អានតួអត្ថបទ
កម្ពុជា-អប់រំ

អង្គការភ្លែនអន្តរជាតិ ព្រួយបារម្ភពីការបោះបង់ចោលការសិក្សារបស់សិស្សស្រី ក្នុងអំឡុងពេលនៃកូវីដ១៩

អង្គការភ្លែន​អន្តរជាតិ​ប្រចាំនៅ​កម្ពុជា ​បានលើកឡើង​ពីការព្រួយបារម្ភរបស់ខ្លួន​ថា ​សិស្ស​ស្រីមួយចំនួន​ប្រឈមនឹងការ​បោះបង់​ចោលការ​សិក្សា ​ក្នុងអំឡុងពេល​នៃ​វិបត្តិ​នៃ​ជំងឺកូវីដ​១៩​។ ​មន្ត្រីអង្គការ​អន្តរជាតិ​មួយនេះ​ បានអំពាវនាវ​ឲ្យ​រដ្ឋាភិបាលកម្ពុជា​និង​អង្គការសង្គមស៊ីវិល ​ធ្វើយុទ្ធនាការរួមគ្នា​មួយ​ ដើម្បី​អោយ​ក្មេងស្រីទាំងនោះ​វិលមករៀន​ឡើងវិញ​។

សិស្សានុសិស្សកំពុងទទួលយកការអប់រំ (រូបភាពឯកសារ)
សិស្សានុសិស្សកំពុងទទួលយកការអប់រំ (រូបភាពឯកសារ) © សហការី
ផ្សាយពាណិជ្ជកម្ម

ផ្អែកតាមកម្មវិធីពិភាក្សាជាមួយក្រុមក្មេងស្រីនៅតាមតំបន់ការងាររបស់អង្គការ​ភ្លែនអន្តរជាតិ អង្គការនេះបានរកឃើញថា ក្មេងស្រីមួយចំនួនពិសេស​នៅ​តាមតំបន់ដាច់ស្រយាលនៃខេត្តរតនគីរី ស្ទឹងត្រែង និងខេត្តសៀមរាប បាន​ប្រឈមនឹងការបោះបង់ចោលការសិក្សា នៅក្នុងអំឡុងពេលនៃវិបត្តិជំងឺ​កូវីដ​១៩​នេះ។

លោក យី គឹមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានថ្លែងថា សិស្សស្រីមួយចំនួនបាន​ប្រឈម​នឹង​ការ​បោះ​​បង់​ចោលការសិក្សា និងបានធ្វើចំណាកស្រុកដើម្បីស្វែងរកការងារធ្វើ នៅ​​ក្នុង​​អំឡុងពេលដែលមានវិបត្តិនៃជំងឺកូវីដ១៩នេះ។ អង្គការភ្លែនអន្តរជាតិនៅ​​មិន​ទាន់កំណត់តួលេខជាក់លាក់នៅឡើយទេ ប៉ុន្តែបើផ្អែកតាមកិច្ចពិភាក្សា​​ជាមួយក្រុមក្មេងស្រីៗនៅតាមតំបន់គោលដៅរបស់ខ្លួន ពួកគេមានការ​​ព្រួយបារម្ភថា ក្រោមកត្តាជីវភាព បានធ្វើឲ្យសិស្សស្រីមួយចំនួនបោះ​បង់​ចោល​ការសិក្សា និងធ្វើចំណាកស្រុកទៅស្វែងរកការងារធ្វើនៅកន្លែងផ្សេងទៅ​វិញ។ មូលហេតុ គឺបណ្តាលមកពីបញ្ហាជីវភាព ការប្រឈមនឹងកង្វះខាតការសិក្សាតាម Online ឬការសិក្សាពីចំងាយ និងការបង្ខំអោយរៀបការប្តីទាំងនៅវ័យក្មេងជាដើម។ បើតាមនាយករងប្រចាំប្រទេសទទួលបន្ទុកកម្មវិធីនៃ​អង្គការភ្លែនអន្តរជាតិកម្ពុជា លោក យី គឹមថាន បានអំពាវនាវអោយរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិល ធ្វើយុទ្ធនាការរួមគ្នាមួយ ដើម្បីអោយ​​ក្មេងស្រីទាំងនោះវិលត្រលប់មករៀនឡើងវិញ។

គួរជំរាបជូនថា រហូតមកទល់ពេលនេះ គ្មានការបញ្ជាក់ជាផ្លូវការណាមួយបង្ហាញថា អត្រាបោះបង់ការសិក្សានៅកម្ពុជាអំឡុងកូវីដ១៩មានកម្រិតខ្ពស់ប៉ុណ្ណានោះទេ តែបើតាមរបាយការណ៍របស់អង្គការ Save the Children ចេញផ្សាយ កាលពីថ្ងៃទី១៣កក្កដា បានគូសបញ្ជាក់ថា កុមារជិត១០លាននាក់ អាចត្រូវបង្ខំចិត្តបោះបង់ចោលការសិក្សាជារៀងរហូត ដោយ​សារ​វិបត្តិកូវីដ​១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ