អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ឫសគល់នៃអំពើហិង្សានៅក្នុងសង្គមខ្មែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

អំពើ​ហិង្សា​គឺ​ជា​វិបត្តិ​ដ៏​រ៉ៃរ៉ៃ​មួយ ដែល​បាន​និង​កំពុង​តែ​ញាំញី​សង្គម​ខ្មែរ​ឲ្យ​ប្រេះ​ស្រាំ​ជា​រៀង​រាល់​ថ្ងៃ​។ តាម​រយៈ​កាសែត​និង​បណ្ដាញ​សង្គម គេ​តែង​តែ​ឃើញ​មាន​ព័ត៌មាន​ស្ដី​ពី​អំពើ​ហិង្សា ដែល​កើត​ឡើងក្នុង​សណ្ឋាន​ផ្សេង​ៗ​គ្នា នៅ​​គ្រប់​ទី​កន្លែង និង​ជា​រៀង​រាល់​ថ្ងៃ​​។ ទាំង​នេះ​សរ​បង្ហាញ​ឲ្យ​ឃើញ​​ថា អំពើ​ហិង្សាមិន​ធ្លាប់​ឃ្លាត​ឆ្ងាយ​ពី​សង្គម​កម្ពុជា​ទេ​។ ហេតុ​អ្វី​បាន​ជា​ដូច្នេះ​​?

រូបភាពតំណាង
រូបភាពតំណាង © Internet
ផ្សាយពាណិជ្ជកម្ម

អំពើ​ហិង្សា​នៅ​តែ​ជា​បញ្ហា​ចាក់​ស្រេះ​នៅ​ក្នុង​សង្គម​ខ្មែរ ដែល​កើត​មាន​ឡើង​ជា​រៀង​រាល់​ថ្ងៃ​​។ អំពើ​ហិង្សា​មាន​នៅ​គ្រប់​ទី​កន្លែង រាប់​តាំង​ពី​គ្រួសារ សាលារៀន កន្លែង​ធ្វើ​ការ រហូត​ទៅ​ដល់​សង្គម​​ជាតិ​។ នៅ​ក្នុង​គ្រួសារ អំពើ​ហិង្សា​ចាប់​ផ្ដើម​ពី​ការ​វាយ​ប្រដៅ​ជា​ការ​ដាក់​ទោស​កូន​តូច​ៗ រហូត​ដល់​អំពើ​ហិង្សា​រវាង​គូ​ស្វាមី​ភរិយា​ ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ភេទ​។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​គ្រួសារ​ជា​ច្រើន​ជួប​ភាព​ប្រេះ​ស្រាំ បែក​បាក់ បន្សល់​ទុក​នូវ​ជន​រង​គ្រោះ​រាប់​មិន​អស់ ដែល​ភាគ​ច្រើន​ជា​ស្ដ្រី​និង​កុមារ​។ ចំណែក​នៅ​សាលារៀន ក៏​មាន​កើត​អំពើ​ហិង្សា​​ច្រើន​បែប​ច្រើន​យ៉ាង​ផង​ដែរ​ ទាំង​ពី​សំណាក់​គ្រូ​ទៅ​សិស្ស និង​រវាង​សិស្ស​គ្នា​ឯង​។ នៅ​កន្លែង​ធ្វើ​ការ​វិញ​ អំពើ​ហិង្សា​ផ្លូវ​កាយ​អាច​គ្មាន ក៏​ប៉ុន្តែ​អំពើ​ហិង្សា​ផ្លូវ​ចិត្ត ការ​ជេរ​ប្រមាថ ដៀល​ត្មិះ ដៀម​ដាម អាច​កើត​មាន​ឡើង​គ្រប់​ពេល​វេលា​ទាំង​អស់​។ នៅ​កន្លែង​ការងារ​ខ្លះ អំពើ​ហិង្សា​អាច​កើត​មាន​តាម​រយៈ​ផ្លូវ​សេដ្ឋកិច្ច​ផង​ដែរ​។

អំពើ​ហិង្សា​ក្នុង​រូបភាព​តូច​តាច​ទាំង​អស់​នេះ បាន​ជះ​ឥទ្ធិពល និង​បាន​រួម​ចំណែក​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​ក្នុង​សង្គម​។ អំពើ​កាប់​ចាក់ បាញ់​ប្រហារ វាយ​តប់​នៅ​តាម​ផ្លូវ ឬ​នៅ​តាម​ផ្សារ​តែង​តែ​កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ ដូច​ដែល​មាន​ចុះ​ផ្សាយ​នៅ​តាម​ទំព័រ​កាសែត​ជា​ហូរហែ​។ ក្រៅ​ពី​នេះ ការ​ប៉ះ​ទង្គិច​ដោយ​ហិង្សា​រវាង​កង​កម្លាំង​សន្តិសុខ​និង​បាតុករ​នៅ​រាជធានី​ភ្នំពេញ​នា​ពេល​កន្លង​មក ក៏​​ជា​ភស្តុតាង​ដែល​សរ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា អំពើ​ហិង្សាមិន​ធ្លាប់​ឃ្លាត​ឆ្ងាយ​ពី​សង្គម​កម្ពុជា​ទេ​។ តើ​មាន​មូលហេតុ​ចម្បង​ៗ​អ្វី​ខ្លះ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​សង្គម​មួយ ពោរពេញ​ដោយ​ហិង្សា​យ៉ាង​ដូច្នេះ?

មូលហេតុ​សំខាន់​បំផុត​គឺ​ទំនៀមទម្លាប់​ចាស់​គំរឹល ការ​អប់រំ​ដែល​មាន​កម្រិត​ទាប និង​ការ​មិន​យោគយល់​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។ ក្រៅ​ពី​នោះ​ក៏​មាន​ផង​ដែរ ភាពក្រីក្រ ល្បែង​ស៊ីសង និង​គ្រឿង​ស្រវឹង ដែល​បាន​រួម​ចំណែក​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ទាំង​នៅ​ក្នុង​គ្រួសារ សាលារៀន កន្លែង​ធ្វើការ និង​សង្គម​ជាតិ​។

សម្រាប់​ប្រទេស​កម្ពុជា អំពើ​ហិង្សា គឺ​ជា​បន្ទុក​ដ៏​ធំ​សម្រាប់​សង្គម​ទាំង​មូល​។ អំពើ​ហិង្សា​នៅ​ក្នុង​សង្គម គឺ​ជា​ជំងឺ​រ៉ាំរ៉ៃ ដែល​មាន​សភាព​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​គួរ​ឲ្យ​បារម្ភ​។ កន្លង​មក​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​ជា​ដៃគូ បាន​ធ្វើការងារច្រើន​ណាស់ ក្នុង​បំណង​លុប​បំបាត់​អំពើ​ហិង្សា​នៅ​ក្នុង​សង្គម​ខ្មែរ ជា​ពិសេស​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​។ ជាក់​ស្ដែង ច្បាប់​ប្រឆាំង​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​និង​កិច្ច​ការពារ​ជន​រង​គ្រោះ ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា​ជាតិតាំង​​ពី​ឆ្នាំ​២០០៥​មក​ម្ល៉េះ​​។ ក្រសួង​កិច្ច​ការ​នារី ក៏​បាន​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​ជាតិ ស្ដី​ពី​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្ដ្រីផង​ដែរ។ ចំណែក​អង្គការ​នានា ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ ក៏​ធ្លាប់​បង្កើត​ឲ្យ​មានយុទ្ធនាការ​បំពាក់​បូណ៌​ពណ៌​ស​ដល់​បុរស​នៅ​ទូទាំង​ប្រទេស ក្នុង​ន័យ​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ដ្រី​​ទៀត​ផង​​។

ដោយ​ឡែក អំពើ​ហិង្សា​ផ្សេង​ៗ ដែល​មិនមែន​កើត​ឡើង​នៅ​ក្នុង​ក្រុម​គ្រួសារ ជន​ល្មើស​នឹង​ត្រូវ​ផ្ដន្ទាទោស​ដោយ​ផ្អែក​លើ​ក្រម​ព្រហ្មទណ្ឌ​ដែល​កម្ពុជា​មាន​ជា​ធរមាន​។ យ៉ាង​ណា​ក៏​ដោយ ច្បាប់ ផែនការ និង​យុទ្ធនាការ​ទាំង​នេះ មិន​អាច​ទប់ស្កាត់​អំពើ​ហិង្សា​នៅ​ក្នុង​សង្គម​ខ្មែរ​ប្រកប​ដោយ​ប្រសិទ្ធភាព​នោះ​ទេ​។

សម្រាប់​​សង្គម​កម្ពុជា វប្បធម៌​ហិង្សា​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ ហើយ​វា​មិន​​មែន​ជា​រឿង​ងាយ​ឡើយ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​​។ មាន​ការងារ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ ដោយ​មាន​ការ​ចូល​រួម​ពី​ពលរដ្ឋ​ខ្មែរ​គ្រប់​ៗ​គ្នា​។ ក្នុង​នោះ បុគ្គល​ម្នាក់​ៗ​ត្រូវ​តែ​ជម្រុះ​ចោល​នូវ​ទម្លាប់ហិង្សា​​ចាស់​គំរឹល​​មួយ​ចំនួន ជំនួស​មក​វិញ​នូវ​ការ​យោគយល់​អធ្យាស្រ័យ ការ​អត់​ធ្មត់ និង​គោរព​សិទ្ធិ​គ្នា​ទៅ​វិញ​ទៅ​មក​។

ការ​ផ្សព្វផ្សាយ និង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ក៏​ជា​ការងារ​​​ចាំ​បាច់​ណាស់​ដែរ​។ ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​ចាប់​ដៃ​គ្នា ធ្វើ​យ៉ាង​ណា​ផ្សព្វផ្សាយ​ច្បាប់​ឲ្យ​បាន​ទូលំ​ទូលាយ​ដល់​មូលដ្ឋាន ដើម្បី​បង្កើន​ការ​យល់​ដឹង​ថា អំពើ​ហិង្សា​ណា​ក៏​ដោយ គឺ​ជា​រឿង​ខុស​ច្បាប់​។ ហើយ​អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា នឹង​ត្រូវ​ផ្ដន្ទាទោស​ដោយ​គ្មាន​ការ​លើក​លែង​។ មាន​តែ​មធ្យោបាយ​ទាំង​នេះ​ទេ ដែល​អាច​កាត់​បន្ថយ និង​ឈាន​ទៅ​លុប​បំបាត់​អំពើ​ហិង្សា​នៅ​ក្នុង​សង្គម​ខ្មែរ​ប្រកប​ដោយ​ប្រសិទ្ធភាព​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ