អានតួអត្ថបទ
កម្ពុជា សង្គម

OHCHR៖ សមត្ថកិច្ចកម្ពុជា បានប្រើកម្លាំងហួសប្រមាណ លើការជួបជុំដោយសន្តិវិធី

ការិយាល័យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ​(OHCHR)​ នៅ​ថ្ងៃ​ទី​១៤​សីហា​ម្សិលមិញ ​បានអំពាវនាវ​អោយ​អាជ្ញាធរពាក់ព័ន្ធ​របស់កម្ពុជា​គោរពសិទ្ធិ​របស់អ្នកតវ៉ា​ក្នុងការ​ជួបប្រជុំ ​និង​សូមឲ្យ​ការពារ​អ្នកដែល​ប្រើសិទ្ធិជួប​ប្រជុំនេះ​ថែមទៀត​។ ​ការអំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់ពី​ការិយាល័យនេះ​សង្កេត​ឃើញ​ថា ​សមត្ថកិច្ច​កម្ពុជា ​បាន​ប្រើ​កម្លាំង​ហួសប្រមាណ​លើការជួបជុំ​ដោយសន្តិវិធី​ក្នុងការទាមទា​រអោយ​ដោះលែង​លោក រ៉ុង ឈុន ​នារយៈពេល​ចុងក្រោយ​នេះ។

អាជ្ញាធរខណ្ឌ៧មករា កាលពីថ្ងៃទី ១៣ សីហា បានប្រើប្រាស់អំពើហិង្សាលើអ្នកតវ៉ាដែលជាយុវជន និងស្ត្រី ដើម្បីទាមទារឲ្យមានការដោះលែងលោក រ៉ុង ឈុន។
អាជ្ញាធរខណ្ឌ៧មករា កាលពីថ្ងៃទី ១៣ សីហា បានប្រើប្រាស់អំពើហិង្សាលើអ្នកតវ៉ាដែលជាយុវជន និងស្ត្រី ដើម្បីទាមទារឲ្យមានការដោះលែងលោក រ៉ុង ឈុន។ © OHCHR
ផ្សាយពាណិជ្ជកម្ម

ការិយាល័យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុកសិទ្ធិ​មនុស្ស ​(OHCHR)​ ប្រចាំនៅកម្ពុជា ​បានលើកឡើង​ថា ​មួយរយៈពេល​ចុងក្រោយ​នេះ ​ខ្លួនបានតាមដាន​និង​ឃ្លាំមើល​ការជួបប្រជុំ​ដោយ​សន្តិវិធី ​ដែលរៀបចំឡើង​ដោយ​បុគ្គល​ផ្សេងៗ​។ ប៉ុន្តែ​ទោះបីជា​ការជួប​ប្រជុំ​ទាំងនោះ ​មានលក្ខណៈសន្តិវិធីក្តី ​ក៏ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុកសិទ្ធិ​មនុស្ស ​(OHCHR) ​បានសង្កេតឃើញ​នូវការចាប់ខ្លួន​និង​ឧប្បត្តិហេតុ​មួយចំនួន​នៃការប្រើប្រាស់​កម្លាំងហួស​ប្រមាណ ដើម្បី​ទប់ទល់​នឹង​ក្រុមបាតុករ​ ដែលភាគច្រើន​គឺជាស្ត្រី​និង​យុវជន​កម្ពុជា​។

ការលើកឡើង​របស់ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុកសិទ្ធិ​មនុស្ស​(OHCHR) នេះ ​ធ្វើ​ឡើង​បន្ទាប់ពី​អាជ្ញាធរ​ខណ្ឌ​៧មករា​ កាលពីថ្ងៃទី ​១៣ ​សីហា ​បាន​ប្រើប្រាស់​អំពើ​ហិង្សាលើ​អ្នកតវ៉ា​ដែលជា​យុវជន ​និង​ស្ត្រី ​ដើម្បី​ទាមទារឲ្យមាន​ការ​ដោះលែង​លោក រ៉ុង ឈុន​។ ​ការបង្ក្រាប​កាលនោះ ​ជាលទ្ធផល​ យុវតី២​នាក់​បានរងរបួសធ្ងន់​ ដោយ​ម្នាក់បាក់​ដៃ និង​ម្នាក់ទៀត​ហើមភ្នែក​។ ​រីឯយុវជន​៦​នាក់​ត្រូវបាន​ឃាត់ខ្លួន ​ប៉ុន្តែ៤​នាក់​ត្រូវបានដោះលែង​មកវិញ​ ខណៈពីរ​នាក់ទៀត​ គឺកញ្ញា ​ឈឿន ដារ៉ាវី​ និង​ លោក ហ៊ុន វណ្ណៈ ​ត្រូវបាន​កសាងសំណុំរឿងបញ្ជូន​ទៅកាន់តុលាការ​ក្រោមការ​ចោទប្រកាន់​ពីបទ​ «ញុះញង់​អោយមាន​ភាពវឹកវរ​ដល់សន្តិសុខ​សង្គម»។

​ចំណាត់ការ​លើ​ក្រុម​អ្នក​តវ៉ា​យ៉ាង​ដូច្នេះ ត្រូវ​បាន​ការិយាល័យ​ឧត្តមស្នងការអង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស (OHCHR) ​ប្រចាំនៅកម្ពុជា ចាត់​ទុក​ថា​ជា​ការ​ប្រើ​កម្លាំង​ហួស​ប្រមាណ​របស់​អាជ្ញាធរ។ ​OHCHR បានអំពាវនាវឲ្យ​អាជ្ញាធរពាក់ព័ន្ធរបស់​កម្ពុជា​ គោរពសិទ្ធិរបស់​អ្នកតវ៉ាក្នុងការ​ជួបប្រជុំ ​និង​សូមឲ្យការពារ​អ្នកដែលប្រើសិទ្ធិជួបប្រជុំនេះ​ផង​។​ នេះបើតាមការសរសេររបស់​ការិយាល័យឧត្តមស្នងការអង្គការ​សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំនៅកម្ពុជាតាម​រយៈ​ទំព័រហ្វេសប៊ុក​ផ្លូវការរបស់​ខ្លួន ​នៅ​ថ្ងៃទី ១៤ សីហា។

លោក អំ សំអាត​ នាយករង​ផ្នែកឃ្លាំមើល​សិទ្ធិមនុស្ស​នៃអង្គការ​លីកាដូ បានគាំទ្រចំពោះការ​លើកឡើងរបស់​ការិយាល័យឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុកសិទ្ធិ​មនុស្ស (OHCHR)​ នេះ។ ​លោក អំ សំអាត ​ការិយាល័យនេះ​ គឺតែងតែបានបញ្ជូន​តំណាងរបស់ខ្លួន​ ដើម្បីឃ្លាំមើល​រាល់ការជួបប្រជុំ​តវ៉ា​របស់ប្រជាពលរដ្ឋកម្ពុជា ​ដែលបានប្រើប្រាស់​សិទ្ធិជាមូលដ្ឋាន​របស់ខ្លួន ​និង​ដែលបានធានាដោយរដ្ឋធម្មនុញ្ញ​ដែលជាច្បាប់កំពូល​របស់​កម្ពុជា​។ ​បើតាមលោក អំ សំអាត ​អាជ្ញាធរត្រូវ​ប្រើវិធីសាស្ត្រចរចា​ឲ្យអស់លទ្ធភាព​ជាមុនសិន ​មុននឹងធ្វើសកម្មភាព​រុញច្រាន ​ឬ ​បង្ក្រាបទៅលើ​អ្នកតវ៉ា​អហិង្សា​នានា។

ប៉ុន្តែទោះជា​យ៉ាងនេះ​ក្តី ​លោក ជិន ម៉ាលីន ​អនុប្រធានគណៈកម្មការ​សិទ្ធិមនុស្ស​រដ្ឋាភិបាល​កម្ពុជា ​បានការពារ​ចំណាត់​ការរបស់​អាជ្ញាធរ​ថា​ គឺមិនបាន​បង្ក្រាបទៅលើ​បាតុកម្មអហិង្សា ​ឬ ​ការប្រមូលផ្តុំបែប​អហិង្សា​នោះទេ។ ​ប៉ុន្តែអ្វីដែល​សមត្ថកិច្ច​បានធ្វើ​ គឺជាការ​អនុវត្តច្បាប់​ ក្នុងការការពារ​និងថែរក្សា​សណ្តាប់ធ្នាប់​សាធារណៈ​ទប់ទល់ទៅ​នឹងការតវ៉ា ​និងការជួបជុំ​ដែល​ខុសច្បាប់​ ដែលមិន​បាន​អនុវត្តន៍​ទៅតាម​បញ្ញត្តិច្បាប់​ ស្តីពី ​ការធ្វើបាតុកម្ម​ដោយសន្តិវិធី​តែប៉ុណ្ណោះ​។ ​លោក ជិន ម៉ាលីន ​ដែលមានតួនាទី​ជា​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ផងនោះ ​បានចាត់​ទុកការលើក​ឡើង​របស់ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុកសិទ្ធិមនុស្ស ​(OHCHR) ​និងភាគីពាក់ព័ន្ធ​ គឺមិនបានវាយ​តម្លៃ​អោយគ្រប់​ទិដ្ឋភាពច្បាប់​របស់កម្ពុជា​នោះទេ។ ​លោកបានស្នើសុំ​អោយភាគី​ពាក់ព័ន្ធ ​គួរសិក្សា​និង​ពិនិត្យមើល​អោយបាន​ស៊ីជម្រៅជាងនេះ ​ជាជាងការ​វាយ​តម្លៃ​ដោយគ្រាន់តែ​មើលរូបភាព​ពីខាងក្រៅ។​ នេះបើតាម​លោក ​ជិន ម៉ាលីន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ