អានតួអត្ថបទ
កម្ពុជា សង្គម

ក្រសួងផែនការរកឃើញពលរដ្ឋជាង៤ពាន់គ្រួសារបន្លំខ្លួនធ្វើជាក្រីក្រ ដើម្បីបានទទួលប្រាក់ឧបត្ថម្ភ

ក្រសួង​ផែនការ​បាន​រក​ឃើញ​ពលរដ្ឋ​ដែល​មាន​ជីវ​ភាព​ធូរធា​ជាង​៤ពាន់​គ្រួសារ​បន្លំ​ធ្វើ​ជា​ពលរដ្ឋ​ក្រីក្រ ​ដើម្បី​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ក្នុងអំឡុង​កូវីដ១៩​នេះ ខណៈ​ការ​បើ​ក​ប្រាក់​ឧបត្ថម្ភ​ក្នុង​ជុំ​ទី​១​បានប្រហែល​៩០%​នៃ​ពលរដ្ឋ​ក្រីក្រ​ជាង​៥៦​ម៉ឺន​គ្រួសារ​។ ​ប៉ុន្តែ​ក្នុង​ចំណោម​ពលរដ្ឋ​ជាង​៤​ពាន់​គ្រួសារ​ដែល​បន្លំ​ខ្លួន​នោះ​ គឺ​មាន​តែ​ប្រមាណ​១ពាន់​គ្រួសារ​ប៉ុណ្ណោះ​ដែល​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​រួច​ហើយ​ ពោល​ក្រៅ​ពីនោះ​ត្រូវ​បាន​ដក​ហូត​ប័ណ្ណ​ក្រីក្រ​មក​វិញ​ទាន់​ពេល។

រូបភាពនៃការចុះចែកប័ណ្ណក្រីក្រដល់ពលរដ្ឋ
រូបភាពនៃការចុះចែកប័ណ្ណក្រីក្រដល់ពលរដ្ឋ © RFI
ផ្សាយពាណិជ្ជកម្ម

លោក ថេង បញ្ញាធន ប្រតិភូរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយកផែនការបាន​ថ្លែងថា​ ការរកឃើញ​ភាព​មិន​ប្រក្រតីនេះ​ដោយសារតែមានប្រតិកម្មពីប្រជាពលរដ្ឋដូចគ្នានៅពេល​ពួកគេទៅបើក​ប្រាក់​ឧបត្ថម្ភ តួយ៉ាងនៅខេត្តកែបជាដើម។ ក្នុងចំណោមពលរដ្ឋមិន​មែន​ជាជនក្រី​ក្រទាំងជាង៤ពាន់គ្រួសារនោះគឺមាន​ជាង១ពាន់គ្រួសារ ​ដែលបានទទួល​ប្រាក់ឧបត្ថម្ភ ក្រៅពីនោះត្រូវបានអាជ្ញាធរដកហូតប័ណ្ណក្រីក្រមក​វិញ។ នេះបើតាម​ លោក ថេង បញ្ញាធន។

លោក ថេង បញ្ញាធន អះអាងថា ករណីនេះលោកពិបាកបន្ទោសទៅលើកំហុស​របស់​អាជ្ញាធរមូលដ្ឋាន​ក្នុង​ការ​ផ្តល់​ប័ណ្ណសមធម៌ឲ្យទៅជនក្រីក្រ ដោយសារអាជ្ញាធរខ្លះខ្វះការយល់ដឹង និងដោយសារតែ​ពលរដ្ឋទាំងនោះ​ជាអ្នកចេញមុខស្នើសុំដោយខ្លួនឯងផ្ទាល់។ ​​ប៉ុន្តែលោកថា​ ក្រោយពី មានសរាចរណែនាំពីក្រសួង​មហា​ផ្ទៃ​ ករណីនេះ​ត្រូវបាន​រឹត​បន្តឹងឡើងវិញ ហើយ​មន្ត្រី​ផែន​ការ​ត្រូវតែចុះ​ធ្វើ​ការងារ​ដោយ​ផ្ទាល់ ​លែង​ពឹងលើអាជ្ញាធរមូលដ្ឋានទាំងស្រុងទៀតហើយ។

នៅពេលសួរថា តើវាជាការប្រព្រឹត្តអំពើពុករលួយ​ក្នុង​ការ​ចេញ​ប័ណ្ណឲ្យជនក្រីក្រទេ? លោក ថេង បញ្ញាធន មិនអាចសន្និដ្ឋានបានទេ តែលោក​ទទួលស្គាល់ថា វាជាមនោសញ្ចេតនារវាងអាជ្ញាធរមូលដ្ឋាននិង​ប្រជាពលរដ្ឋ។

បើតាមមន្ត្រីដដែល ការរកឃើញភាពមិនប្រក្រតីនេះនៅមិនទាន់​មានការ​ដាក់ទណ្ឌកម្មយ៉ាងណានៅឡើយ​ទៅ​លើ​មន្ត្រីពាក់ព័ន្ធ ខណៈប្រមុខ​រដ្ឋាភិបាល​ កាលពីថ្ងៃទី៣០​មិថុនា បានព្រមានចាត់វិធានការក្ដៅទៅលើមេភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាត់ ប្រសិនបើរកឃើញថា មានករណីមិនប្រក្រតី ក្នុងការផ្ដល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រ។

សូមបញ្ជាក់ថា ជន​ក្រីក្រ​ដែល​រង​គ្រោះ​ដោយ​ជំងឺ​កូវីដ១៩ គឺ​ទទួល​បាន​ថវិកា​ឧបត្ថម្ភ ​ចន្លោះ​ពី​១ម៉ឺន​៦ពាន់​ដល់​១២​ម៉ឺន​រៀល​ក្នុង​ខែៗ​សម្រាប់​មនុស្ស​ម្នាក់។ ហើយរដ្ឋត្រូវចំណាយថវិកាជាតិប្រហែល២៥​លានដុល្លារ​ក្នុង​មួយខែសម្រាប់ជនក្រីក្រក្នុងជុំទី១ ជាង៥៦ម៉ឺនគ្រួសារ ឬជាង២លាននាក់។ ប៉ុន្តែនៅមានពលរដ្ឋជាង៥ម៉ឺនគ្រួសារទៀត​នឹងទទួលបានប្រាក់​ឧត្ថម្ភ​ពីរដ្ឋាភិបាល​ក្នុងជុំ​ទី២ ដែលធ្វើ​ឲ្យ​ចំនួន​ពលរដ្ឋ​ក្រី​ក្រ​ដែល​ត្រូវ​ទទួលបាន​ប្រាក់​ឧបត្ថម្ភ ​កើនឡើងដល់ជាង៦០ម៉ឺនគ្រួសារ​។ នេះបើតាមក្រសួងផែនការ។ ជាមួយគ្នានោះ ប្រទេសអាល្លឺម៉ង់​ក៏បាន​បន្ថែម​ថវិកាជាង១លានដុល្លារទៀត​សម្រាប់​ជួយកម្ពុជា​ក្នុងការ​ធ្វើ​ប័ណ្ណក្រីក្រនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ