អានតួអត្ថបទ
កម្ពុជា សេដ្ឋកិច្ច

ការនាំចេញអង្ករ១លានតោន៖ សហព័ន្ធស្រូវអង្ករចាប់ផ្តើមចុះកុងត្រាទិញស្រូវពីកសិកររាប់សិបតោន

តាមរយៈ​សមាជិក​របស់ខ្លួន ​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា​បានចុះកុងត្រា​ទិញស្រូវ​ពី​សហគមន៍​កសិករ​បានប្រមាណជាង​១០០​សហគមន៍​ហើយ ​ក្នុងគោលដៅ​សម្រេចឲ្យបាន​ការនាំចេញ​អង្ករ​១​លានតោន​។ ​នេះបើតាមការ​បញ្ជាក់​​របស់​​សហព័ន្ធស្រូវ​អង្ករ​កម្ពុជា​។ ​ការនាំចេញ​អង្ករ​១​លានតោន​ ដែលគ្រោង​​នឹង​សម្រេច​ឲ្យបាននា​ឆ្នាំ​២០២១​ខាងមុខ​ ខណៈការ​នាំចេញ​អង្ករកម្ពុជា​ទៅកាន់ទីផ្សារ​អន្តរជាតិ​កំពុង​មានកំណើន​ នារយៈពេល​ចុងក្រោយនេះ​។

សហព័ន្ធស្រូវអង្ករកម្ពុជាបានចុះកុងត្រាទិញស្រូវពីសហគមន៍កសិករបានប្រមាណជាង១០០សហគមន៍ហើយ ក្នុងគោលដៅសម្រេចឲ្យបានការនាំចេញអង្ករ១លានតោន។
សហព័ន្ធស្រូវអង្ករកម្ពុជាបានចុះកុងត្រាទិញស្រូវពីសហគមន៍កសិករបានប្រមាណជាង១០០សហគមន៍ហើយ ក្នុងគោលដៅសម្រេចឲ្យបានការនាំចេញអង្ករ១លានតោន។ © សហការី
ផ្សាយពាណិជ្ជកម្ម

លោក លន់ យ៉េង ​អគ្គលេខាធិការ​សហព័ន្ធស្រូវ​អង្ករកម្ពុជា​ បានអះអាង​ប្រាបវិទ្យុបារាំង​អន្តរជាតិ​នៅថ្ងៃទី​១៥ ​ខែសីហានេះ​ ថា ​ការចុះកិច្ច​សន្យាផលិតកម្ម​កសិកម្ម ​ក្នុងការ​ផលិត ​និង​ផ្គត់ផ្គង់​ស្រូវ​និរន្តរភាព​ គឺ​ជាផ្នែក​មួយនៃ​ផែនការ​សកម្មភាព​របស់​សហព័ន្ធ ​ក្នុងការ​ជំរុញការនាំ​ចេញឲ្យ​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ។ ​លោក​បន្ថែម​ថា​ កាលពីពេលកន្លង​ទៅគឺ​ប្រជាពលរដ្ឋដាំស្រូវ​បានទើប​មានការចុះ​ទៅទិញ​ស្រូវ ប៉ុន្តែ​នៅពេលនេះ​គឺកសិករ​មានទីផ្សារ​មុនការ​ផលិតស្រូវ​។

កាលពីថ្ងៃទី​១០ ​ខែកក្កដា ​ឆ្នាំ២០២០ ​កន្លងទៅ ​ក្នុងខេត្តបាត់ដំបង ​ក៏មានការ​ចុះកុងត្រា​រវាងសហគមន៍ចំនួន៨ លើបរិមាណផ្គត់ផ្គង់ និងទទួលទិញស្រូវចំនួន ១៨ ០០០តោន។ ចំណែកកាលពីថ្ងៃទី១៣ ខែសីហា ក្រុមហ៊ុន អេមរុរ៉ាយយ៍ ដែលជាសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានចុះកិច្ចសន្យាជាមួយសហគមន៍២២ ក្នុងខេត្តកំពង់ចាម កំពង់ធំ និងសៀមរាប លើបរិមាណផ្គត់ផ្គង់ប្រមាណជាង៥ ៥០០តោន។ នៅចុងខែសីហា ខាងមុខនេះ ក៏នឹងមានការចុះកិច្ចសន្យាសម្រាប់សហគមន៍ចំនួន៥០ទៀត លើបរិមាណ​ស្រូវនិរន្តរភាព ប្រមាណជាង ១០ ០០០តោន ជាមួយសហគមន៍កសិកម្មមកពីខេត្តព្រះវិហារ កំពត កំពង់ឆ្នាំ តាកែវ និងមណ្ឌលគិរី។ នេះបើតាមសេចក្តីប្រកាសរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។

លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ធ្លាប់បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិថា កម្ពុជា ​ដែល​ពេលនេះ​មាន​ទីផ្សារ​ដោយ​ខ្លួន​ឯង ​នឹង​សម្រេច​បាន​យ៉ាង​ជាក់លាក់​នាំចេញ​អង្ករ​ទៅ​ក្រៅ​ប្រទេស​ចំនួន ​១​លាន​តោន​ នៅ​ឆ្នាំ​២០២១​។

ឆ្លើយនឹងសំនួរថាកម្ពុជានៅមានការប្រឈមអ្វីទៀត ចំពោះការនាំចេញអង្ករឲ្យមាន១លានតោននោះ, លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានកត់សម្គាល់ថាបញ្ហាធំជាងគេគឺការប្រែប្រួលអាកាសធាតុ​ ដែលធ្វើឲ្យប៉ះពាល់ដល់ការផលិតស្រូវ ជាក់ស្តែងនៅក្នុងខែសីហានេះមិនមានបរិមាណស្រូវគ្រប់គ្រាន់ ហើយក្រៅពីនេះគឺបញ្ហាទីផ្សារ។

សូមជម្រាបជូនថា ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២០នេះ មានចំនួន ៤២៦ ០៧៣តោន ដែលគិតជាកំណើន មានប្រមាណជា ៣៨.៣៣%ធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩។ សម្រាប់រយៈពេល៧ខែនៃឆ្នាំ២០២០ នេះដែរ ចំណូលដុលពីការនាំចេញអង្ករបានចំនួន ២៨៥.៨០លានដុល្លាសហរដ្ឋអាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ