អានតួអត្ថបទ
បារាំង

របាយការណ៍៖​ជំនួញ​ផលិតផល​ក្លែងក្លាយ​ក្នុង​លោក​មាន​ទឹកប្រាក់​ជិត ៥០ម៉ឺនលានដុល្លារ​ក្នុង​១ឆ្នាំ

នៅ​ថ្ងៃ​ចន្ទ ទី១៨ មេសា អង្គការ​ដើម្បី​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ហៅ​កាត់​ថា OCDE និង​ការិយាល័យ​អឺរ៉ុប​ដើម្បី​កម្មសិទ្ធិបញ្ញា​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​ពាណិជ្ជកម្ម​ផលិតផល​ក្លែងក្លាយ​ក្នុង​លោក។ របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ជា​រៀងរាល់​ឆ្នាំ ការ​ជួញដូរ​ផលិតផល​ក្លែងក្លាយ​គ្រប់​ប្រភេទ​ក្នុង​លោក​មាន​ទឹកប្រាក់​ជិត ៥០០ ០០០លានដុល្លារ​ក្នុង​១ឆ្នាំ ពោល​ស្មើ​នឹង ២,៥% នៃ​ពាណិជ្ជកម្ម​ពិភពលោក។

របាយការណ៍៖​ជំនួញ​ផលិតផល​ក្លែងក្លាយ​ក្នុង​លោក​មាន​ទឹកប្រាក់​ជិត ៥០ម៉ឺនលានដុល្លារ​ក្នុង​១ឆ្នាំ
របាយការណ៍៖​ជំនួញ​ផលិតផល​ក្លែងក្លាយ​ក្នុង​លោក​មាន​ទឹកប្រាក់​ជិត ៥០ម៉ឺនលានដុល្លារ​ក្នុង​១ឆ្នាំ
ផ្សាយពាណិជ្ជកម្ម

គិត​ត្រឹម​តែ​ក្នុង​ឆ្នាំ ២០១៣ មួយ ទឹកប្រាក់​បាន​មក​ពី​ការ​ជួញដូរ​ផលិតផល​ក្លែងក្លាយ​ក្នុង​លោក​មាន​ដល់​ទៅ ៤៦១ ០០០លានដុល្លារ។ នៅ​ក្នុង​សហភាព​អឺរ៉ុប ផលិតផល​ក្លែងក្លាយ​មាន​រហូត​ដល់​ទៅ ៥% នៃ​ផលិតផល​នាំ​ចូល​សរុប ពោល​មាន​ទឹកប្រាក់​ដល់​ទៅ ៨៥ ០០០លានដុល្លារ។ ប្រទេស​ដែល​បាន​រងគ្រោះ​ខ្លាំង​ជាង​គេ​ដោយ​ផលិតផល​ក្លែងក្លាយ​ម៉ាក​ធំៗ​ក្នុង​ចន្លោះ​ឆ្នាំ ២០១១ និង ២០១៣ គឺ​អាមេរិក​មាន​អត្រា ២០% ប្រទេស​អ៊ីតាលី ១៥% និង​បារាំង ក៏​ដូច​ជា​ប្រទេស​ស្វ៊ីស​ចំនួន ១២%។

ចំណែក​ចិន​ជាប់​លេខ១ ជា​ប្រទេស​ផលិត​ចេញ​នូវ​ផលិតផល​ក្លែងក្លាយ​ដោយ​មិន​រើស​ប្រភេទ​ផលិតផល។ ទំនិញ​ក្លែងក្លាយ​ដែល​រឹបអូស​បាន​ក្នុង​ចន្លោះ​ឆ្នាំ ២០១១ និង ២០១៣ មាន ៦៣,២% ជា​ផលិតផល​ក្លែងក្លាយ « Made in China »។ ប្រទេស​ជាប់​ចំណាត់ថ្នាក់​ទី២ ខាង​ផលិត​ចេញ​នូវ​ផលិតផល​ក្លែងក្លាយ គឺ​តួកគី​ដែល​ផលិតផល​ក្លែងក្លាយ​រឹបអូស​បាន​ក្នុង​ចន្លោះ​ឆ្នាំ ២០១១ និង ២០១៣ មាន ៣,៣%។ យោង​តាម​របាយការណ៍ ផលិតផល​ក្លែងក្លាយ​មាន​សឹង​តែ​គ្រប់​ប្រភេទ​ផលិតផល និង​សឹង​តែ​គ្រប់​ម៉ាក​ទាំង​អស់។

 

គេ​អាច​រក​បាន​ទំនិញ​ក្លែងក្លាយ​តាំង​ពី​ម៉ាក​ធំៗ​រហូត​ដល់​ម៉ាក​តូចៗ និង​មាន​ទំនិញ​គ្រប់បែប​តាំង​ពី​របស់​របរ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ដូច​យ៉ាង​ម្សៅលាបមុខ ថ្នាំពេទ្យ​រហូត​ដល់​គ្រឿង​ឧបភោគបរិភោគ។ របាយការណ៍​បាន​លើក​ឡើង​ពី​ផលវិបាក​បង្ក​ឡើង​ដោយ​ផលិតផល​ក្លែងក្លាយ ដូច​យ៉ាង​គ្រឿង​បន្លាស់​រថយន្ត​គ្មាន​គុណភាព ថ្នាំពេទ្យ និង​សម្ភារៈក្មេងលេង​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស។

 

ទឹកដី​ហុងកុង សិង្ហបុរី និង​ចិន​ដែល​ជា​ទីតាំង​ពាណិជ្ជកម្ម​អន្តរជាតិ​ត្រូវ​បាន​របាយការណ៍​ចាត់​ទុក​ជា​ទីកន្លែង​ឆ្លង​កាត់​ផលិតផល​ក្លែងក្លាយ។ ចំណែក​ក្រុម​ឈ្មួញ​ដែល​ជួញ​ដូរ​ផលិតផល​ក្លែងក្លាយ​ច្រើន​តែ​បោះ​ទីតាំង​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​ដែល​មាន​អស្ថិរភាព​នយោបាយ ដូច​យ៉ាង​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​ប្រទេស​អាហ្វហ្កានីស្ថាន។ សូម​បញ្ជាក់​ថា របាយការណ៍​នេះ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ទិន្នន័យ​ពី​ការ​រឹបអូស​ទំនិញ​ក្លែងក្លាយ​ជិត ៥០ម៉ឺនដង​ក្នុង​លោក​នៅ​ចន្លោះ​ឆ្នាំ ២០១១ និង ២០១៣ តែ​មិន​បាន​រាប់បញ្ជូល​ពី​ការ​ជួញ​ដូរ​ផលិតផល​ក្លែងក្លាយ​តាម​អ៊ីនធឺណែត​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ