អានតួអត្ថបទ
អាល្លឺម៉ង់-ចិន

លោក​នាយករដ្ឋមន្រ្តី​ចិន​ទៅ​ទស្សនកិច្ច​នៅ​អាល្លឺម៉ង់​ដើម្បី​ពង្រឹង​ទំនាក់ទនង​សេដ្ឋកិច្ច

នៅ​ថ្ងៃ​សុក្រ ទី១០ តុលា​នេះ លោក​នាយករដ្ឋមន្រ្តី​ចិន​លី ខឺឈាំង​បាន​ផ្តើម​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់។ អាល្លឺម៉ង់ និង​ចិន​ដែល​ជា​ប្រទេស​ជើងឯក​ខាង​នំា​ទំនិញ​ចេញ​ដូច​គ្នា។ កម្មវត្ថុ​នៃ​ទស្សនកិច្ច​របស់​លោក​ប្រមុខ​រដ្ឋាភិបាល​ចិន គឺ​ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ឯកសិទ្ធិ​រវាង​ប្រទេស​មហាអំណាច​ពាណិជ្ជកម្ម​ទំាង​ពីរ។ ដោយឡែក និង​ក្រៅ​ពី​ប្រយោជន៍​សេដ្ឋកិច្ច​រវាង​គ្នា ក៏​នៅ​មាន​ប្រធាន​រឿង​ខ្លះ​ដែល​ចិន​មិន​ចង់​ឮ ពិសេស​ទាក់ទង​នឹង​រឿង​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​ចិន។

លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ Angela Merkel និង​លោក​នាយករដ្ឋមន្រ្តី​ចិន Li Keqiang
លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ Angela Merkel និង​លោក​នាយករដ្ឋមន្រ្តី​ចិន Li Keqiang Reuters/Andy Wong/Pool
ផ្សាយពាណិជ្ជកម្ម

ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្រ្តី​ចិន​លឺ ខឺឈាំង​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ថ្ងៃ​នេះ​បាន​អម​ដំណើរ​ដោយ​សមាជិក​រដ្ឋាភិបាល​ចិន​ចំនួន ១៤រូប​ផ្សេង​ទៀត។ វត្តមាន​សមាជិក​រដ្ឋាភិបាល​ចិន​ដ៏​ច្រើន​នេះ​ក៏​ដោយសារ​ថា អាល្លឺម៉ង់​ជា​ប្រទេស​តែ​មួយ​គត់​នៅ​ក្នុង​លោក​ដែល​ចិន​បន្ត​រក្សា​ទំនាក់ទំនង​ជា​លក្ខណៈ​អន្តររដ្ឋាភិបាល។ គឺ​ជា​ទំនាក់ទំនង​ឯកសិទ្ធិ​មួយ​ក្នុង​នាម​អាល្លឺម៉ង់​ជា​ប្រទេស​ដៃគូ​ទី១ របស់​ចិន​នៅ​ក្នុង​ទ្វីប​អឺរ៉ុប និង​ក្នុង​នាម​ចិន​ជា​ប្រទេស​ដៃគូ​ទី៣ របស់​អាល្លឺម៉ង់​នៅ​ក្នុង​ពិភពលោក។ ទស្សនកិច្ច​នៅ​អាល្លឺម៉ង់​របស់​លោក​ប្រមុខ​រដ្ឋាភិបាល​ចិន​ពេល​នេះ​បាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ បន្ទាប់​ពី​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង។ រីឯ​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​បាន​ទៅ​ទស្សនកិច្ច​ក្នុង​ប្រទេស​ចិន​ចំនួន ៧ដង​ដែល​ចង់​ក្រោយ​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​ថ្មីៗ​នេះ។

អាល្លឺម៉ង់ និង​ចិន គឺ​ជា​ប្រទេស​មហាអំណាច​ពាណិជ្ជកម្ម​មាន​ជើងឯក​ក្នុង​វិស័យ​នំា​ចេញ និង​ដែល​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​គ្នា​កាល​ពី​ឆ្នំា ២០១៣ មាន​ទឹកប្រាក់​ដល់​ទៅ ១៤០ ០០០លានអឺរ៉ូ ក្នុង​នោះ អាល្លឺម៉ង់​បាន​ទិញ​ទំនិញ​ចិន​ក្នុង​ទឹកប្រាក់ ៧៣ ០០០លានអឺរ៉ូ រីឯ​ចិន​វិញ​បាន​ទិញ​ទំនិញ​អាល្លឺម៉ង់​តែ​ក្នុង​ទឹកប្រាក់ ៦៧ ០០០លានអឺរ៉ូ​ប៉ុណ្ណោះ។ ជា​រួម សេដ្ឋកិច្ច​អាល្លឺម៉ង់​កំពុង​ពឹងពាក់​យ៉ាង​ខ្លំាង​លើ​សេដ្ឋកិច្ច​ចិន។ អ៊ីចឹង​ហើយ​បាន​កំណើន​សេដ្ឋកិច្ច​ចិន​ធ្លាក់​ចុះ​កំពុង​ធ្វើ​ឲ្យ​ក្រុមអ្នកសេដ្ឋកិច្ច​អាល្លឺម៉ង់​ព្រួយបារម្ភ​យ៉ាង​ខ្លំាង។ យ៉ាង​ណា​ក៏​ដោយ រដ្ឋាភិបាល​នៃ​ប្រទេស​ទំាង​ពីរ​បាន​សន្យា​បង្កើន​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​គ្នា​ឲ្យ​បាន ២០០ ០០០លានអឺរ៉ូ​សម្រាប់​ឆ្នំា​ខាង​មុខ។ ក្រៅ​ពី​កិច្ចសហប្រតិបត្តិការ​ក្នុង​ផ្នែក​សុខាភិបាល និង​ការ​ការពារ​បរិស្ថាន ក៏​នៅ​មាន​កិច្ចសន្យា​ពាណិជកម្ម​ផ្សេង​ទៀត​ដែល​នឹង​ចុះ​ហត្ថលេខា​នា​ដំណើរ​ទស្សនកិច្ច​របស់​លោក​លី ខឺឈាំង​ថ្ងៃ​នេះ។ កិច្ចសន្យាពាណិជ្ជកម្ម​ដែល​នឹង​អាច​មាន​ទឹកប្រាក់ ២ ០០០លានដុល្លារ នេះ​បើ​តាម​លោក​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាល្លឺម៉ង់។

ក្រៅ​ពី​រឿង​សេដ្ឋកិច្ច ក៏​នៅ​មាន​រឿង​ចម្រូងចម្រាស​មួយ​ចំនួន ដូច​យ៉ាង​សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ការ​គោរពសិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ចិន។ គឺ​ជា​ប្រធាន​រឿង​ដែល​លោកស្រី​នាយរដ្ឋមន្រ្តី​អាល្លឺម៉ង់​មិន​អាច​បោះបង់​បាន តែ​លោកស្រី​ក៏​មិន​ចង់​ប្រើ​ពាក្យពេចន៍​ដែល​នំា​ឲ្យ​ចិន​ក្តៅក្រហាយ​ដែរ។ ក្រសួង​ការបរទេស​ចិន​បាន​ធានា​ថា ចិន​ត្រៀមខ្លួន​នឹង​និយាយ​ពី​បញ្ហា​សិទ្ធិមនុស្ស តែ​ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃ​ការ​គោរព​គ្នា​ទៅ​វិញ ទៅ​មក និង​មិន​ត្រូវ​មាន​ការ​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​អ្នកដទៃ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ