អានតួអត្ថបទ
កម្ពុជា កូរ៉ូណាវីរុស

កូរ៉ូណាវីរុស៖ កម្ពុជា​ដាក់​មនុស្ស​៤នាក់​ឲ្យ​នៅ​​ដោយ​ឡែកពី​គេ

អាជ្ញាធរ​សុខាភិបាល​កម្ពុជា បាន​រក​ឃើញ​អ្នក​ប៉ះពាល់​ផ្ទាល់​៤​នាក់ និង​ប្រយោល​៤០​នាក់ ក្នុង​ករណី​ជន​ជាតិ​ជប៉ុន​ម្នាក់ ដែល​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​កូវីដ​១៩ នៅ​ពេល​ទៅ​ដល់​ប្រទេស​ជប៉ុន ក្រោយ​ចាក​ចេញ​ពី​ខេត្ត​សៀមរាប​ប្រទេស​កម្ពុជា​។ នៅ​រសៀលថ្ងៃទី​៥ ខែ​មីនា​នេះ​ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង អះ​អាង​ថា​អ្នកប៉ះ​ពាល់ផ្ទាល់​​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ ដើម្បី​តាម​ដាន​សុខភាព។

ករណីកូរ៉ូណាវីរុស៖  កម្ពុជាដាក់មនុស្ស៤នាក់ឲ្យនៅដោយឡែកពីគេ
ករណីកូរ៉ូណាវីរុស៖ កម្ពុជាដាក់មនុស្ស៤នាក់ឲ្យនៅដោយឡែកពីគេ © នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​ទំព័​រហ្វេស​ប៊ុក​នា​ថ្ងៃទី៥ ខែ​មីនា​នេះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង CDC បាន​អះអាង​ថា​កម្ពុជា​បាន​រក​ឃើញ​អ្នក​ប៉ះពាល់​ផ្ទាល់​ ៤នាក់​ និង​ ៤០នាក់​ប៉ះពាល់​ដោយ​ប្រយោល ដែល​តម្រូវ​ឱ្យ​គាត់​នៅ​ដោយ​ឡែក​ពី​គេ​ចំនួន​ ១៤ថ្ងៃ​ និង​តាម​ដាន​សុខភាព​ បើមាន​ចេញ​រោគសញ្ញា​ត្រូវ​យក​វត្ថុ​វិភាគ​ជា​បន្ទាន់​ ហើយ​រហូត​ពេល​នេះ​ពួក​គាត់​ពុំទាន់​មាន​រោគ​សញ្ញា​នៅ​ឡើយ​ទេ។

ការ​ស្វែង​រក​ឃើញ​អ្នក​ ដែល​ប៉ះពាល់​នា​ពេល​នេះ គឺ​បន្ទាប់​ពី​បុរស​ជន​ជាតិ​ជប៉ុន​ម្នាក់​អាយុ​៤០​ឆ្នាំ បាន​ចាក​ចេញ​ពី​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា​ទៅ​ដល់​ប្រទេស​ជប៉ុន​ ហើយ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​កូវីដ១៩​(COVID-19) ពេល​ទៅ​ដល់​អាកាស​យានដ្ឋាន Chubu នៃក្រុង Nagoya ប្រទេស​ជប៉ុន កាល​ពីថ្ងៃ​ទី៤ ខែ​មីនា តាម​ជើង​ហោះហើរ​របស់​ក្រុម​អាកាស​ចរណ៍​វៀតណាម ​Vietnam Airlines។

សូមជំរាបជូនសាធារណ:ជនឲ្យបានជ្រាបថា ក្រោយពីទទួលបាន​ ព័ត៌មានថា​ ជនជាតិជប៉ុនមានផ្ទុកមេរោគ ​Covid-19,...

Publiée par នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC sur Jeudi 5 mars 2020

លោក ទៀ សីហា អភិបាល​ខេត្តសៀមរាប​​ បាន​អះអាង​បន្ថែម​ថា​អ្នក​ទាំង​៤នាក់ ​ដែល​មាន​ទំនាក់​ទំនង និង​បះពាល់​ផ្ទាល់​ជា​មួយ​ជន​ជាតិ​ជប៉ុន​ ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​នៅ​ក្នុង​មន្ទីរពេទ្យ និង​ធ្វើ​ការ​តាម​ដាន​ដោយ​ផ្ទាល់​។

រហូត​មក​ដល់​ពេល​នេះ​កម្ពុជា​មិន​ទាន់​ទទួល​បាន​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​ពី​ប្រទេស​ជប៉ុន លើ​ករណី​បុរស​ជនជាតិ​ជប៉ុន​ម្នាក់​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​កម្ពុជា​បាន​ដាក់​ចេញ​វិធាន​ការ​ស្តង់ដារ ដោយ​ធ្វើ​ការ​តាម​រក​អ្នក​បាន​ប្រស្រ័យ​ទាក់ទង​ និង​ប៉ះ​ពាល់ ជា​មួយ​ជនជាតិ​ជប៉ុន​រូប​នេះ​នៅ​ក្នុង​កម្ពុជា​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ស្រី ឱ វណ្ណឌីន រដ្ឋ​លេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ក្រសួង​សុខាភិបាល​នារ​សៀលថ្ងៃទី៥ ខែមីនា​។

បើ​តាម​លិខិត​របស់​ឯក​អគ្គរាជទូត​កម្ពុជា​ ប្រចាំ​ប្រទេស​ជប៉ុន បុរស​ជនជាតិ​ជប៉ុន​រូប​នេះ បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​កាល​ពីថ្ងៃទី១៦ ខែ​កុម្ភៈ ឆ្លង​កាត់​វៀតណាម ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​ហ្វីលីពីន​នៅ​ថ្ងៃទី​២១ ខែកុម្ភៈ​។ គាត់​បញ្ជាក់​ថា​មិន​សូវ​ស្រួល​ខ្លួន​នៅ​ថ្ងៃទី​២១ ខែ​កុម្ភៈ ហើយ​គាត់​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​២៨​ ខែ​កុម្ភៈ ហើយ​ថ្ងៃទី​៣ ខែ​មីនា បាន​ទៅ​ពេទ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​គាត់​មាន​អាការៈ​ពិបាក​ដក​ដង្ហើម​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​បុរស​រូប​នេះ ​ប្រាប់​សារព័ត៌មាន​ជប៉ុន ​និង​ត្រូវ​បាន​ដក​ស្រង់​ដោយ​ឯកអគ្គ​រាជ​ទូត​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ