អានតួអត្ថបទ
កម្ពុជា-កូរ៉ូណាវីរុស

កម្ពុជា​បដិសេធ​បញ្ជូន​អ្នក​ដំណើរ​លើនាវា ​Viking Cruise Journey ឲ្យ​មក​ស្នាក់​នៅ​ភ្នំពេញ​

ប្រមុខ​រដ្ឋាភិបាលកម្ពុជា​លោក ហ៊ុន សែន ​នៅល្ងាចម្សិលមិញនេះ​ បានប្រតិកម្មខ្លាំងៗ​ទៅនឹង​អង្គទូត​នៃប្រទេស​មួយចំនួន ​ដែលចង់ឲ្យកម្ពុជា​នាំយក​ជន​ជាតិខ្លួន​ ដែលជា​អ្នកដំណើរ​លើនាវា ​Viking ​Cruise ​Journey ​មក​​សម្រាក​​​នៅសណ្ឋាគារផ្កាយប្រាំ​ក្នុងទីក្រុងភ្នំពេញ​។ ​សូមបញ្ជាក់ថា ​នៅ​លើ​នា​វា​​នេះ​ មានជនបរទេស​ចំនួន​៧​សញ្ញាតិ។ ​ប៉ុន្តែយ៉ាងណាក៏ដោយ ​លោកនាយ​ក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​លើកឡើងថា ​លោក​មិនប្រថុយយក​អាយុជីវិតពលរដ្ឋ​ខ្មែរ​១៦​លាននាក់​ ទៅប្តូរ​នឹងអាយុជីវិត​របស់ជនបរទេស​ប៉ុន្មាននាក់​ នេះ​​ឡើយ​។​—

លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​ថ្លែង​នៅ​ក្នុង​ពិធី​បើក​ពិធី​បុណ្យទន្លេ​លើកទី​០៦ ​នៅ​ខេត្ត​បាត់ដំបង ​កាល​ពី​ល្ងាច​ថ្ងៃទី ​១៤​ មីនា ​ឆ្នាំ ​២០២០​។​
លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​ថ្លែង​នៅ​ក្នុង​ពិធី​បើក​ពិធី​បុណ្យទន្លេ​លើកទី​០៦ ​នៅ​ខេត្ត​បាត់ដំបង ​កាល​ពី​ល្ងាច​ថ្ងៃទី ​១៤​ មីនា ​ឆ្នាំ ​២០២០​។​ © FB
ផ្សាយពាណិជ្ជកម្ម

បើតាមការពន្យល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ករណីនាវា Viking Cruise​ Journey នៅខេត្តកំពង់ចាម គឺមិនដូចករណីនាវា Westerdam  នៅ​ក្នុង​ខេត្តព្រះសីហនុនោះឡើយ។ មិនដូច គឺនៅលើនាវា Viking Cruise Journey ​នៅខេត្តកំពង់ចាម បានរកឃើញថា មានអ្នកផ្ទុកជំងឺកូវីដ​១៩​ចំនួន​​៣នាក់ ក្នុងចំណោមអ្នកដំណើរនិងបុគ្គលិកលើនាវាទាំងអស់​៦៤​នាក់​។  ចំណែកឯករណីនាវា Westerdam  ផ្ទុកមនុស្សជាងពីរពាន់នាក់ ដែលកម្ពុជាអនុញ្ញាតឲ្យចូលចតនៅក្នុងកំពង់ផែខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៤ កុម្ភៈ គឺមិនមានករណីអ្នកផ្ទុកជំងឺកូវីដ១៩ ដែលកម្ពុជាបានរកឃើញនោះឡើយ។

ថ្លែងនៅក្នុងពិធីបើកពិធីបុណ្យទន្លេលើកទី០៦នៅក្នុងខេត្តបាត់ដំបង កាលពីល្ងាចម្សិលមិញនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ក៏បានបញ្ចេញ​ប្រតិកម្មខ្លាំងៗទៅនឹងអង្គទូតនៃប្រទេសមួយចំនួន ដែលចង់ឲ្យកម្ពុជា​នាំយកជនជាតិខ្លួន ដែលជាភ្ញៀវទេសចរនៅលើនាវា Viking Cruise Journey នៅខេត្តកំពង់ចាមនេះ មកសម្រាកនៅសណ្ឋាគារផ្កាយប្រាំក្នុងទីក្រុង​ភ្នំពេញ។ បើទោះបីជាលោកមិនបញ្ចេញឈ្មោះអង្គទូតប្រទេសណា​មួយ​ក្តី ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា លោកមិនអាចធ្វើបានទេ ហើយលោកក៏មិនអាចយកអាយុជីវិតប្រជាជនខ្មែរ១៦លាននាក់ ទៅប្ដូរនឹងជីវិតរបស់ជនបរទេសប៉ុន្មាននាក់នេះឡើយ។

គួរជំរាបជូនថា នាវា Viking Cruise Journeyធ្វើដំណើរមកពីប្រទេស​វៀតណាម​នេះ មានផ្ទុកអ្នកដំណើរនិងបុគ្គលិកសរុប៦៤នាក់ ដែលរួមមាន​៧​សញ្ញាតិ ក្នុងនោះរួមមាន សហរដ្ឋអាមេរិកចំនួន១៤នាក់ (ស្រី៧ ប្រុស៧) អង់គ្លេស​១១នាក់ (ស្រី៧ ប្រុស៤) កាណាដា ៤នាក់ (ស្រី២ ប្រុស២) ហូឡង់ ១ នាក់ (ស្រី) ភូមា ១ នាក់ (ប្រុស) វៀតណាម ៧ នាក់ (ប្រុស) និងកម្ពុជា​ចំ​នួន២៤នាក់ (ស្រី៦ ប្រុស១៨)។ ក្នុងចំណោមអ្នកដំណើរនិងបុគ្គលិក​ទាំង៦៤នាក់នេះ មានអ្នកដំណើរ បុរសនិងស្ត្រីជនជាតិអង់គ្លេស​៣​នាក់ ត្រូវបានគេរកឃើញមានជំងឺកូវីដ១៩ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាល​នៅក្នុងទីក្រុងភ្នំពេញ។ ចំណែកឯអ្នកដំណើរ និងបុគ្គលិកលើនាវាចំនួន​៦១​នាក់ ដែលនៅសេសសល់នៅលើនាវា ត្រូវបានអាជ្ញាធរខេត្តកំពង់ចាម បញ្ជូនឲ្យទៅស្នាក់នៅក្នុងសណ្ឋាគារមួយកន្លែង ក្នុងខេត្តកំពង់ចាម ដើម្បីរងចាំតាមដានសុខភាពក្នុងរយៈពេល១៤ថ្ងៃ បើទោះបីលទ្ធផល​ធ្វើតេស្តកាលពីថ្ងៃទី ១១ មីនា អវិជ្ជមានក៏ដោយ។ លោក អ៊ុន ចាន់ដា ​អភិបាលខេត្តកំពង់ចាមបានប្រាប់វិទ្យុបារំាងអន្តរជាតិថា បច្ចុប្បន្នអ្នក​ទាំង​៦១នាក់នោះ មានសុខភាពល្អធម្មតា ប៉ុន្តែចាំបាច់ត្រូវធ្វើការតាមដានរយៈ១៤ថ្ងៃសិន ទើបអនុញ្ញាតអោយពួកគេចាកចេញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ