អានតួអត្ថបទ
កម្ពុជា

សមត្ថ​​កិច្ច​​បំ​​បែក​​យុវ​​ជន​​បក្ស​​សង្គ្រោះ​​ជាតិ​​ដែល​​ជួបជុំ​​នៅ​​ទី​លាន​​ប្រ​ជា​ធិប​តេយ្យ​

យុវ​ជន​គណ​បក្ស​សង្គ្រោះ​ជាតិ​មួយ​ក្រុម​ដែល​មាន​គ្នា៩​នាក់​ បាន​ប៉ុន​ប៉ង​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ​នៅ​ព្រឹក​ថ្ងៃ​ព្រ​ហស្បតិ៍​នេះ​ ដើម្បី​ទាម​ទារ​រក​យុត្តិ​ធម៌​ជូន​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ក្នុង​អំ​ពើ​ហិង្សា​ កាល​ពី​ថ្ងៃ​ទី​៣​មករា។ ប៉ុន្តែ ពួក​គេ​ត្រូវ​បាន កម្លាំង​សមត្ថ​កិច្ច​បំបែក។ អង្គការ​សិទ្ធិ​មនុស្ស អះ​អាង​ថា​ គ្មាន​ទី​កន្លែង​សម្រាប់​បញ្ចេញ​មតិ​ទៀត​ទេ។ ប៉ុន្តែ មន្ត្រី​អាជ្ញា​ធរ​បញ្ជាក់​ថា ការ​ជួប​ជុំ​ធ្វើ​បាតុ​កម្ម​នឹង​បើក​ឲ្យ​ធ្វើ​ឡើងវិញ​នៅ​ពេល​ណា​ដែល​ស្ថាន​ការណ៍​វិល​ទៅ​រក​ភាព​ប្រ​ក្រតី​ឡើង​វិញ​។

កម្លាំងសមត្ថកិច្ចកំពុងបណ្តេញបាតុករ និងព្រះសង្ឃចេញពីទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី ០៤ មករា ឆ្នាំ ២០១៤។
កម្លាំងសមត្ថកិច្ចកំពុងបណ្តេញបាតុករ និងព្រះសង្ឃចេញពីទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី ០៤ មករា ឆ្នាំ ២០១៤។ RFI/ siv channa
ផ្សាយពាណិជ្ជកម្ម

យុវជន​គណ​បក្ស​សង្គ្រោះ​ជាតិ​មួយ​ក្រុម​ដែល​មាន​គ្នា​តែ​៩​នាក់​ប៉ុណ្ណោះ​ បាន​មក​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រ​ជា​ធិប​តេយ្យ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី០៩មករា​នេះ​ ដើម្បី​សម្តែង​មតិ​តវ៉ា។ ប៉ុន្តែ ពួកគេ​ត្រូវបាន​សមត្ថកិច្ច​បំបែកភ្លាម។ ក្រុមអ្នកកាសែត និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​តាម​ដាន​​បញ្ហា​នេះ​ក៏​ត្រូវបាន​សមត្ថកិច្ច​ប​ណ្តេ​ញ​ដែរ។​

កញ្ញា លីម គីម​ស័​រ តំណាង​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ជំនួយការ​របស់​អ្នកស្រី មួរ សុខ​ហួរ បាន​ប្រាប់​វិទ្យុ​បារាំង​ថា បានជា​ក្រុមយុវជន​គណបក្ស​សង្គ្រោះ​ជាតិ៩នាក់​បានមក​ជុំគ្នា​នៅលើ​ទីលាន​ប្រជា​ជា​ធិបតេយ្យ​ ពីព្រោះ​អាជ្ញាធរ​បាន​ហាម​មិន​ឲ្យ​មានការ​ជួបជុំគ្នា​ចាប់​ពី​១០នាក់​ឡើងទៅ។

ក្រុមយុវជន​ទាំងនោះ​មានបំណង​ជួបជុំគ្នា​សម្តែង​មតិ​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ដែល​ត្រូវបាន​ស្លាប់ ​និង​រងរបួស​ក្នុងការ​ប៉ះទង្គិច​គ្នា និង​ទាមទារ​​ឲ្យ​មានការ​បោះឆ្នោត​សា​ឡើងវិញ។ បន្ទាប់ពី​ការ​បំបែក​នោះ ក្រុមយុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​ធ្វើដំណើរ​ទៅ​អង្គការ​លី​កា​ដូ ដើម្បី​រក្សា​សុវត្ថិ​ភាពជា​បណ្តោះអាសន្ន ​ពីព្រោះ​ពួកគេ​យល់ថា សមត្ថកិច្ច​បាន​តាមដាន​ពួក​គេ​ពីក្រោយ។ នេះ​បើ​យោងតាម​កញ្ញា លីម គីម​ស័​រ ។

ប៉ុន្តែ លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​របស់​សាលា​រាជធានី​ភ្នំពេញ​បដិសេធថា អាជ្ញាធរ​មិន​បាន​​ចេញ​បម្រាម​មិន​ឲ្យ​មានការ​ជួបជុំ​មនុស្ស១០នាក់ ​ដូច​ការលើកឡើង​របស់​យុវជន​គណបក្ស​ប្រឆាំង​ទេ។ លោក​បញ្ជាក់ថា ការ​បំបែក​ក្រុមយុវជន​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅលើ​ទីលាន​ប្រជាធិបតេយ្យ​គឺ ដោយសារតែ​ពួកគាត់​មិនបាន​សុំច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​មុននឹង​ប្រមូល​ផ្តុំគ្នា។

លោក ឡុង ឌី​ម៉​ង់ បាន​អះអាងថា សាលាក្រុង​ភ្នំពេញ​និង​អនុញ្ញាត​ឲ្យ​មានការ​ជួបជុំ និង​ធ្វើ​បាតុកម្ម​វិញ នៅពេលណា​ដែល​ស្ថានការណ៍​នៅក្នុង​សង្គម វិល​មករក​ភាពប្រក្រតី​ឡើងវិញ។

ភ្លាមៗនោះដែរ អង្គការ​អាដហុក បានចេញ​សេចក្តីថ្លែងការណ៍​មួយ​រិះគន់​ការ​បំបិទ​សិទ្ធិ​សេរីភាព​សម្តែង​មតិ។ អាដហុក​ក៏បាន​រម្លឹក​ដល់​រដ្ឋាភិបាល​កម្ពុជា​ថា​ សិទ្ធ​ក្នុង​ការប្រមូល​ផ្តុំគ្នា​ដោយ​​​សេរី គឺជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​របស់​លទ្ធិប្រជាធិបតេយ្យ ដែល​ត្រូវបាន​ទទួលស្គាល់ ទាំង​ច្បាប់​នៅក្នុង​ស្រុក និង​អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ