អានតួអត្ថបទ
កម្ពុជា

អភិ​បាល​រាជធានី​ភ្នំពេញ៖ មាន​ប្រជា​ពលរដ្ឋ​ប្រមាណ​៥៥ម៉ឺន​នាក់​មក​ចូល​រួម​បុណ្យ​អុំទូក​ថ្ងៃទី១​

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​អះអាង​ថា​មាន​ប្រជា​ពលរដ្ឋ​ប្រមាណ​៥៥​ម៉ឺន​នាក់ បាន​ចូល​រួម​ក្នុង​ថ្ងៃទី១​ នៃ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ កាល​ពីថ្ងៃទី​១០ ខែ​វិច្ឆិកា​ម្សិលមិញ​ នៅ​រាជធានី​ភ្នំពេញ​។ អភិបាល​រាជធានី​ភ្នំពេញ​រូប​នេះ រំពឹង​ថា​នឹង​មាន​ប្រជា​ពលរដ្ឋ​ចូល​រួម​ច្រើន​ជាង​ថ្ងៃទី១​។

រូបភាព៖ទិដ្ឋភាពនៃពិធីបុណ្យអុំទូក
រូបភាព៖ទិដ្ឋភាពនៃពិធីបុណ្យអុំទូក @សហការី
ផ្សាយពាណិជ្ជកម្ម

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​អះអាង​ប្រាប់​វិទ្យុបារាំង​អន្តរ​ជាតិ​ថា ក្នុង​ថ្ងៃទី១​នៃ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ​មាន​ពលរដ្ឋ​ប្រមាណ​៥៥ម៉ឺន​នាក់​ចូល​រួម ខណៈ​ថ្ងៃទី២​នៃ​ពិធីបុណ្យ​អុំទូក​អាច​នឹង​មាន​មនុស្ស​ចូលរួម​ច្រើន​ជាង​ថ្ងៃទី១ ដោយ​សារថ្ងៃទី​២គឺ​ជា​ថ្ងៃ​អក​អំបុក​។

យ៉ាងណា​ក៏​ដោយ លោក ឃួង ស្រេង បាន​បញ្ជាក់​ថា​ចំនួន​ប្រជា​ពលរដ្ឋ ដែល​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​អុំទូក​ក្នុង​ថ្ងៃទី១ នៅ​រាជ​ធានី​ភ្នំពេញ កាល​ពីឆ្នាំ​មុន​គឺ​មាន​ប្រមាណ៨សែន​នាក់ ខណៈ​ឆ្នាំ​នេះ​មាន​ប្រមាណ​៥៥ម៉ឺន​នាក់ ដោយ​សារ​តែ​ឆ្នាំ​នេះ​ ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​បណ្តា​ខេត្ត និង​ខ្លះ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ក្រៅ​ប្រទេស​។

បន្ទាប់​ពី​មាន​ការ​លើក​ឡើង​ថា​ចំនួន​ប្រជាពល​រដ្ឋ​មក​ចូលរួម​ពិធីបុណ្យ​អុំទូក និង​បណ្តែត​ប្រទីប មាន​ការ​ថយ​ចុះ ដោយ​សារ​ការ​ពង្រាយ​កម្លាំង​សន្តិសុខ​ច្រើន​នោះ, អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា​ការ​ពង្រាយ​កម្លាំង​សន្តិសុខ​ច្រើន​គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កក់ក្តៅ​ទៅ​វិញ​ទេ ដោយ​សារ​តែ​កម្លាំង​សន្តិសុខ​មិនមែន​ជា​កម្លាំង​យាយី​ប្រជាពល​រដ្ឋ​ឡើយ​។ លោក​បន្ថែម​ថា ការ​ដាក់​ពង្រាយ​កម្លាំង​សន្តិសុខ​នេះ គឺ​ជា​រឿង​ធម្មតា​ទេ ដូច​រៀងរាល់​ឆ្នាំ​ដែរ​។

លោក ខៀវ សុភ័ក អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ធ្លាប់​បាន​អះអាង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ថា នៅ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ធំៗ គឺ​បុណ្យ​ឯករាជ្យ​ជាតិ ៩វិច្ឆិកា និង​បុណ្យ​អុំទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី១០ ១១ និង១២ ខែវិច្ឆិកា ​នេះ រដ្ឋា​ភិបាល​កម្ពុជាបាន​ដាក់​ពង្រាយ​កង​កម្លាំង​ចម្រុះ ចំនួន​ជិត​២ម៉ឺន​នាក់ ខណៈ​បុណ្យ​អុំទូក​ឆ្នាំ​ទៅ រដ្ឋា​ភិបាល​បាន​ដាក់​កម្លាំង​ការពារ​តែ​ប្រមាណ ១៣ ០០០​នាក់​។

បើតាមលោកខៀវ សុភ័ក ក្នុង​ចំណោម​កង​កម្លាំង​ចំរុះ​ទាំង​នេះ ត្រូវ​បាន​ចែក​ចេញ​ជា​កម្លាំង​ប្រចាំ​ការ​តាម​គោល​ដៅ​សំខាន់ៗ កម្លាំង​ចល័ត ដែល​មាន​ឯក​សណ្ឋាន និង​មាន​បំពាក់​អាវុធ​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ