អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បញ្ហាសណ្ដាប់ធ្នាប់ចរាចរណ៍នៅស្រុកខ្មែរអាចដោះស្រាយបានយ៉ាងដូចម្ដេច?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់​តាំង​ពី​ពេល​ដែល​អាជ្ញាធរ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​មក គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ត្រូវ​គេ​កត់​សម្គាល់​ថា មាន​អត្រា​ធ្លាក់​ចុះ​គួរ​ឲ្យ​សាទរ​។ គ្រោះ​ថ្នាក់​ថយ​ចុះ​ក៏​ពិត​មែន តែ​សណ្ដាប់​ធ្នាប់​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​ផ្លូវ​ជា​ទូទៅ​វិញ នៅ​តែ​មិន​មាន​ការ​ផ្លាស់​ប្ដូរ​អ្វី​ធំ​ដុំ​ឡើយ​។ នៅ​តាម​ទីតាំង​ដែល​គ្មាន​ប៉ូលីស​ឈរ​ជើង គេ​នៅ​តែ​ឃើញ​មាន​ការ​ជិះ​បញ្ច្រាស់ផ្លូវ និង​ការ​រំលោភ​ភ្លើង​ចរាចរណ៍​ដដែល​។ តើ​បញ្ហា​ជំពាក់​មុខ​នេះ អាច​ដោះ​ស្រាយ​បាន​យ៉ាង​ដូច​ម្ដេច?

ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​នា​ពេល​កន្លង​មក (រូបតំណាង)
ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​នា​ពេល​កន្លង​មក (រូបតំណាង) RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅ​កម្ពុជា សណ្ដាប់​ធ្នាប់​ចរាចរណ៍​ជា​បញ្ហា​ជំពាក់​មុខ​ដែល​កើត​មាន​តាំង​ពី​យូរ​មក​ហើយ​។ អ្វី​ដែល​កើត​ឡើង​រាល់​ថ្ងៃ ហើយ​អ្នក​ដែល​រស់​នៅ​ស្រុក​ខ្មែរ​ក៏​យល់​ដឹង​ច្បាស់​ដែរ​នោះ​គឺ អ្នក​បើកបរ​មួយ​ចំនួន ទាំង​​រថយន្ត ​ទោចក្រយានយន្ត និង​​រ៉ឺម៉ក​ម៉ូតូ ពួក​គេ​បើក​បរ​តាម​តែ​ចិត្ត​ចង់​របស់​ពួក​គេ​។ ចំពោះ​ពលរដ្ឋ​ធម្មតា ពួក​គេ​នឹង​គោរព​ភ្លើង​សញ្ញា និង​ស្លាក​សញ្ញា​ចរាចរណ៍​ខ្លះ ប្រសិន​បើ​មាន​ប៉ូលីស​ចរាចរណ៍​នៅ​ក្បែរ​នោះ​។ ប្រសិន​បើ​គ្មាន​នគរបាល​ចរាចរណ៍​ទេ នោះ​ពួក​គេ​នឹង​ឈប់​នៅ​លើ​គំនូស​ស​កាត់​ទទឹង​សម្រាប់​មនុស្ស​ដើរ ឬ​ក៏​មិន​ឈប់​នៅ​ពេល​មាន​ភ្លើង​សញ្ញា​ពណ៌​ក្រហម​ជា​ដើម​។ អ្នក​បើក​បរ​ខ្លះ​ជិះ​បញ្ច្រាស់​ទិស​ផ្លូវ ចំណែក​ខ្លះ​ទៀត​វ៉ា​ជែង​ដោយ​មិន​គោរព​ស្ដាំ​ឆ្វេង​ជា​ដើម​។

ចំពោះ​អ្នកមាន​ទ្រព្យសម្បត្តិ ឬ​អ្នកមាន​រថយន្ត​ទំនើប​មួយចំនួន​វិញ ផ្លូវថ្នល់​ប្រៀប​បាន​ទៅ​នឹង​កម្មសិទ្ធិ​ផ្ដាច់​មុខ​របស់​ពួកគេ​​។ ជាងនេះទៅទៀត នគរបាល​ចរាចរណ៍​មួយ​ចំនួន​ក៏​មិន​ហ៊ាន​ទៅ​ក្បែរ​រថយន្ត​ទាំងនោះ​ បើទោះជា​រថយន្ត​នោះ​ឈប់​ចត​នៅ​ផ្លូវ​ដែល​ត្រូវ​ហាមឃាត់ ឬក៏​មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍​ក៏ដោយ។ ក្រៅ​ពី​នេះ អាហារដ្ឋា​ន​ជាច្រើន​​ក៏​កំពុង​ប្រើប្រាស់​ផ្លូវថ្នល់​ធ្វើជា​ចំណត​សម្រាប់​​អតិថិជន​របស់​ពួកគេ​ដែរ ដោយ​ពុំ​មាន​ក្រែង​រអារ​ថា ការ​ប្រើ​ប្រាស់​ផ្លូវ​ថ្នល់​សាធារណៈ​សម្រាប់​ចត​យានយន្ត​ដូច្នេះ​អាច​បង្ក​ជា​ការ​កក​ស្ទះ​ដល់​អ្នក​ធ្វើ​ដំណើរ​ទូទៅ​ឯ​ទៀត​ឡើយ​។

និយាយ​អំពី​នគរបាល​ចរាចរណ៍​វិញ។ ប្រសិនបើជា​ពលរដ្ឋ​សាមញ្ញ​ដែល​បើកបរ​ខុសច្បាប់​ចរាចរណ៍ នោះ​ពួកគេ​នឹងត្រូវ​ផាកពិន័យ​ដោយ​គ្មាន​ការលើកលែង​​អ្វីទាំង​អស់​។ នគរបាល​ចរាចរណ៍​​អាច​មើល​ស្គាល់​ស្លាក​លេខ​ម៉ូតូ​ក្លែងក្លាយ នៅពេលដែល​ម៉ូតូ​កំពុង​ចរាចរណ៍​នៅលើ​ទ្រូងផ្លូវថែម​​ទៀត។ ប៉ុន្តែ​ ប្រសិនបើ​រថយន្ត​ទំនើប​ចរាចរ​ដោយ​គ្មាន​ស្លាក​លេខ​នោះ ប៉ូលិស​​ចរាចរណ៍​មើលមិនឃើញ​ទេ។ នេះ​គេ​មិន​និយាយ​អំពី​ការបន្ត​យកលុយ​ពី​រថយន្ត​ដឹកទំនិញ​នៅតាម​ផ្លូវ ​ដែល​​ត្រូវបាន​ហាមឃាត់​ដោយ​​​ក្រសួងមហាផ្ទៃ​នោះ​ផង។

តាមពិត ទាំង​ពលរដ្ឋ​អ្នកបើកបរ និង​ទាំង​នគរបាល​ចរាចរណ៍ ​សុទ្ធ​តែមាន​ចំនុច​ខ្វះខាត​ទាំងអស់គ្នា។ ប៉ុន្តែ ​ដើម្បី​អាចធ្វើឲ្យ​​ប្រសើរឡើង​នូវ​សណ្តាប់ធ្នាប់​នៃការ​​ប្រើប្រាស់​​ទ្រូងផ្លូវនៅ​កម្ពុជា គេ​គួរ​ចាប់ផ្តើម​ពី​ការពង្រឹង​វិជ្ជាជីវៈ​របស់​អ្នកអនុវត្ត​​​ច្បាប់ ពោលគឺ​នគរបាល​ចរាចរណ៍​នេះឯង។

ការ​ពង្រឹង​វិជ្ជា​ជីវៈ​របស់​​នគរ​បាល​ចរាចរណ៍ ​ត្រូវតែ​ជា​ចំនុច​សំខាន់​និង​ចម្បង​ដែលត្រូវ​អនុវត្ត​មុនគេ ដើម្បី​ស្តារ​កិត្តិយស​និង​កិ​ត្តិ​នាម​ប៉ូលិស​ចរាចរណ៍​ឡើងវិញ​។ នគរ​បាលច​រា​ចរណ៍​គួរតែ​ជា​មន្ត្រី​ដែលមាន​សុជីវធម៌ អត់ធ្មត់ អនុវត្ត​ច្បាប់​ដោយ​គ្មាន​ករណី​លើកលែង ហើយ​ជាពិសេស​មានអំណាច​ពិតប្រាកដ​ក្នុងការ​អនុវត្ត​​ច្បាប់​លើ​​អ្នកមាន​រថយន្ត​ទំនើប ដែលជា​អ្នកមានអំណាច និង​អ្នកមាន​ទ្រព្យសម្បត្តិ។

ការអនុវត្ត​ច្បាប់ដោយ​ស្មើភាព​គ្នា ពិសេស​ជាមួយ​អ្នកមាន​ទ្រព្យសម្បត្តិ និង​អ្នកមានអំណាច​មួយចំនួន​នោះ គឺជា​គំរូ​សម្រាប់​ការអនុវត្ត​​ច្បាប់​ចំពោះមុខ​ប្រជាពលរដ្ឋ​សាមញ្ញ និង​ក៏​ជាការ​លើក​តំកើង​តម្លៃ​របស់​នគរ​បាលច​រា​ចរណ៍​ដែរ។ មន្ត្រីនគរបាល​ដែល​ចេញពី​សាលា​ហ្វឹកហ្វឺន​ច្បាស់លាស់និង​ពិតប្រាកដ​ ​ត្រូវតែ​ជាក់ច្បាស់​ក្នុង​ចិត្ត​ថា ពួកគេ​មិនត្រូវ​បង្កើត​ស្តង់ដារ​ពីរក្នុងការ​អនុវត្ត​​ច្បាប់​ចរាចរណ៍​ដូច​សព្វថ្ងៃ​នេះទេ​។ ពោលគឺ ពួកគេ​មិនត្រូវ​ចាប់​ផាកពិន័យ និង​ធ្វើទុក្ខបុកម្នេញ​តែទៅ​​លើ​អ្នកបើកបរ​ដែលជា​ប្រជាពលរដ្ឋ​សាមញ្ញ​នោះឡើយ​។ សូម​កុំភ្លេចថា ស្តង់ដារ​ពីរ​នេះហើយ ដែល​ធ្វើឲ្យ​​ពលរដ្ឋ​ទូទៅ​មិន​គោរពច្បាប់ និងមិន​​ផ្តល់​តម្លៃ​ដល់​ប៉ូលិស​ចរាចរណ៍​។

ទន្ទឹមគ្នា​នេះដែរ ដើម្បី​សណ្តាប់ធ្នាប់​និង​ទិដ្ឋភាព​នៃ​សីលធម៌​របស់​សង្គម​ក​ម្ពុ​ជា​ទាំងមូល អ្នកបើកបរ​គ្រប់គ្នា​ត្រូវ​តែ​ផ្លាស់​ប្ដូរ​ទម្លាប់​ប្រើ​ប្រាស់​ផ្លូវ​តាម​អំពើ​ចិត្ត ហើយ​ងាក​មក​​គោរព​ច្បាប់​និង​ស្លាក​សញ្ញា​ចរាចរណ៍​ឲ្យ​បាន​មធ្យ័ត។ គោរព​ច្បាប់ ព្រោះ​ច្បាប់​ជា​ច្បាប់ មិន​មែន​គោរព​ច្បាប់​ព្រោះ​ខ្លាច​ការ​ផាក​ពិន័យ​ឬ​ខ្លាច​ប៉ូលីស​ចរាចរណ៍​នោះ​ទេ​។ ប្រទេស​កម្ពុជា​មិនអាច​រីកចំរើន​រុងរឿង​ឡើយ​បើ​គ្មាន​ការចូលរួម​ពី​ពលរដ្ឋម្នាក់ៗ ដែល​ការ​ចូល​រួមនេះ រាប់​ចាប់តាំងពី​ទង្វើ​តូច​តាចឡើង​ទៅ ដូច​ជា​ការបើកបរតាម​ដង​ផ្លូវឲ្យ​មាន​សណ្ដាប់​ធ្នាប់​ត្រឹម​ត្រូវជា​ដើម​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ