អានតួអត្ថបទ
កម្ពុជា-សេរីភាពសារព័ត៌មាន

ទិវាសេរីភាពសារព័ត៌មានពិភពលោក៖ «កម្ពុជាត្រូវការអ្នកសារព័ត៌មាន ដែល​អាច​រាយការណ៍​ដោយ​សេរី»

ថ្ងៃទី ០៣ ឧសភា ឆ្នាំ ២០២០នេះ គឺ​ជាទិវាសេរីភាពសារព័ត៌មាន​ពិភព​លោកលើក​ទី២៧ ធ្វើ​ឡើង​ក្រោម​ប្រធានបទ  «សារព័ត៌មាន​គ្មានភាព​ភ័យ​ខ្លាច ឬ ភាព​លម្អៀង»​។ អ្វីជា​ការ​កត់​សំគាល់ ក្នុង​ឱកាស​ទិវាសេរី​ភាពសារ​ព័ត៌មាន​ពិភព​លោក ០៣ ឧសភានេះ អង្គការ សមាគមសារព័ត៌មាននានា​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ចេញសេចក្តីថ្លែង​ការណ៍​រៀងៗ​ខ្លួន ដោយ​ក្រុមអង្គការ សមាគម​សារព័ត៌មាន​ទាំង​នោះ បាន​ប្រើប្រាស់​សេចក្តី​ថ្លែង​ការណ៍​របស់​ពួក​គេ​ជំនួស​ឲ្យការ​ជួប​ជុំ​គ្នា នៅថ្ងៃទី០៣ ឧសភា ដោយ​សារ​ដំណាក់​កាលនេះ​ ពិភព​លោក​ក៏​ដូច​ជា​កម្ពុជា កំពុង​រងនូវ​ការ​រាតត្បាត​ពី​វីរុសកូវីដ១៩​។

ក្រុម​អ្នកកាសែត​យកព័ត៌​មាន (រូបភាពឯកសារ)
ក្រុម​អ្នកកាសែត​យកព័ត៌​មាន (រូបភាពឯកសារ) Kem Gunawadh
ផ្សាយពាណិជ្ជកម្ម

សម្រាប់​សម្ព័ន្ធអ្នក​សារព័ត៌មាន​កម្ពុជា (ខេមបូចា) និង​ក្លឹប​អ្នកសារព័ត៌មាន​បរទេស​នៅ​កម្ពុជា​(OPCC) ទិវា​សេរីភាពសារព័ត៌​មាន​ពិភព​លោក​ឆ្នាំ​២០២០​នេះ គឺ​ជា​ឱកាស​មួយ​សម្រាប់​អ្នក​កាសែត​ជាតិ​និង​អន្តរជាតិ រួមគ្នា​បង្ហាញ​នូវ​សារសំខាន់​នៃ​ស្ថាប័ន​ព័ត៌មាន និង​អ្នកសារ​ព័ត៌មាន​ឯករាជ្យ​ដែល​នៅ​សល់តិច​តួច​នៅ​កម្ពុជា​។ ប៉ុន្តែ​មាន​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​បន្ត​ផ្តល់​ព័ត៌មាន​ឥតលម្អៀង​ទៅ​កាន់​សាធារណ​ជន ទោះបី​ជា​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​ជា​ច្រើន ក្នុង​អំឡុង​ពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ និង​ក្នុង​លំហ​សេរីភាព​ដ៏​តូច​ចង្អៀត​ក្តី​។

តាមរយៈសេចក្តី​ថ្លែង​ការណ៍​រួម កម្រាស់​០៣​ទំព័រ ​នៅ​ថ្ងៃទី ០៣ ឧសភា​នេះ សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (ខេមបូចា) និង​ក្លឹប​អ្នក​សារព័ត៌មាន​បរទេស​នៅ​កម្ពុជា​(OPCC) នៅ​តែ​បាន​សំដែង​ការ​ព្រួយបារម្ភជា​ខ្លាំង​ជុំវិញ​ការ​បន្ត​រឹត​បន្តឹង​សេរីភាព​បញ្ចេញ​មតិ និង​សេរីភាព​សារព័ត៌មាន ជា​ពិសេស​ក្នុង​រយៈពេល​៤​ខែ​ចុង​ក្រោយ​នេះ​។ ការ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភព​លោក ០៣ ឧសភា ឆ្នាំ​២០២០​នេះ ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ «សារព័ត៌មាន​គ្មាន​ភាពភ័យ​ខ្លាច ឬ​ភាព​លម្អៀង»។ ប៉ុន្តែ​សម្រាប់​សម្ព័ន្ធ​អ្នកសារព័ត៌​មាន​កម្ពុជា (ខេមបូចា) និង​ក្លឹប​អ្នកសារ​ព័ត៌មាន​បរទេស​នៅ​កម្ពុជា​(OPCC) បាន​កត់​សំគាល់​ថា វា​ជា​រឿង​គួរ​ឲ្យ​សោកស្តាយ​ដែលនេះ​ គឺ​ជា​បញ្ហា​សម្រាប់​ប្រទេស​កម្ពុជា ដោយ​សារ​អ្នកសារព័ត៌មាន​មាន​ភាព​ភ័យ​ខ្លាច​។ ពួក​គេបារម្ភ​ថា ការ​រាយការណ៍​ព័ត៌មាន​រសើប​នឹង​នាំ​ទុក្ខ​ដល់​ពួក​គេ ដូចជា​ការ​ចោទ​ប្រកាន់​ពីតុលា​ការ ឬ​ជាប់​ពន្ធនាគារ​ជា​ដើម​។

សម្រាប់​ក្លឹបអ្នក​កាសែត​កម្ពុជា​ឯណោះ​វិញ ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែរ​កាល​ពីថ្ងៃទី ០១ ឧសភា ដោយ​បាន​កត់​សំគាល់​ថា ​វិស័យ​សារព័ត៌​មាននៅ​កម្ពុជា មានការ​រីកដុះដាល​គួរឲ្យកត់សម្គាល់​ទាំង​សារព័ត៌មាន​បែប​ប្រពៃណី (​កាសែត វិទ្យុ និង​ទូរទស្សន៍​) និង​សារព័ត៌មាន​បែប​ថ្មី​(​អន​ឡាញ​) ដែល​បានផ្ដល់​ជម្រើស​កាន់តែ​ងាយស្រួល និង​សម្បូរបែប​ដល់​ប្រជាពលរដ្ឋ​។ ប៉ុន្តែទន្ទឹមនឹង​ភាព​រីកដុះដាល​នេះ ក្លិប​អ្នកកាសែតកម្ពុជា បានសង្កេតឃើញថា អ្នកសារព័ត៌មានភាគច្រើន​កំពុង​បំពេញការងារ និង​តួនាទី​តាម​វិជ្ជាជីវៈ​បាន​យ៉ាង​ល្អ ខណៈដែល​អ្នកសារព័ត៌មាន​មួយចំនួន​តូច កំពុង​ធ្វើឲ្យប៉ះពាល់​ដល់​តម្លៃរបស់អ្នកកាសែត។ នោះ​ក៏​ព្រោះតែ​ពួកគេ​នៅ​ខ្វះខាត​ក្រមសីលធម៌ និង​វិជ្ជាជីវៈ។ ចំណែក​ឯ​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ឯណោះ​វិញ ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ស្រដៀង​គ្នា​ដែរ ប៉ុន្តែ​សមាគម​មួយ​នេះ បាន​ប្រែក្លាយ​ទិវាសេរីភាព​សារព័ត៌មាន​នៅ​ឆ្នាំ​នេះ ទៅ​ជា​ការ​ប្តេជ្ញា​ចិត្ត​រួម​ចំណែក​ជា​មួយ​រដ្ឋាភិបាល បន្ត​ចូល​រួម​ផ្សព្វផ្សាយ​វិធានការ​នានា​បម្រើការ​យល់​ដឹង​អំពី​សុវត្ថិភាព សុខមាល​ភាព​របស់​សាធារណជន។

យ៉ាងណាក៏​ដោយ តាម​របាយ​ការណ៍​របស់​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន (RSF) កាល​ពី​ថ្ងៃទី១៩ ខែមេសា បាន​ទម្លាក់​ចំណាត់​ថ្នាក់​សេរីភាព​សារព័ត៌មាន​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ​មួយ​លេខ​ទៀត ពោលគឺ ទទួល​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១៤៤ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០។ បើតាម​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន (RSF) ការធ្លាក់​ចុះ​នៃ​ពិន្ទុ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា គឺ​បន្ទាប់​ពី​មាន​ការចាប់​ខ្លួន​នាយក​នៃ​ការ​ផ្សាយ TVFB លោក សុវណ្ណ រិទ្ធី ក្រោម​បទចោទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍ រឿងក្តី​ប្រឆាំង​នឹង​អតីត​អ្នកសារព័ត៌​មាន ដែល​នៅ​តែបន្ត​អូស​បន្លាយ រួម​នឹង​ការរៀបចំ​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន ដែល​ត្រូវ​បាន​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អន្តរជាតិ​យល់​ថា អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សិទ្ធិ​មនុស្ស​ជាដើម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ