អានតួអត្ថបទ
កម្ពុជា-សេរីភាពសារព័ត៌មាន

ទិវាសេរីភាពសារព័ត៌មាន៖ លោក ហ៊ុន សែនថា កូវីដ១៩មិនបង្កគ្រោះថ្នាក់ពិសពុល ដូចការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ

ទិវា​សេរីភាព​សារព័ត៌មាន​ ០៣ ​ឧសភា ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ថា​ការឆ្លង​រីករាលដាល​កូវីដ​១៩​ មាន​លក្ខណៈ​កាចសាហាវ​ និង​បង្កគ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​ដល់​អាយុ​ជីវិតមនុស្ស ​តែជំងឺនេះ​មិន​បង្កគ្រោះថ្នាក់​ពិសពុល​កាចសាហាវ ​ដូចការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងបន្លំ​តាម​ប្រព័ន្ធផ្សព្វផ្សាយ ​និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​ឡើយ​។ ​ការអះអាងបែបនេះ​របស់​លោកនាយករដ្ឋមន្ត្រី ​ខណៈពិន្ទុ​សេរីភាពសារព័ត៌មាន​របស់​កម្ពុជា​បន្តថយ​ចុះមួយ​លេខទៀត​ អំឡុងពេល​វិបត្តិកូវីដ​១៩​។ —

Staunch Beijing ally Hun Sen has been criticised for insisting Cambodians should stay put in locked-down Wuhan city
Staunch Beijing ally Hun Sen has been criticised for insisting Cambodians should stay put in locked-down Wuhan city AFP/File
ផ្សាយពាណិជ្ជកម្ម

បើតាម​លោកនាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ​ការបង្កើត​ព័ត៌មាន​ក្លែងក្លាយ ​គឺបង្កឡើង​ដោយ​ជនមួយក្តាប់តូច​ដែល​តែង​ប្រើគ្រប់​មធ្យោបាយ​ ដើម្បី​បំផ្លិចបំផ្លាញ​សេចក្តីសុខ ​ការរស់ឡើងវិញ​របស់​ប្រជាជន​កម្ពុជា ​និង​ប៉ុនប៉ង​ផ្តូល​រំលំ​រដ្ឋាភិបាល​។

លោកនាយករដ្ឋ​មន្ត្រី​ក្នុងសារលិខិត ​ក្នុងឱកាស​ទិវាសេរីភាព​សារព័ត៌មាន​ពិភពលោក ​ដែល​ធ្វើឡើង​ នៅថ្ងៃទី​០៣ ​ឧសភា ​បានអះអាង​ទៀត​ថា ​ក្នុងកាលៈទេសៈ​ដែលប្រទេស​កម្ពុជា ​ក៏ដូចជា​សកលលោក​ទាំងមូល​កំពុង​ជួបប្រទះ​មហន្តរាយ​នៃការឆ្លង​រីករាលដាល​នៃកូវីដ​១៩ ​ពួកគេ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងបន្លំ​បង្កចលាចល ​ភាពវឹកវរ​នៅក្នុង​សង្គម​ និង​ធ្វើឲ្យ​ប្រជាជន​កើតជំងឺ​ភ័យខ្លាច​ និង​វាយប្រហារ​លើ​រដ្ឋាភិបាល​របស់​លោក​។

លោក​ហ៊ុន សែន ​តាមរយៈលិខិត​ដដែល​នេះ ​ក៏បាន​អំពាវនាវ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់​ចូលរួម​ឲ្យ​បាន​សកម្ម​ថែមទៀត​ក្នុងការប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មានក្លែងក្លាយ​តាម​ប្រព័ន្ធផ្សព្វផ្សាយ ​និង​បណ្តាញ​ទំនាក់ទំនង​សង្គម​នានា ​ដោយការ​ផ្សាយព័ត៌មាន​ពិត​។

ទិវាសេរីភាព​សារព័ត៌មាន​សកល​លើកទី២៧​នាឆ្នាំនេះ ​ត្រូវបានធ្វើឡើង​ក្នុងកាលៈទេសៈ​ដែល​សកល​លោក​ទាំងមូល​កំពុងប្រឈម​នឹង​វិបត្តិកូវីដ​១៩​។ ​សម្រាប់​ប្រទេសកម្ពុជា ​នៅ​ក្នុង​ឆ្នាំ​២០២០នេះដែរ សេរីភាព​សារព័ត៌មាន​របស់​កម្ពុជា​បាន​ថយចុះមួយ​លេខ​ទៀត ពោល​គឺ​ទទួល​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១៤៤ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០​។ នេះបើតាម​អង្គការអ្នកកាសែត​គ្មានព្រំដែន​(RSF)​ កាលពី​ថ្ងៃទី១៩​ ខែ​មេសា។

ការធ្លាក់ចុះ​នៃ​ពិន្ទុសេរីភាព​សារព័ត៌មាន​នៅកម្ពុជា ​គឺ​បន្ទាប់ពី​នាយក​នៃ​ការ​ផ្សាយ TVFB ត្រូវ​ចាប់​ខ្លួន ក្រោម​បទ​ចោទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ល្មើស​ជា​អាទិ៍ តាម​មាត្រា ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​ ជុំវិញ​ការផ្សព្វផ្សាយ​ទាក់ទង​នឹង​ជំងឺកូវីដ​១៩​។ ​រឿងក្តីប្រឆាំង​នឹង​អតីត​អ្នកសារព័ត៌មាន ​ដែលនៅតែបន្ត​អូសបន្លាយ​ រួមនឹង​ការរៀបចំ​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុងភាព​អាសន្ន ​ដែលត្រូវ​បាន​អ្នកជំនាញ​សិទ្ធិមនុស្ស​អន្តរជាតិ​យល់ថា​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សិទ្ធិ​មនុស្ស​។​

ឆ្លៀតក្នុង​ឱកាស​នៃទិវាសេរីភាព​សារព័ត៌មាន​ ០៣ ​ឧសភា​ ​អង្គការ​អ្នកកាសែត​និង​សិទ្ធិមនុស្ស​ចំនួន​៧៤ ​ក្នុងនោះក៏​មាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ ​(CCIM) ​និង​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ​បានចេញ​លិខិតចំហ​រួមគ្នាមួយ ​ដោយអំពាវនាវ​ជាថ្មី ​ទៅដល់​បណ្តាមេដឹកនាំ​នៅក្នុង​តំបន់អាស៊ី ​ក្នុងនោះ​ក៏មានកម្ពុជាដែ​រ​ ដើម្បី​ឲ្យដោះលែង​អ្នកកាសែត​ដែលកំពុង​ជាប់ឃុំ ​ក្នុងអំឡុង​ពេល​ដែល​ជំងឺកូវីដ​១៩ ​កំពុងរាត​ត្បាតនេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ