អានតួអត្ថបទ
រុស្ស៊ី

លទ្ធផល​នៃ​ការ​ប្រឡង “បវរស្ត្រី​ពិភពលោក-២០១២” នៅ​រុស្ស៊ី

ជាលទ្ធផល​នៃ​ការ​ប្រឡងប្រជែង​នេះ ក្រោមឈ្មោះ​ថា Missis Universe-2012 ដែលបាន​ប្រព្រឹត្តទៅ ក្នុង​ក្រុងមួយ​នៃ​ប្រទេស​រុស្ស៊ី គឺ​ជាតិ Colombie អ្នកស្រី Layla Martinez ដែល​បាន​ទទួល​ជ័យជំនះ​ឈ្នះគេ ក្នុង​ចំណោម​ស្ត្រី​តំណាងឲ្យ ៣០ប្រទេស។ ការប្រកួត​នេះ ប្លែកខុស​ពី​ “ការប្រកួត​រវាង​បវរកញ្ញា” ដ្បិតស្ត្រី​ដែល​ចូល​ប្រកួត​ត្រូវមាន​គ្រួសារ​ពេញលក្ខណៈ ពោលគឺ ត្រូវមាន​ប្តីផង មានកូន​ក្នុងបន្ទុក​ផង។

បវរស្រ្តីពិភពលោក​ ឆ្នាំ២០១២
បវរស្រ្តីពិភពលោក​ ឆ្នាំ២០១២
ផ្សាយពាណិជ្ជកម្ម

ជាបឋម គួរនិយាយ​ថា មូលហេតុ​ដែល​នាំឲ្យ​ការប្រកួត​លើកនេះ​ប្រព្រឹត្តទៅ​នៅ​ក្រុង​រុស្ស៊ី “Rostov មាត់ទន្លេ Don” ស្ថិតនៅ​ចម្ងាយ ១.១០០គ.ម.​ខាងត្បូង​ពី​រដ្ឋធានី​ម៉ូស្គូ មកពី​ក្នុង​ការ​ប្រកួត “បវរស្ត្រី​ពិភពលោក-ឆ្នាំ២០១១” នៅ​ប្រទេស Bulgarie នារី​រុស្ស៊ី Maria Yaroshenko ជា​ពិធីការិនី​ទូរទស្សន៍​ក្រុង​នេះ ដែល​ទោះបី​ជាប់​ត្រឹម​លេខ៣​ក្តី ក្នុង​ចំណោម​ស្ត្រី ៣០ប្រទេស គឺ​ត្រូវបាន “គណៈកម្មាធិការ​ខាង​ចាត់ចែង” យល់ព្រម​តាម​សំណើ​គាត់ ឲ្យ​យក​ក្រុង​កំណើត​នេះ​របស់គាត់​ធ្វើជា​ម្ចាស់ផ្ទះ ទទួល​ការ​ប្រកួត “បវរស្ត្រី​ពិភពលោក-ឆ្នាំ២០១២”។

ចំណែក​ល័ក្ខខ័ណ្ឌ ដែល​ស្ត្រី​ចូលរួម​ត្រូវ​បំពេញតាម គឺ ៖ ទី១-ត្រូវ​មានប្តី និង​មាន​កូន​ក្នុង​បន្ទុក។ ទី២- គេត្រូវ​ប្រកាន់ខ្ជាប់​គោលការណ៍​នៃ​សីលធម៌​ខ្ពស់។ ទី៣-គេត្រូវ​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌។

សម្រាប់ស្ត្រី ដែល​តំណាងឲ្យ​៣០ប្រទេស ដែល​ចូលខ្លួន​ប្រឡងប្រជែង​លើកនេះ គឺ​ក្នុងចំនួន​ដូច​កាលពី​ឆ្នាំមុន នៅ​ប្រទេស​ប៊ុលហ្ការី​អ៊ីចឹង ម្នាក់ៗ​ត្រូវចេះ​ត្រៀម​ឲ្យ​បាន ហើយ​ការពារ​ឲ្យបាន ដូចចិត្ត គឺ៖ និក្ខេបបទ ស្តីអំពីការប្រយុទ្ធទល់នឹងអំពើហិង្សាក្នុងគ្រួសារនៃប្រទេសរៀងៗខ្លួន។
 
ការប្រកួតផ្ទាល់ បានប្រព្រឹត្តទៅជា ៣ឈុត៖

ឈុតទី១- ការដើរ​បង្ហាញរាង​លើឆាក ដោយ​ទាំង​៣០នាក់ ស្លៀកពាក់​យ៉ាង​សង្ហា ដូចៗគ្នា។

ឈុតទី២- ការដើរ​បង្ហាញ​សម្រស់​រូបកាយ ដោយ​ម្នាក់ៗ ទាំង​ភាគ​មួយកំណាត់ខ្លួន​ខាងលើ ទាំង​ភាគ​មួយកំណាត់ខ្លួន​ខាងក្រោម គឺ​ពាសបាំង​ទៅដោយ​សម្លៀកបំពាក់​តិចបំផុត។

ឈុតទី៣- ការដើរ​បង្ហាញរាង​លើឆាក ដោយ​ស្លៀកពាក់​រ៉ូប​ពេលល្ងាច សម្រាប់​ចូលរួម ក្នុង​ពិធីណា​ដែល​អ៊ឹកអធិក។

ជាបង្ហើយកិច្ច គឺ​ការ​ឆ្លើយតប​នឹង​សំណួរ ស្តីអំពី​តួនាទី​ស្ត្រី ក្នុង​គ្រួសារ ក្នុង​សង្គម។

នៅទីបំផុត គណៈមេប្រយោគ​បាន​ប្រកាស​លទ្ធផល ដូចតទៅ៖ ជាប់លេខ១ ជា “បវរស្ត្រី​ពិភពលោក ឆ្នាំ២០១២” គឺ អ្នកស្រី Layla Martinez ដែលជា Business Woman តំណាងឲ្យ​ប្រទេស Colombie ទ្វីប​អាមេរិក​ឡាទីន។ ជាប់​លេខ២ គឺ​ស្ត្រី​តំណាងឲ្យ​ស.រ.អា.។ ជាប់​លេខ៣ គឺ​ស្ត្រី​មកពី​ប្រទេស Kenya ទ្វីប​អាហ្វ្រិក។ ជាប់​លេខ៤ គឺ​ស្ត្រី ជាតិ Bulgarie។

ថ្លែងបន្ទាប់មកទៅអ្នកកាសែត “បវរស្ត្រី​ពិភពលោក ឆ្នាំ២០១២” ដែល​មាន​អាយុ ២៦ឆ្នាំ តំណាល​ថា ក្រុង​រុស្ស៊ី “Rostov មាត់ទន្លេ Don”ស្អាត​ដូច​ក្រុងកំណើត​គាត់​នៅ​ប្រទេស Colombie អ៊ីចឹង ហើយ​ឆ្នាំក្រោយ គាត់​នឹង​នាំ​កូនស្រី​គាត់​អាយុ ៨ឆ្នាំ ឲ្យ​មកឃើញ​ក្រុងនេះ​តែម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ