អានតួអត្ថបទ
សេដ្ឋកិច្ច-កូរ៉ូណាវីរុស

អាជ្ញាធរខេត្តកំពង់ចាមបន្តរកអ្នកប្រាស្រ័យទាក់ទងផ្ទាល់ជាមួយស្ត្រីជនជាតិខ្មែរ-អាមេរិក

នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​កក្កដា​នេះ អាជ្ញាធរ​ខេត្ត​កំពង់​ចាម​កំពុង​បន្ត​ស្វែង​រក​អ្នក ដែល​បាន​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​ជា​មួយ​ស្ត្រី​ជនជាតិ​ខ្មែរ-អាមេរិក ដើម្បី​ពិនិត្យ​សុខភាព បើទោះបីជា​ស្ត្រីរូប​នេះ​មាន​សុខភាព​ល្អក្តី​។ នេះ​បើ​តាម​អភិបាល​ខេត្ត​កំពង់ចាម​លោក អ៊ុន ចាន់ដា បន្ទាប់ពី​សមត្ថកិច្ច​ខេត្ត​បាន​រក​ឃើញ​ស្ត្រី​ជនជាតិ​ខ្មែរ-អាមេរិក​រូប​នេះ នៅ​ខេត្ត​កំពង់ចាម កាលពី​ថ្ងៃម្សិលមិញ​។

ស្ត្រីជនជាតិខ្មែរ-អាមេរិក ដែលរត់ចេញពីកន្លែងចត្តាឡីស័ក
ស្ត្រីជនជាតិខ្មែរ-អាមេរិក ដែលរត់ចេញពីកន្លែងចត្តាឡីស័ក © BTV Cambodia
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នៅ​ថ្ងៃទី១៩ ខែ​កក្កដា​នេះ លោក​ អ៊ុន ចាន់ដា អភិបាល​ខេត្ត​កំពង់ចាម បាន​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ខេត្ត​បាន​រក​ឃើញ​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់ ដែល​ឌុប​ស្ត្រី​ជនជាតិ​ខ្មែរ-អាមេរិក​រូប​នេះ ហើយ​កំពុង​បន្ត​ស្វែងរក​អ្នក​ផ្សេង​ទៀត ដោយ​សារស្ត្រី​ខាង​លើ​នេះ​បាន​ធ្វើ​ដំណើរ​តាម​រយៈ​រថយន្ត​ឈ្នួល និង​ចូល​ទៅ​កន្លែង​ធ្វើ​សក់​មួយ​។ លោក​ អ៊ុន ចាន់ដា បញ្ជាក់​ថា មនុស្ស​ប្រហែល​១០នាក់ ដែល​ប្រាស្រ័យ​ទាក់ទង​ជា​មួយ​ស្ត្រី​ជនជាតិ​ខ្មែរ-អាមេរិក។

ស្ត្រីជន​ជាតិខ្មែរ-អាមេរិក បាន​រត់​ចេញ​ពី​កន្លែង​ធ្វើ​ចត្តាឡីស័ក​ក្នុង​សណ្ឋាគារ​មួយ​នៅ​រាជធានី​ភ្នំពេញ កាល​ពីយប់ថ្ងៃ​ទី១៧ ខែ​កក្កដា បន្ទាប់​ពី​គាត់​បាន​ធ្វើ​ដំណើរ​ពី​សហរដ្ឋអាមេរិក មក​ដល់​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃទី១៥ ខែ​កក្កដា។ គាត់​គឺ​ជា​អ្នក​ដំណើរ​ក្នុង​ជើង​ហោះហើរ KE689 ​ជា​មួយ​ជនជាតិ​អាមេរិកកាំង​ពីរ​នាក់ ដែលត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូវីដ១៩ កាល​ពីថ្ងៃទី១៦ ខែ​កក្កដា​កន្លង​ទៅ​។

បន្ទាប់​ពី​បាន​រត់​គេច​ខ្លួន​ពី​រាជធានី​ភ្នំពេញ ស្ត្រី​ជនជាតិខ្មែរ-អាមេរិក រូបនេះ​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្តកំពង់ចាម ហើយ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​រក​ឃើញ​នៅ​ក្នុង​ផ្ទះសំណាក់​មួយ​ក្នុង​កុ្រង​កំពង់ចាម កាលពី​ថ្ងៃទី១៨ ខែ​កក្កដា​។ បើតាម​លោក​អភិបាល​ខេត្ត បច្ចុប្បន្ន​ស្ត្រីខាង​លើ​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ នៅ​ក្នុង​សណ្ឋាគារមេគង្គ ដែល​ជា​មណ្ឌលចត្តាឡីស័ក​កម្រិត​២​របស់​ខេត្ត។ ក្រោយ​ពី​បាន​រក​ឃើញ​ស្ត្រីខាង​លើ​នេះ អ្នក​ជំនាញ​សុខាភិបាល​ខេត្ត​ក៏​បាន​ពិនិត្យ សុខភាព និង​យក​សំណាក​របស់​គាត់ ដើម្បី​វិភាគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័ររាជធានីភ្នំពេញ។

ជុំវិញ​មូល​ហេតុ ដែល​ស្ត្រីខាង​លើ​នេះ រត់​ទៅ​ខេត្ត​កំពង់ចាម, លោក អ៊ុន ចាន់ដា អភិបាល​ខេត្ត​បាន​អះអាងថា សមត្ថកិច្ច​កំពុង​ធ្វើ​ការ​សាកសួរ​គាត់ ហើយ​បើ​តាម​អ្វី​ដែល​លោក​បាន​ដឹង គាត់​មិន​មាន​ផ្ទះ​នៅ​ក្នុង​ខេត្ត​នេះទេ បើទោះបីជា​គាត់​មាន​ស្រុក​កំណើត​នៅ​ក្នុង​ខេត្ត​នេះ​ក៏ពិតមែន។ ការ​រត់​ចេញ​ពី​មណ្ឌលចត្តាឡីស័ក​នៅរាជធានី​ភ្នំពេញ ដោយសារ​គាត់​យល់​ថា គាត់​មិន​មាន​បញ្ហាសុខភាព​អ្វី​ ដែលចាំបាច់​ត្រូវ​ធ្វើ​ចត្តាឡីស័ក​នោះ​ទេ​។

លោក អ៊ុន ចាន់ដា ក៏បាន​បញ្ជាក់​ថា ករណី​ស្ត្រី​ជន​ជាតិខ្មែរ-អាមេរិក គឺមិនមែន​ជា​អ្នក​ជំងឺ​កូវីដ​១៩​នោះ​ទេ ពោល​គឺ​គាត់​គ្រាន់​តែ​ជា​អ្នក​រួម​ដំណើរ​ជាមួយ​អ្នក​ជំងឺកូវីដ១៩​ប៉ុណ្ណោះ ដូច្នេះ​តម្រូវ​ឲ្យ​គាត់​ធ្វើ​ចត្តាឡីស័ក​រយៈពេល​១៤ថ្ងៃ​ ដើម្បី​តាម​ដាន​សុខភាព​របស់​គាត់។ លោក​អភិបាល​ខេត្ត​រូប​នេះ អំពាវនាវ​កុំ​ឲ្យ​សាធារណជនមាន​ការ​ព្រួយ​បារម្ភ ព្រោះ​ស្ត្រី​ជន​ជាតិខ្មែរ-អាមេរិក​រូប​នេះ មិន​មាន​អាការ​ណាមួយ​ទាក់ទង​នឹង​ជំងឺ​កូវីដ​១៩ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ