អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

នៅកម្ពុជា អ្នកប្រជាធិបតេយ្យពូកែថ្វីមាត់តែអនុវត្តស្ទើរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពាក្យ​ថា​ «ប្រជាធិបតេយ្យ ឬ អ្នក​ប្រជាធិបតេយ្យ»​ បាន​ក្លាយ​ជា​ពាក្យ​ដ៏​ពេញ​និយម​នៅ​លើ​ឆាក​នយោបាយ​កម្ពុជា​។ គណបក្ស​នយោបាយ​ស្ទើរ​តែ​ទាំង​អស់ តែង​លើក​យក​ពាក្យ​ប្រជាធិបតេយ្យ​ដើម្បី​ទាក់​ទាញ​ការ​គាំទ្រ​ពី​សំណាក់​ម្ចាស់​ឆ្នោត​។ ប៉ុន្តែ អ្វីដែល​គួរ​កត់​សម្គាល់​នោះគឺ អ្នក​ប្រជាធិបតេយ្យទាំង​នោះ​ភាគ​ច្រើន ពូកែ​ត្រឹម​តែ​ថ្វី​មាត់ ចំណែក​ការ​អនុវត្ត​ជាក់​ស្ដែង ហាក់​នៅ​ស្ទើរ​នៅ​ឡើយ​។

អាជ្ញាធរក្រុងភ្នំពេញ បានហាមមិនឲ្យក្រុមអង្គការសង្គមស៊ីវិល (CHRAC) ជួបជុំគ្នានៅលើទីលានប្រជាធិបតេយ្យ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ខួប៦៨ឆ្នាំ (រូបភាពតំណាង)
អាជ្ញាធរក្រុងភ្នំពេញ បានហាមមិនឲ្យក្រុមអង្គការសង្គមស៊ីវិល (CHRAC) ជួបជុំគ្នានៅលើទីលានប្រជាធិបតេយ្យ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ខួប៦៨ឆ្នាំ (រូបភាពតំណាង) © FB
ផ្សាយពាណិជ្ជកម្ម

រយៈពេល​ជិត​៣០ឆ្នាំ​ក្នុង​របត់​ប្រជាធិបតេយ្យ កម្ពុជា​ហាក់​ដូច​ជា​នៅ​​តែ​មិន​ទាន់​រក​ឃើញ «អ្នកប្រជាធិបតេយ្យ​»​ ពិត​ប្រាកដ​នៅ​ឡើយ។ នេះ​បើ​គេ​ពិនិត្យ​មើល​ចរន្ត​នយោបាយ​ដែល​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់​។ គេ​នៅ​ចាំ​បាន​ថា គណបក្ស​រាជា​និយម ហ៊្វុនស៊ិនប៉ិច ដែល​កកើត​ឡើង​ពី​ចលនា​តស៊ូ​ជាយ​ដែន​កាល​ពី​អំឡុង​ទសវត្ស ៨០ ក៏​មាន​គោលដៅ​នាំ​យក​លទ្ធិប្រជាធិបតេយ្យ​មក​ឲ្យ​កម្ពុជា​ដែរ​។

ក្រោយ​បាន​ឡើង​កាន់​អំណាច​មិន​បាន​ប៉ុន្មាន​ឆ្នាំ​ផង ក៏​ស្រាប់​តែ​លេច​ចេញ​គណបក្ស​ថ្មី​មួយ​ទៀត​ឈ្មោះ​ថា​គណបក្ស​ជាតិ​ខ្មែរ​ដែល​ក្រោយ​មក​បាន​ប្តូរ​ឈ្មោះ​ជា​គណបក្ស សម រង្ស៊ី។ គណបក្ស​នេះ​បាន​ក្លាយ​ជា​ចលនា​ប្រឆាំង​ដ៏​ធំ​មួយ​ដែល​អះអាង​ថា​មាន​បំណង​នាំ​យក​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​មក​ឲ្យ​កម្ពុជា បន្ទាប់​ពី​លោក សម រង្ស៊ី ខក​ចិត្ត​ជាមួយ​គណបក្ស​ហ្វុនស៊ិនប៉ិច​។ ក្រោយ​ពី​គណបក្ស សម រង្ស៊ី រីក​ធំ​ធាត់​គួរ​ឲ្យ​កត់​សម្គាល់ ក៏​ស្រាប់​តែ​លោក កឹម សុខា ​បាន​ប្រកាស​បង្កើត​គណបក្ស​សិទ្ធិមនុស្ស​មួយ​ទៀត​។

គោលដៅ​របស់​គណបក្ស​សិទ្ធិ​មនុស្ស​ក៏​មិន​ខុស​ពី​គណបក្ស​មុន​ៗ​ដែរ គឺ​ចង់​ឲ្យ​មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​កម្ពុជា ពី​ព្រោះ​គណបក្ស​នេះ​មើល​ឃើញ​ថា គណបក្ស សម រង្ស៊ី ខ្វះ​លក្ខណៈ​ប្រជាធិបតេយ្យ​នៅ​ផ្ទៃ​ក្នុង​បក្ស​។ ទី​បំផុត ដោយ​សារ​ស្ថានការណ៍​បង្ខំ លោក សម រង្ស៊ី និង​លោក កឹម សុខា ក៏​បាន​ចាប់​ដៃ​គ្នា ហើយ​បង្កើត​បាន​គណបក្ស​សង្គ្រោះជាតិ កាល​ពី​មុន​បោះ​ឆ្នោត​ខែ​កក្កដា​ឆ្នាំ ២០១៣។ គោលការណ៍​សំខាន់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដូច​គ្នា​ដែរ​គឺ​ប្រមូល​ផ្តុំ «អ្នក​ប្រជាធិតេយ្យ» និង «អ្នក​ស្នេហា​ជាតិ» ឲ្យ​មក​នៅ​ក្រោម​ដំបូល​តែ​មួយ​ដើម្បី​ផ្តួល​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គេ​ចោទ​ថា «កុំម្មុយនិស្ត»។

លុះ​ក្រោយ​មក នៅ​​ពេល​​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តុលាការ​កំពូល​រំលាយ​ចោល​នៅ​ចុង​ឆ្នាំ​២០១៧ ក្រុម​បណ្ឌិត បញ្ញវន្ត ធ្លាប់​មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​សង្គម​មួយ​ចំនួន បាន​ពូន​ផ្ដុំ​គ្នា​បង្កើត​ចលនា​នយោបាយ​ថ្មី​មួយ ​បាន​ចោទ​អតីត​គណបក្ស​សង្គ្រោះ​ជាតិថា គ្មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ផ្ទៃ​ក្នុង​បក្ស​នៅ​ឡើយ ហើយ​អះអាង​ថា ចង់កសាង​មូលដ្ឋាន​គ្រឹះ​ប្រជាធិបតេយ្យ​នៅ​ឯ​មូលដ្ឋាន​ដើម្បី​បង្ហាញ​ជា​គំរូ។ ចំណែក​​​មន្ដ្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន បន្ទាប់​ពី​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ក៏​កំពុង​តែ​រៀបចំ​ប្រមូល​ផ្ដុំ​គ្នា​ឈាន​ទៅ​បង្កើត​គណបក្ស​នយោបាយ​ថ្មី ដោយ​មាន​បេសកកម្ម​ចម្បង គឺ​ប្រែ​ក្លាយ​កម្ពុជា​ឲ្យ​ក្លាយ​ជា​សង្គម​​​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ផង​ដែរ។

ជា​ការ​ពិត រាប់​សិប​ឆ្នាំ​បាន​កន្លង​ផុត​ទៅ ប្រជាជន​និង​ប្រទេស​កម្ពុជា​ហាក់​ដូច​ជា​ស៊ាំ​នឹង​ពាក្យ​ថា​ប្រជាធិបតេយ្យ​ទៅ​ហើយ ប៉ុន្តែ​ក្នុង​ពិភព​នយោបាយ គេ​នៅ​តែ​មិន​ទាន់​រក​ឃើញ​ថា តើ​នរណា​ជា​អ្នក​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​ឡើយ​។ ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ដែល​ជា​ម្ចាស់​ឆ្នោត ជា​ពិសេស​អ្នក​ទទួល​រង​គ្រោះ​ដោយ​អយុត្តិធម៌​សង្គម​ផ្សេង​ៗ​ហាក់​ដូច​ជា​កំពុង​តែ​ស្ថិត​ក្នុង​សភាព​វិល​វល់​យ៉ាង​ខ្លាំង​ក្នុង​ការ​ស្វែង​រក «អ្នក​ប្រជាធិបតេយ្យ​ពិត​ប្រាកដ»​។ ប្រទេស​កម្ពុជា​ហាក់​ដូច​ជា​សម្បូរ​ «អ្នក​ប្រជាធិបតេយ្យ» ណាស់ ពីព្រោះ​ស្ទើរ​តែ​គ្រប់​អ្នក​នយោបាយ សុទ្ធ​តែ​អួត​ខ្លួន​ថា​ជា​អ្នក​ប្រជាធិបតេយ្យ មិន​ចង់​បាន​អំណាច និង​ចង់​នាំ​វប្បធម៌​ប្រជាធិបតេយ្យ​មក​ស្រុក​ខ្មែរ​។

ប៉ុន្តែ អ្វី​ដែល​គួរ​ឲ្យ​ឆ្ងល់​គឺ ហេតុ​អ្វី​បាន​ជា «អ្នកប្រជាធិបតេយ្យ» ទាំង​នោះ​មិន​អាច​ចូល​គ្នា​ចុះ​? ចម្លើយ​ដំបូង​គេ​តប​នឹង​សំណួរ​នេះ គឺ​មក​ពី​ជំងឺ «មុខ​មាត់​និយម»​។ បន្ថែម​ពី​លើ​នេះ នយោបាយ​ប្រជាភិថុតិ​ក៏​នៅ​តែ​មាន​ឥទ្ធិពល​ខ្លាំង​នៅ​ឡើយ​ដែរ ពោល​គឺ​ជាតិ​ជា​អ្នក​នយោបាយ ​បើ​មិន​ពូកែ «ប្រូ»​ ប្រាកដ​ជា​មិន​អាច​រក​សំឡេង​គាំទ្រ​បាន​ទេ​។ អ្នក​នយោបាយ​មួយ​ចំនួន គ្រាន់​តែ​ជា​អ្នក​ប្រជាធិបតេយ្យ​តែ​មាត់ ប៉ុន្តែ​មិន​អាច​អនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ​នៅ​ក្នុង​សាច់ការ​ជាក់ស្ដែង​បាន​។

សរុប​មក​វិញ វា​គួរ​តែ​ដល់​ពេល​ហើយ​ដែល​កម្ពុជា​ត្រូវ​ព្យាបាល​ជំងឺ​ប្រជាធិបតេយ្យ​ចេញ​ពី​សង្គម​របស់​ខ្លួន​។ ដើម្បី​ព្យាបាល​ជំងឺ​ប្រជាធិបតេយ្យ មាន​កិច្ចការ​សំខាន់​ចំពោះ​មុខ​ពីរ​ដែល​ត្រូវ​ធ្វើ​ដំណាល​គ្នា៖ ទី​១ គឺ​អ្នក​ដែល​អះអាង​ថា​ជា​អ្នក​ប្រជាធិបតេយ្យ​ទាំង​ឡាយ ត្រូវ​បង្ហាញ​គំរូ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ដល់​មហាជន​ខ្មែរ ហើយត្រូវ​រួម​គ្នា​សម្រេច​គោលដៅ និង​ទី២ វប្បធម៌​លាប​ពណ៌​គ្នា ជា​ពិសេស​ការ​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​ថា​មិន​ប្រជាធិបតេយ្យ គួរ​ត្រូវ​បាន​លុប​បំបាត់​។ ព្រោះ​ប្រសិន​បើ​មិន​ដូច្នោះ​ទេ ពលរដ្ឋ​ខ្មែរ​ទំនង​ជា​ត្រូវ​បន្ត​វិលវល់​ក្នុង​ពិភព​ប្រជាធិបតេយ្យ​មិន​ពិត​ប្រាកដ​ក្នុង​រយៈ​ពេល​យូរ​ត​ទៅ​ទៀត ទម្រាំ​ដល់​ពេល​ដែល​ពួកគេ​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​សម្គាល់​អ្នក​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ដោយ​ខ្លួន​ឯង​បាន​។​ ការ​បន្ត​រស់​ត្រាំត្រែង​ក្នុង​ជំងឺ​ប្រជាធិបតេយ្យ​បែបនេះ ធ្វើ​ឲ្យ​ពលរដ្ឋ​​ស្គាល់​តែ​ការ​ខកចិត្ត​និង​ខាតបង់។ ចំណែក​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​វិញ ក៏​ទំនង​ជា​មិន​អាច​រីក​លូត​លាស់​ទៅ​ណា​ឆ្ងាយ​ជាង​នេះ​ទៅ​ទៀត​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ