុខស្មើមាត់ដល់ព្រះអង្គ និង ប្រទេសកម្ពុជា។
ទំនាក់ទំនងពិសេសជាមួយថ្នាក់ដឹកនាំចិននេះហើយ ដែលធ្វើឲ្យទ្រង់ សីហនុ សម្រេចព្រះទ័យយាងទៅជ្រកកោននៅទីក្រុងប៉េកាំង ក្រោយរដ្ឋប្រហារទម្លាក់ព្រះអង្គចេញពីដំណែង នៅថ្ងៃទី១៨មីនាឆ្នាំ១៩៧០។
ទំនាក់ទំនងរវាងចិននិងកម្ពុជាបន្តមានជាប់លាប់ បើទោះបីជាកម្ពុជាត្រូវធ្លាក់ទៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យដ៏ខ្មៅងងឹតក៏ដោយ។ នៅក្នុងរបបខ្មែរក្រហម ចិនបានផ្ដល់ជំនួយនិងបញ្ជូនអ្នកជំនាញការចន្លោះពី១ម៉ឺន ទៅ១ម៉ឺន៥ពាន់នាក់ ឲ្យមកធ្វើការនៅកម្ពុជា ធ្វើជាទាហាន កម្មករ វិស្វករ វេជ្ជបណ្ឌិត និងសាស្ត្រាចារ្យ។ ប៉ុន្តែជំនួយរបស់ចិន ដល់ពួកខ្មែរក្រហមត្រូវបានបញ្ចប់នៅចុងឆ្នាំ១៩៩៣។
ក្នុងឆ្នាំ១៩៩៣ នៅចំពោះមុខរដ្ឋាភិបាលក្បាលពីរបស់កម្ពុជា ចិនពីដំបូងបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច។ ប៉ុន្តែក្រោយមកនៅពេលដែលបក្សរាជានិយមហ៊្វុនស៊ិនប៉ិចចាប់ផ្ដើមចុះខ្សោយ ក្រុងប៉េកាំងបានងាកទៅកសាងទំនាក់ទំនងល្អជាមួយគណបក្សប្រជាជនកម្ពុជាវិញម្ដង។ នៅក្នុងខែកក្កដា ឆ្នាំ១៩៩៦ ចិនបានបញ្ជូនបក្សីស្លាបដែកមកទទួលលោក ហ៊ុន សែន ទៅធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន។ បន្ទាប់ពីនោះមក ទំនាក់ទំនងកាន់តែប្រសើរឡើងរវាងប៉េកាំងនិងភ្នំពេញ បានស្ដែងឲ្យឃើញកាន់តែច្បាស់តាមរយៈ ការផ្លាស់ប្ដូរទស្សនកិច្ចជាញឹកញាប់រវាងប្រមុខដឹកនាំនិងមន្ដ្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ ក៏ដូចជាជំនួយរបស់ចិនដល់កម្ពុជា។
រហូតមកទល់ឥឡូវ ប្រទេសចិនបានក្លាយជាម្ចាស់ជំនួយបរទេសធំជាងគេសម្រាប់កម្ពុជា។ នៅក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគចិននៅកម្ពុជាវិញ កាលពីឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិន សម្រេចបានដល់ប្រមាណជាង ៨ពាន់លានដុល្លារ កើនឡើង២៧ភាគរយ បើធៀបនឹងឆ្នាំ២០១៨។ ភាគីទាំងពីរ គឺចិននិងកម្ពុជា គ្រោងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានដល់ ១០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣ខាងមុខនេះ។ ដោយឡែក នៅឆ្នាំ២០២០នេះទៀតសោត កម្ពុជានិងចិនសម្រេចចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយតាមរយៈកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលកម្ពុជារំពឹងថា ការនាំចេញពីកម្ពុជាទៅចិន នឹងមានការកើនឡើងប្រមាណ ២៥ភាគរយទៀត។
ក្រៅពីផលប្រយោជន៍សេដ្ឋកិច្ចដែលកម្ពុជាទទួលបានពីសម្ព័ន្ធភាពជាមួយចិន ក៏មានដែរផលប្រយោជន៍ផ្នែកភូមិសាស្ត្រនយោបាយ។ តាមរយៈការពង្រឹងទំនាក់ទំនងគ្រប់ជ្រុងជ្រោយជាមួយចិន កម្ពុជាបានបន្តកាត់បន្ថយឥទ្ធិពលរបស់វៀតណាមមកលើខ្លួន។
ប្រទេសចិនវិញ។ ចិនត្រូវការការគាំទ្រពីកម្ពុជាដែរ សម្រាប់គោលនយោបាយចិនតែមួយ គោលនយោបាយខ្សែក្រវាត់មួយ វិថីមួយ និងការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដើម្បីឈានទៅតភ្ជាប់បណ្ដាប្រទេសក្នុងតំបន់អាស៊ានទាំងមូល។ ហើយតាមរយៈទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា ចិនចង់បន្ថយ ឬខ្ទប់ឥទ្ធិពលរបស់អាមេរិកនៅអាស៊ីប៉ាស៊ីហ្វិក និងពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ាន។ មិនត្រឹមតែប៉ុណ្ណោះ មិត្តភាពដ៏ជិតស្និទ្ធរវាងចិននិងកម្ពុជា ភូមា ឡាវ និងថៃ បានធ្វើឲ្យចិនឈរជើងយ៉ាងមាំថែមទៀត ប្រឈមនឹងបញ្ហាជម្លោះសមុទ្រចិនខាងត្បូងជាមួយប្រទេសប៊្រុយណេ ម៉ាឡេស៊ី វៀតណាម និងហ្វីលីពីន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ