អានតួអត្ថបទ
កម្ពុជា នយោបាយ

លោក កែវ រ៉េមី ថាកម្ពុជាគោរពសិទ្ធិមនុស្សនាំមុខគេ ខណៈអាមេរិក និងអឺរ៉ុប កំពុងផ្ទុះបាតុកម្មហិង្សា

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី អះអាងថា ប្រទេស​កម្ពុជា មាន​ការ​គោរពសិទ្ធិមនុស្ស​ឈាន​មុខ​គេ ខណៈ​សហរដ្ឋ​អាមេរិក​ដែល​ជា​ប្រទេស​បិតាប្រជាធិបតេយ្យ​កំពុង​តែ​ផ្ទុះ​បាតុកម្ម​ហើយឈាន​ទៅ​កុប្បកម្ម នាំ​ឲ្យ​មាន​ការ​បង្ក្រាប​ដោយ​ហិង្សា។​ ការ​បន្ត​ប្រៀបធៀប​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ទៅ​នឹង​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​សហរដ្ឋអាមេរិក​នេះ​គឺ​បន្ទាប់​ពី​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​មាន​ការ​ថ្កោល​ករណី​បង្រ្កាប​លើ​បាតុកម្ម​នៅ​អាមេរិក ​ឲ្យ​ដូច​អ្វី​ដែល​អង្គការ​សិទ្ធិ​មនុស្ស​បាន​ថ្កោល​ការ​បង្ក្រាប​បាតុកម្ម​នៅ​កម្ពុជា​កន្លង​មក​ដែរ​។

លោកកែវ រ៉េមី ​ផ្តល់​បទ​សម្ភាស​ជាមួយ​អ្នកកាសែត​ក្រោយ​ជំនួប​ជាមួយ​លោកស្រី​រ៉ូណា ស្មីត​
លោកកែវ រ៉េមី ​ផ្តល់​បទ​សម្ភាស​ជាមួយ​អ្នកកាសែត​ក្រោយ​ជំនួប​ជាមួយ​លោកស្រី​រ៉ូណា ស្មីត​ @RFI
ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​ចុះចែក​អំណោយ​ដល់​ប្រជាជន​មូលដ្ឋាន នៅ​ថ្ងៃទី៦មិថុនា នៅ​ស្រុក​ស្អាង ខេត្ត​កណ្តាល លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ថ្លែង​ថា នៅ​កម្ពុជា​ស្រួល​រស់​នៅ ហើយ​ប្រជាពលរដ្ឋ​អាចសម្តែង​មតិ​បាន​ ប៉ុន្តែ កុំឲ្យ​ប៉ះពាល់​ដល់​អ្នក​ដទៃ។ ជា​មួយ​គ្នា​នោះ លោក កែវ រ៉េមី បាន​លើក​យក​ស្ថានការណ៍​ដែល​បាន​ផ្ទុះបាតុកម្ម​នៅ​អាមេរិក ហើយ​បាន​រាលដាល​ឆ្លង​ទៅ​ដល់​អឺរ៉ុប​ថែម​ទៀត​នោះ​ថា​កំពុង​បង្ហាញ​ពី​ការ​ធាក់​ថយ​ក្រោយ​នៃ​ការ​គោរពសិទ្ធិមនុស្ស​នៅ​ប្រទេស​ប្រជាធិបតេយ្យ​ទាំង​អស់​នោះ​។

បញ្ហាបាតុកម្ម​ហិង្សានៅ​អាមេរិក​ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្រ្តីហ៊ុន សែន ទាញ​យក​មក​ភ្ជាប់​ជា​មួយ​នឹង​បញ្ហានៅ​កម្ពុជា​ដែរ​។ នៅ​កម្ពុជា​ដែល​លោក​នាយក​រដ្ឋ​មន្រ្តី​លើក​ឡើង​ថា វិធាន​ការ​នានា​របស់​អាជ្ញាធរ​ក្នុង​ការទប់ទល់​នឹង​បាតុកម្ម​ត្រូវ​បាន​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ធ្វើ​ការ​រិះគន់​ជា​ញឹកញយ។ ប៉ុន្តែ បញ្ហានៅ​អាមេរិកវិញ គឺ​មិន​មាន​ការ​រិះគន់ និង ថ្កោលទោស​ដូច​នៅ​កម្ពុជា​ឡើយ​។ បញ្ហា​នេះ លោក​ហ៊ុន សែន អះអាង​ថា អង្គការ​អន្តរជាតិ​បាន​ប្រើប្រាស់​ស្តង់ដារ​ពីរ​ក្នុង​ការ​ធ្វើការងារ​លើ​បញ្ហា​សិទ្ធិ​នៅ​កម្ពុជា និង​ប្រទេស​ដទៃ។​ 

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​រដ្ឋាភិបាល​កម្ពុជា អ្នក​នយោបាយ​បក្ស​ប្រឆាំង​ដែល​កំពុង​ភៀសខ្លួន​នៅ​អាមេរិក​បាន​ការពារ​ស្ថានការណ៍​នៅ​អាមេរិក​ថាគ្រាន់​បើជាង​នៅ​កម្ពុជា​។ នៅ​កម្ពុជា​ដែល​លោក អេង ឆៃអ៊ាង អះអាងថា មាន​ការ​បង្ក្រាប​ដោយ​បាញ់​ទៅ​លើពលរដ្ឋ​ស្លាប់ម្នាក់​នៅ​ក្បែរ​ស្ពាន​ស្ទឹង​មានជ័យ និង​ម្នាក់​ទៀត​នៅ​ជិត​ស្ពាន​អាកាសក្បាល​ថ្នល់​ដោយ​គ្រាន់​តែ​បាតុកម្ម​ដោយ​អហិង្សា កាល​ពីពេល​កន្លង​ទៅ ខណៈ​នៅ​អាមេរិកាំង​ការ​បង្ក្រាប​របស់​ប៉ូលីស​គឺ​ធ្វើ​ឡើង​ចំពោះតែ​ក្រុមជន​ដែល​ឆ្លៀត​ឱកាស​ប្រើ​ហិង្សាតែ​ប៉ុណ្ណោះ​។

ទោះ​ជា​យ៉ាងណា លោក កែវ រ៉េមី បាន​អះអាង​ថា កម្ពុជា​មិន​បាន​គាប​សង្កត់​លើ​សេរីភាព នៃ​ការ​បញ្ចេញ​មតិទេ ប៉ុន្តែ​កម្ពុជា​បាន​អនុវត្ត​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ