អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការទប់ស្កាត់រលកទី២នៃជំងឺកូវីដ១៩ គឺទាមទារឲ្យមានការចូលរួមពីពលរដ្ឋ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​កម្ពុជា ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ​១៩​​បាន​ថម​ថយ​ល្បឿន​គួរ​ឲ្យ​កត់​សម្គាល់​។ បើ​ទោះ​បី​ជា​យ៉ាង​ដូច្នេះ​ក៏​ដោយ សង្គ្រាម​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ នៅ​កម្ពុជា​ក៏​ដោយ នៅ​តាម​បណ្ដា​ប្រទេស​នានា​ក៏​ដោយ មិន​ទាន់​បិទ​បញ្ចប់​នៅ​ឡើយ​ទេ​។ ហើយ​មាន​តែ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​និង​ការ​ត្រៀម​ខ្លួន​បាន​ល្អប្រសើរ​​ប៉ុណ្ណោះ ដែល​អាច​ជួយ​ឲ្យ​មនុស្ស​យក​ឈ្នះរលក​ទី​២ នៃ​​ជំងឺ​ឆ្លង​រាត​ត្បាតកូវីដ​១៩​​ដ៏​កាច​សាហាវ​បាន​។

កូរ៉ូណាវីរុសដែលត្រូវបានឆ្លុះដោយមីក្រូទស្សន៍
កូរ៉ូណាវីរុសដែលត្រូវបានឆ្លុះដោយមីក្រូទស្សន៍ @Internet
ផ្សាយពាណិជ្ជកម្ម

រលក​ទី​២​នៃ​ជំងឺ​កូវីដ​១៩ មែន​ទែន​ទៅ ពុំ​មែន​ជា​ប្រធានបទ​ដែល​កម្ពុជា​លើកយក​​មក​និយាយ​តែ​ឯង​នោះ​ឡើយ​។ ប្រទេស​ជា​ច្រើន​នៅ​លើ​សកល​លោក រួម​ទាំង​អង្គការ​សុខភាព​ពិភពលោក​ផង សុទ្ធ​តែ​ព្រួយ​បារម្ភ​និង​ព្រមាន​ពី​ការ​ឆ្លង​រលក​ទី​២​នៃ​ជំងឺ​កូវីដ​១៩ ដោយសារ​តែ​​ជំងឺ​ឆ្លង​រាត​ត្បាត​ជា​ច្រើន​ដែលធ្លាប់​កើត​មាន​នា​ពេល​កន្លង​មក សុទ្ធ​តែ​វាយ​ប្រហារ​មក​លើ​មនុស្ស​ជាតិជា​ដំណាក់កាល និង​ជា​ច្រើន​ដង​។ ជាក់​ស្ដែង​​ដូច​ជា​ករណី​ជំងឺ​ផ្ដាសាយ​អេស្ប៉ាញ​នៅ​ឆ្នាំ​១៩១៨ ជំងឺ​ផ្ដាសាយ​អាស៊ី​នៅ​ឆ្នាំ​១៩៥៧ និង​ផ្ដាសាយ​ហុងកុង​នៅ​ឆ្នាំ​១៩៦៨ ព្រម​ទាំង​ជំងឺ​ផ្ដាសាយ​ជ្រូក​នៅ​ក្នុង​ឆ្នាំ​២០០៩​ជា​ដើម​។ ករណី​ជំងឺ​​​ទាំង​អស់​នេះ សុទ្ធតែ​មាន​រលក​នៃ​ការ​ឆ្លង​ជា​ច្រើន​ដង ហើយ​គេ​កត់​សម្គាល់​ទៀត​ថា រលក​នៃ​ការ​ឆ្លង​ទី​២ តែង​តែ​កើត​ឡើង​ធ្ងន់ធ្ងរ​ជាង​រលក​នៃ​ការ​ឆ្លង​ទី​១​ជានិច្ច​។

ចំពោះ​ជំងឺ​កូវីដ​១៩​ អ្នក​ជំនាញ​ផ្នែក​សុខាភិបាល​និង​ជំងឺ​ឆ្លង​បាន​គូស​បញ្ជាក់​ច្បាស់​ហើយ​ថា លទ្ធភាព​នៃ​ការ​ឆ្លង​រលក​ទី​២ អាច​កើត​មាន​នៅ​គ្រប់​ប្រទេស​ទាំង​អស់​​។ ប៉ុន្តែ ​ថា​តើ​ការ​ឆ្លង​នោះ​​​មាន​វិសាលភាព​ធំធេង​និង​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ជាង​មុន​ឬ​យ៉ាង​ណា វា​អាស្រ័យទាំង​ស្រុង​​ទៅ​លើ​វិធានការ​​នៃ​ប្រទេស​នីមួយ​ៗ​​​ ដោយ​អ្នក​ជំនាញ​​គ្រាន់តែ​ព្រមាន​ទៅ​ដល់​អាជ្ញាធរ​កុំ​ឲ្យ​​​មើល​ស្រាល​ស្ថានការណ៍ ព្រោះ​ការ​មើល​ស្រាល​ស្ថានការណ៍​អាច​បង្កើត​ឲ្យ​មាន​​វិនាសកម្ម​ធ្ងន់ធ្ងរ​​។

នៅ​ប្រទេស​ជប៉ុន ការ​មើល​ស្រាល​ស្ថានការណ៍​បាន​ធ្វើ​ឲ្យ​​​កោះ​ហុកកៃដូ​រង​ការ​ឆ្លង​រាត​ត្បាត​រលក​ថ្មី​នៃ​ជំងឺ​កូវីដ​១៩ ហើយ​រលក​នៃ​ការ​ឆ្លង​ថ្មី​នេះ មាន​ភាព​ធ្ងន់ធ្ងរ​ជាង​មុន​ឆ្ងាយ​ណាស់​។ កោះ​ហុកកៃដូ មាន​ផ្ទុះ​ករណី​​ជំងឺ​កូវីដ​១៩​ដំបូង តាម​រយៈ​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ដែល​ទៅ​កម្សាន្ត​នៅ​ទី​នោះ​នា​ចុង​ខែ​មករា​ឆ្នាំ​២០២០​។ មួយ​ខែ​បន្ទាប់​ពី​នោះ ករណី​ជំងឺ​កូវីដ​១៩​នៅ​​កោះ​ហុកកៃដូ​បាន​កើន​ឡើង​ដល់​៦៦​ករណី ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អាជ្ញាធរ​សម្រេច​ប្រកាស​ភាព​អាសន្ន ដោយ​បិទ​សាលារៀន និង​អាជីវកម្ម​ជា​ច្រើន ហើយ​​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​សម្ងំ​នៅ​ក្នុង​ផ្ទះ​។

ចំណាត់ការ​លឿន​រហ័ស​របស់​អាជ្ញាធរ​កោះ​ហុកកៃដូ​ដូច្នេះ បាន​ធ្វើ​ឲ្យ​ករណី​ឆ្លង​កូវីដ​១៩​ធ្លាក់​ចុះ​យ៉ាង​គំហុក​។ នៅ​ពាក់​កណ្ដាល​ខែ​មីនា ហុកកៃដូ​គ្មានករណី​​​ឆ្លងថ្មី​នៃ​​ជំងឺ​កូវីដ​១៩ឡើយ​។ អាជ្ញាធរ​កោះ​ហុកកៃដូ ​បាន​សម្រេច​ដក​ចេញ​វិញ​នូវ​ស្ថានភាព​អាសន្ន​ នៅ​ថ្ងៃ​ទី​១៩​មីនា ប៉ុន្តែ​ការ​សម្រេច​ចិត្ត​នេះ​បែរ​ជា​បង្កើត​ឲ្យ​មាន​រលក​ឆ្លង​ថ្មី​ធ្ងន់ធ្ងរ​ជាង​មុន​ទៅ​វិញ​។

មិន​ដល់​មួយ​ខែ​ផងបន្ទាប់​ពី​ដក​ចេញ​នូវ​ស្ថានភាព​អាសន្ន ករណី​ឆ្លងជំងឺ​កូវីដ​១៩នៅ​ហុកកៃដូ បាន​កើន​ឡើង​ពី​ចំនួន​ជាង​១៥០​ករណី ទៅ​ដល់​ជាង​៤០០​ករណី​​។ អាជ្ញាធរ​កោះ​ហុកកៃដូ ត្រូវ​បង្ខំចិត្ត​ប្រកាស​ភាព​អាសន្ន​ជា​ថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​១៤​ខែ​មេសា ប៉ុន្តែ​ស្ថានការណ៍​នៅ​តែ​មិន​ទាន់​អាច​គ្រប់គ្រង​បាន​ពេញ​ដៃ​វិញ​នៅ​ឡើយ៖ ចំនួន​អ្នក​ឆ្លង​នៅ​តែ​បន្ត​កើន​ឡើង​ឥត​ឈប់​ឈរ។ គិត​ត្រឹម​ថ្ងៃ​ទី​២៥​មេសា កោះ​ហុកកៃដូ​មាន​ករណី​ឆ្លង​កូវីដ​១៩​ចំនួន​៦០១​ករណី ដោយ​ក្នុង​នោះ​មាន​ស្លាប់​ចំនួន​២៥​ករណី​។

ងាក​មក​កម្ពុជា​វិញ​។ អស់​រយៈ​ពេល​កន្លះ​ខែ​មក​ហើយ ដែល​កម្ពុជា​រក​មិន​ឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ​១៩​​។ ករណី​ឆ្លង​មាន​ចំនួន​១២២​ករណី គ្មាន​ស្លាប់ ហើយ​ករណី​ជា​សះស្បើយ​ចេះ​តែ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ គិត​ត្រឹម​ចុង​ខែ​មេសា​នេះ ​អ្នក​ជំងឺកូវីដ​១៩​​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មាន​មិន​ដល់​១០​នាក់​ផង​។ ស្ថានការណ៍​ធូរ​ស្រាល​ដូច្នេះ​ហាក់​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​លែង​សូវភ័យ​ខ្លាច​ដូច​មុន​។ នៅ​តាម​សួនច្បារ​និង​ផ្សារ​ទំនើប​ ដែល​ធ្លាប់​តែ​​​មាន​សភាព​ស្ងប់ស្ងាត់ ឥឡូវ​នេះ​ចាប់​ផ្ដើម​មាន​មនុស្ស​ម្នា​ដើរ​កម្សាន្ត​ច្រើន​ជាង​មុន ដោយ​​មួយ​ចំនួន​អាង​ថា ករណី​ជំងឺ​កូវីដ​១៩​ដែល​រក​ឃើញ​នៅ​កម្ពុជា ភាគ​ច្រើន​ជា​ករណី​​នាំ​ចូល​។

ជា​ការ​ពិត កម្ពុជា​មាន​ករណី​ឆ្លង​កូវីដ១៩ ​ភាគ​ច្រើន​លើស​លុប​ដោយ​សារ​ការ​នាំ​ចូល​ពី​ក្រៅ​ប្រទេស​។ ប៉ុន្តែដរាប​ណា​ជំងឺ​កូវីដ​១៩​នៅ​តែ​បន្ត​មាន​វត្តមាន​នៅ​លើ​ពិភពលោក និង​ដរាប​ណា​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​នៅ​មិន​ទាន់​រក​ឃើញ លទ្ធភាព​នៃ​រលក​ឆ្លង​ទី​២​នៅ​តែ​មាន​ជានិច្ច​​។ ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​មិន​គួរ​បាត់​ភ័យខ្លាច ហើយ​លែង​សូវ​យក​ចិត្ត​ទុក​ដាក់​ប្រយ័ត្ន​ប្រយែង​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ​១៩​ទេ​។

ដូច​គ្នា​ដែរ អាជ្ញាធរ​ខ្មែរ​គួរ​តែ​បន្ត​រឹត​បន្តឹង​វិធានការ​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​ប្រទេស និង​ជា​ពិសេស​ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​បាន​រួច​ស្រេច​ផង​ដែរ ក្នុង​ការ​ឆ្លើយ​តប​ឲ្យ​បាន​ទាន់​ពេល​វេលា​និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​ករណី​កម្ពុជា​ជួប​រលក​ទី​២​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩។ សង្គ្រាម​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ នៅ​កម្ពុជា​ក៏​ដោយ នៅ​តាម​បណ្ដា​ប្រទេស​នានា​ក៏​ដោយ មិន​ទាន់​បិទ​បញ្ចប់​នៅ​ឡើយ​ទេ​។ ហើយ​មាន​តែ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​និង​ការ​ត្រៀម​ខ្លួន​បាន​ល្អប្រសើរ​​ប៉ុណ្ណោះ ដែល​អាច​ជួយ​ឲ្យ​មនុស្ស​យក​ឈ្នះ​ជំងឺ​ឆ្លង​រាត​ត្បាត​ដ៏​កាច​សាហាវ​នេះ​បាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ