កម្ពុជាត្រូវបារម្ភនិងត្រៀមខ្លួនឆ្លើយតបចំពោះរលកទី២នៃជំងឺកូវីដ១៩
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៣៥
អស់រយៈពេលកន្លះខែមកហើយ ដែលកម្ពុជារកមិនឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩។ បើទោះបីជាយ៉ាងដូច្នេះក៏ដោយ ក៏មន្ដ្រីជំនាញនៅតែបន្តអំពាវនាវឲ្យប្រជាពលរដ្ឋរក្សាការប្រុងប្រយ័ត្ន ដោយព្រមានអំពីរលកឆ្លងទី២នៃជំងឺកូវីដ១៩។ តើរលកទី២នៃជំងឺកូវីដ១៩ជាអ្វី? និងថាតើហេតុអ្វីបានជាកម្ពុជាត្រូវព្រួយបារម្ភចំពោះការផ្ទុះឡើងនៃជំងឺកូវីដ១៩ជាថ្មី?
រលកទី២នៃជំងឺកូវីដ១៩ មែនទែនទៅ ពុំមែនជាប្រធានបទដែលកម្ពុជាលើកយកមកនិយាយតែឯងនោះឡើយ។ ប្រទេសជាច្រើននៅលើសកលលោក រួមទាំងអង្គការសុខភាពពិភពលោកផង សុទ្ធតែព្រួយបារម្ភនិងព្រមានពីការឆ្លងរលកទី២នៃជំងឺកូវីដ១៩ ដោយសារតែជំងឺឆ្លងរាតត្បាតជាច្រើនដែលធ្លាប់កើតមាននាពេលកន្លងមក សុទ្ធតែវាយប្រហារមកលើមនុស្សជាតិជាដំណាក់កាល និងជាច្រើនដង។ ជាក់ស្ដែងដូចជាករណីជំងឺផ្ដាសាយអេស្ប៉ាញនៅឆ្នាំ១៩១៨ ជំងឺផ្ដាសាយអាស៊ីនៅឆ្នាំ១៩៥៧ និងផ្ដាសាយហុងកុងនៅឆ្នាំ១៩៦៨ ព្រមទាំងជំងឺផ្ដាសាយជ្រូកនៅក្នុងឆ្នាំ២០០៩ជាដើម។ ករណីជំងឺទាំងអស់នេះ សុទ្ធតែមានរលកនៃការឆ្លងជាច្រើនដង ហើយគេកត់សម្គាល់ទៀតថា រលកនៃការឆ្លងទី២ តែងតែកើតឡើងធ្ងន់ធ្ងរជាងរលកនៃការឆ្លងទី១ជានិច្ច។
ចំពោះជំងឺកូវីដ១៩ អ្នកជំនាញផ្នែកសុខាភិបាលនិងជំងឺឆ្លងបានគូសបញ្ជាក់ច្បាស់ហើយថា លទ្ធភាពនៃការឆ្លងរលកទី២ អាចកើតមាននៅគ្រប់ប្រទេសទាំងអស់។ ប៉ុន្តែ ថាតើការឆ្លងនោះមានវិសាលភាពធំធេងនិងមានស្ថានភាពធ្ងន់ធ្ងរជាងមុនឬយ៉ាងណា វាអាស្រ័យទាំងស្រុងទៅលើវិធានការនៃប្រទេសនីមួយៗ ដោយអ្នកជំនាញគ្រាន់តែព្រមានទៅដល់អាជ្ញាធរកុំឲ្យមើលស្រាលស្ថានការណ៍ ព្រោះការមើលស្រាលស្ថានការណ៍អាចបង្កើតឲ្យមានវិនាសកម្មធ្ងន់ធ្ងរ។
នៅប្រទេសជប៉ុន ការមើលស្រាលស្ថានការណ៍បានធ្វើឲ្យកោះហុកកៃដូរងការឆ្លងរាតត្បាតរលកថ្មីនៃជំងឺកូវីដ១៩ ហើយរលកនៃការឆ្លងថ្មីនេះ មានភាពធ្ងន់ធ្ងរជាងមុនឆ្ងាយណាស់។ កោះហុកកៃដូ មានផ្ទុះករណីជំងឺកូវីដ១៩ដំបូង តាមរយៈភ្ញៀវទេសចរជនជាតិចិនដែលទៅកម្សាន្តនៅទីនោះនាចុងខែមករាឆ្នាំ២០២០។ មួយខែបន្ទាប់ពីនោះ ករណីជំងឺកូវីដ១៩នៅកោះហុកកៃដូបានកើនឡើងដល់៦៦ករណី ដែលជាហេតុធ្វើឲ្យអាជ្ញាធរសម្រេចប្រកាសភាពអាសន្ន ដោយបិទសាលារៀន និងអាជីវកម្មជាច្រើន ហើយអំពាវនាវឲ្យប្រជាពលរដ្ឋសម្ងំនៅក្នុងផ្ទះ។
ចំណាត់ការលឿនរហ័សរបស់អាជ្ញាធរកោះហុកកៃដូដូច្នេះ បានធ្វើឲ្យករណីឆ្លងកូវីដ១៩ធ្លាក់ចុះយ៉ាងគំហុក។ នៅពាក់កណ្ដាលខែមីនា ហុកកៃដូគ្មានករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ឡើយ។ អាជ្ញាធរកោះហុកកៃដូ បានសម្រេចដកចេញវិញនូវស្ថានភាពអាសន្ន នៅថ្ងៃទី១៩មីនា ប៉ុន្តែការសម្រេចចិត្តនេះបែរជាបង្កើតឲ្យមានរលកឆ្លងថ្មីធ្ងន់ធ្ងរជាងមុនទៅវិញ។
មិនដល់មួយខែផងបន្ទាប់ពីដកចេញនូវស្ថានភាពអាសន្ន ករណីឆ្លងជំងឺកូវីដ១៩នៅហុកកៃដូ បានកើនឡើងពីចំនួនជាង១៥០ករណី ទៅដល់ជាង៤០០ករណី។ អាជ្ញាធរកោះហុកកៃដូ ត្រូវបង្ខំចិត្តប្រកាសភាពអាសន្នជាថ្មីម្ដងទៀតនៅថ្ងៃទី១៤ខែមេសា ប៉ុន្តែស្ថានការណ៍នៅតែមិនទាន់អាចគ្រប់គ្រងបានពេញដៃវិញនៅឡើយ៖ ចំនួនអ្នកឆ្លងនៅតែបន្តកើនឡើងឥតឈប់ឈរ។ គិតត្រឹមថ្ងៃទី២៥មេសា កោះហុកកៃដូមានករណីឆ្លងកូវីដ១៩ចំនួន៦០១ករណី ដោយក្នុងនោះមានស្លាប់ចំនួន២៥ករណី។
ងាកមកកម្ពុជាវិញ។ អស់រយៈពេលកន្លះខែមកហើយ ដែលកម្ពុជារកមិនឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩។ ករណីឆ្លងមានចំនួន១២២ករណី គ្មានស្លាប់ ហើយករណីជាសះស្បើយចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ គិតត្រឹមចុងខែមេសានេះ អ្នកជំងឺកូវីដ១៩ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានមិនដល់១០នាក់ផង។ ស្ថានការណ៍ធូរស្រាលដូច្នេះហាក់កំពុងធ្វើឲ្យប្រជាពលរដ្ឋខ្មែរមួយចំនួនលែងសូវភ័យខ្លាចដូចមុន។ នៅតាមសួនច្បារនិងផ្សារទំនើប ដែលធ្លាប់តែមានសភាពស្ងប់ស្ងាត់ ឥឡូវនេះចាប់ផ្ដើមមានមនុស្សម្នាដើរកម្សាន្តច្រើនជាងមុន ដោយមួយចំនួនអាងថា ករណីជំងឺកូវីដ១៩ដែលរកឃើញនៅកម្ពុជា ភាគច្រើនជាករណីនាំចូល។
ជាការពិត កម្ពុជាមានករណីឆ្លងកូវីដ១៩ ភាគច្រើនលើសលុបដោយសារការនាំចូលពីក្រៅប្រទេស។ ប៉ុន្តែដរាបណាជំងឺកូវីដ១៩នៅតែបន្តមានវត្តមាននៅលើពិភពលោក និងដរាបណាវ៉ាក់សាំងបង្ការជំងឺនេះនៅមិនទាន់រកឃើញ លទ្ធភាពនៃរលកឆ្លងទី២នៅតែមានជានិច្ច។ ប្រជាពលរដ្ឋខ្មែរទូទៅមិនគួរបាត់ភ័យខ្លាច ហើយលែងសូវយកចិត្តទុកដាក់ប្រយ័ត្នប្រយែងការពារខ្លួនពីជំងឺកូវីដ១៩ទេ។
ដូចគ្នាដែរ អាជ្ញាធរខ្មែរគួរតែបន្តរឹតបន្តឹងវិធានការបង្ការការឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេស និងជាពិសេសត្រូវត្រៀមខ្លួនឲ្យបានរួចស្រេចផងដែរ ក្នុងការឆ្លើយតបឲ្យបានទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងករណីកម្ពុជាជួបរលកទី២នៃការឆ្លងជំងឺកូវីដ១៩។ សង្គ្រាមប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជាក៏ដោយ នៅតាមបណ្ដាប្រទេសនានាក៏ដោយ មិនទាន់បិទបញ្ចប់នៅឡើយទេ។ ហើយមានតែការប្រុងប្រយ័ត្នខ្ពស់និងការត្រៀមខ្លួនបានល្អប្រសើរប៉ុណ្ណោះ ដែលអាចជួយឲ្យមនុស្សយកឈ្នះជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះបាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ