អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

«មេគង្គ-ឡានឆាង» ជា​យន្តការ​​​​របស់​ចិន​ដើម្បី​គ្រប់​គ្រង​ទន្លេ​មេគង្គ​និង​ពង្រឹង​ឥទ្ធិពល​ក្នុង​តំបន់​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ចន្ទទី​២៤​សីហា​នេះ លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន និង​មេ​ដឹកនាំ​នៃ​ប្រទេស​ចំនួន​៥​ទៀត​នៅ​​តាម​បណ្ដោយ​ដង​ទន្លេ​មេគង្គ ត្រូវ​​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​មេគង្គ-ឡានឆាង លើក​ទី​៣ ដែល​រៀបចំ​ធ្វើ​តាម​ប្រព័ន្ធ​វីដេអូ​​ដោយ​មាន​ប្រទេស​ឡាវ​និង​ប្រទេស​ចិន​ជា​សហ​ប្រធាន​​។ ផ្ដួច​ផ្ដើម​​ឡើង​នៅ​ឆ្នាំ​២០១៤ កិច្ច​សហប្រតិបត្តិការ​មេគង្គ-ឡានឆាង ត្រូវ​អ្នក​ជំនាញ​មួយ​ចំនួន​មើល​ឃើញ​ថា គឺ​ជា​យន្តការ​មួយដែល​​ចិន​បង្កើត​ឡើង​ដើម្បី​គ្រប់​គ្រង​ទន្លេ​មេគង្គ​និង​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់​តែ​ប៉ុណ្ណោះ​​។ 

បុរស​ម្នាក់​កំពុង​បង់​សំណាញ់​នេសាទ​ត្រី​លើ​ដង​ទន្លេ​មេគង្គ ក្បែរ​ទីក្រុង​ភ្នំពេញ​។
បុរស​ម្នាក់​កំពុង​បង់​សំណាញ់​នេសាទ​ត្រី​លើ​ដង​ទន្លេ​មេគង្គ ក្បែរ​ទីក្រុង​ភ្នំពេញ​។ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

ចេញដំណើរ​​ពី​ខ្ពង់​រាប​ទីបេ​ក្នុង​កម្ពស់​៤​៥០០​​ម៉ែត្រ មេគង្គ​​ហូរ​កាត់​ប្រទេស​ចិន​ មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និង​វៀតណាម មុន​នឹង​រំលាយ​ខ្លួន​ចូល​ទៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​។ ប្រជាជន​មិន​តិច​ជាង៦០​​លាន​នាក់​ទេ ដែល​កំពុង​រស់​នៅ​អាស្រ័យ​ផល​ពី​ទន្លេ​​​ដ៏សំខាន់​នេះ។ សម្រាប់​ប្រជាជន​ទាំង​ជាង៦០​លាន​នាក់​​នោះ មេគង្គ ​គឺ​ជា​ប្រភព​ទឹក​ប្រើ​ប្រាស់​សម្រាប់​ទទួល​ទាន សម្រាប់​ងូត​ជម្រះ​កាយ សម្រាប់​ដាំ​ដុះ​ដំណាំ សម្រាប់​ចិញ្ចឹម​សត្វ​ និង​សម្រាប់​ធ្វើ​ដំណើរ​ទៅ​មក​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ទន្លេ​មេគង្គ​ប្រវែង​ជាង​៤​ពាន់​គីឡូម៉ែត្រ​នេះ ក៏​បាន​ផ្ដល់​ឲ្យ​ប្រជាជន​នូវ​អត្ថប្រយោជន៍​ផ្សេង​ទៀត តាម​រយៈលំហូរ​ទឹក ព្រម​ទាំង​​ធនធាន​ធម្មជាតិ​ដ៏​សម្បូរ​បែបដទៃ​ទៀត​ផង​ដែរ​។

គឺ​ដោយ​សារ​តែ​មើល​ឃើញ​អំពី​សារៈ​សំខាន់​ទាំង​អស់​នេះ​ហើយ ទើប​ប្រទេស​តាម​បណ្ដាយ​ដង​ទន្លេ​មេគង្គ​ទាំង​អស់​ព្រមព្រៀង​គ្នា​បង្កើត​ឲ្យ​មាន​យន្តការ​ផ្សេង​ៗ ក្នុង​គោលដៅ​ការពារ​និង​បែង​ចែក​ភោគផល​ពី​ទន្លេ​មេគង្គ​ប្រកប​ដោយ​តម្លា​ភាព ជាក់​ស្ដែង​មាន​ជា​អាទិ៍ គណៈកម្មការ​ទន្លេ​មេគង្គ បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៥ និង​កិច្ច​សហប្រតិបត្តិការ​មេគង្គ-ឡានឆាង ដែល​ត្រូវ​បាន​ផ្ដួច​ផ្ដើម​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៤​ជា​ដើម​។

ខុស​ពី​គណៈកម្មការ​ទន្លេ​មេគង្គ​ដែល​មាន​សមាជិក​តែ​៤​ប្រទេស​គឺ ឡាវ ថៃ កម្ពុជា និង​វៀតណាម, កិច្ច​សហប្រតិបត្តិការ​មេគង្គ-ឡានឆាង មាន​សមាជិក​សរុប​ចំនួន​៦​ប្រទេស រួម​មាន ចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និង​វៀតណាម​។ យ៉ាង​ណា​ក៏​ដោយ កិច្ច​សហប្រតិបត្តិការ​មេគង្គ-ឡានឆាង​​នេះ ត្រូវ​បាន​អ្នក​ជំនាញ​មួយ​ចំនួន​មើល​ឃើញ​ថា ជា​យន្តការមួយ​ដែល​ចិន​បង្កើត​ឡើង​ដើម្បី​តែ​សម្រេច​មហិច្ឆតា​របស់​ខ្លួន​ក្នុង​ការ​​គ្រប់​គ្រង​ទន្លេ​មេគង្គ​និង​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់​​តែ​ប៉ុណ្ណោះ​។

នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​លើក​ទី​១​នៅ​ឆ្នាំ​២០១៦ ក្រោម​មូលនិធិ​កិច្ច​សហប្រតិបត្តិការ​មេគង្គ-ឡានឆាង ប្រទេស​ចិន​បាន​សន្យា​​ផ្ដល់​ជំនួយ​​ហិរញ្ញវត្ថុ​ចំនួន​៣០០​លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​គម្រោង​ខ្នាត​តូច​និង​មធ្យម​នានា​នៅ​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ទាំង​៦ សម្រាប់​រយៈ​ពេល​៥​ឆ្នាំ​ ចាប់​ពី​ឆ្នាំ​២០១៨​ដល់​ឆ្នាំ​២០២២។ ចំពោះ​កម្ពុជា ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ជាប់​គ្នា មូលនិធិ​មេគង្គ-ឡានឆាង បាន​ផ្ដល់​ជំនួយ​លើ​គម្រោង​ចំនួន​៥៥​គម្រោង ដែល​គិត​ជា​ទឹក​ប្រាក់​ជាង​២០​លាន​ដុល្លារ​។ ជា​ថ្នូរ​នឹង​កញ្ចប់​លុយ​​​​ដែល​​​ទម្លាក់​ឲ្យកម្ពុជា​និង​​បណ្ដា​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ​នេះ ​ចិន​បាន​បន្ត​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​មួយ​ហើយ​មួយ​ទៀត​នៅ​ផ្នែក​ខាង​លើ​នៃ​​ដង​ទន្លេ​មេគង្គ ដែល​ចិន​ខ្លួន​ឯង​ហៅ​ថា ឡានឆាង​។ គិត​រហូត​មក​ទល់​ពេល​នេះ ចិន​បាន​សាងសង់​​​​ទំនប់​វារី​អគ្គិសនី​ចំនួន​១១​លើ​ដង​ទន្លេ​មេគង្គ និង​កំពុង​តែ​រៀប​ចំ​សាងសង់​ទំនប់​វារី​អគ្គិសនី​ចំនួន​៨​បន្ថែម​ទៀត​។

របាយការណ៍​របស់​មជ្ឈមណ្ឌល Stimson ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ រក​ឃើញ​ថា ទំនប់​វារី​អគ្គិសនី​របស់​ចិន​នៅ​ផ្នែក​ខាង​លើ​នៃ​ដង​ទន្លេ​មេគង្គ បាន​ធ្វើ​ឲ្យ​ប្រែ​ប្រួល​យ៉ាង​ឆាប់​រហ័ស​នូវ​លំហូរ​ទឹក ក៏​ដូច​ជា​កម្ពស់​ទឹក​ទន្លេ​។ ការ​ប្រែ​ប្រួល​នេះ​បាន​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​ប្រព័ន្ធ​ជីវៈ​ចម្រុះ​ក្នុង​ទន្លេ ប៉ះពាល់​ដល់​ជំរក​ត្រី និង​ធ្វើ​ឲ្យ​ប្រភេទ​ត្រី​ខ្លះ​ត្រូវ​រង​គ្រោះ​ស្ទើរ​តែ​​ផុត​ពូជ​។ ជា​លទ្ធផល ប្រជាជន​ជាង​៦០​លាន​នាក់​ដែល​រស់​នៅ​តាម​ដង​ទន្លេ​នេះ​កំពុង​ក្លាយ​ទៅ​ជា​ជន​រង​គ្រោះ​ដោយ​សារ​តែ​សកម្មភាព​ដ៏​គគ្លើន​របស់​ចិន​។

បន្ថែម​ពី​ការ​គ្រប់​គ្រង​ទន្លេ យន្តការ​មេគង្គ-ឡានឆាង ក៏​ត្រូវ​បាន​ចិន​ប្រើ​ប្រាស់​ដើម្បី​ពង្រឹង​និង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ផង​ដែរ​។ ​មេគង្គ​និង​ប្រទេស​នៅ​តាម​ដង​ទន្លេ​នេះ ប្រៀប​បាន​ទៅ​នឹង​ផ្កា​ក្រពុំ ដែល​មាន​កន្លង់​ជា​មហា​អំណាច​ធំ​ៗ​តាម​ក្រេប​លម្អង​។ អាមេរិក ឥណ្ឌា ជប៉ុន និង​កូរ៉េ​ខាង​ត្បូង សុទ្ធ​តែ​បាន​ចង​សម្ព័ន្ធ​ភាព​​ជាមួយ​ប្រទេស​នៅ​ក្នុង​តំបន់​មេគង្គ​​ជា​យូរ​ឆ្នាំ​មក​ហើយ ដោយ​មាន​ភ្ជាប់​មក​ជាមួយ​នូវ​ជំនួយ​ហិរញ្ញវត្ថុ​រាប់​សិប​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​សម្រាប់​ប្រទេស​នៅ​​ក្នុង​តំបន់​មេគង្គ​នេះ​។ នៅ​ចំពោះ​មុខ​សេណារីយ៉ូ​ដូច្នេះ វត្តមាន​​យន្តការ​មេគង្គ-ឡានឆាង​ ដែល​បោះ​មេ​ដោយ​ប្រទេស​ចិន ទំនង​ជាចង​ភ្ជាប់​ដោយ​របៀប​វារៈ​ប្រជែង​​​អំណាច​ចៀស​មិន​រួច​។

តើ​នា​ពេល​អនាគត មេគង្គ​នឹង​បន្ត​ស្ថិត​ជា​ទន្លេ​រួម​នៃ​បណ្ដា​ប្រទេស​ទាំង​៦​ទៀត​ឬ​យ៉ាង​ណា? ឬ​ថា ទន្លេ​ដ៏​សំខាន់​នេះ​នឹង​ក្លាយ​ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ​របស់​ប្រទេស​ណា​មួយ? គឺ​មាន​តែ​ប្រទេស​ទាំង​៦​នៅ​តាម​បណ្ដោយ​ដង​ទន្លេ​មេគង្គ​ទេ ទើប​អាច​ឆ្លើយ​នឹង​សំណួរ​នេះ​បាន​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ