អានតួអត្ថបទ
ស៊ីរី

បេសកជន​អង្គការ​សហប្រជាជាតិ​ ឡាក់ដារ​ ប្រាហ៊ីមី​ ត្រលប់​មក​កាន់​ទីក្រុង​ដាម៉ាស​វិញ​

បន្ទាប់​ពី​បាន​ធ្វើ​ទស្សនកិច្ច នៅ​ទី​ក្រុង​​ដាម៉ាស​ កាល​ពី​ខែ​តុលា​កន្លង​មក បេសកជន​​របស់​អង្គការ​សហប្រជាជាតិ​ លោក​ ឡាក់ដារ​ ប្រាហ៊ីមី បាន​​វិល​ត្រលប់​មក​កាន់​ប្រទេស​ស៊ីរី​វិញ​ នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ ដើម្បី​ព្យាយាម​​ស្វែង​រក​ដំណោះស្រាយ​​ជំលោះ​​នៅ​ក្នុង​ប្រទេស​ស៊ីរី ជាថ្មី​ម្តង​ទៀត។ គេ​​មិន​ទាន់​ដឹង​​ច្បាស់​​នៅ​​ឡើយ​ អំពី​កម្មវិធី​នៃ​ដំណើរទស្សនកិច្ច​របស់​បេសកជន​ ប្រាហ៊ីមី។ ដោយ​ឡែក​ នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះដែរ​ អំពើហិង្សា បាន​បន្ត​កើត​មាន​នៅ​ក្នុង​ប្រទេសស៊ីរី​ សំលាប់​មនុស្ស​១៧៥ នាក់​ ក្នុង​នោះ​ភាគច្រើន​ជា​ជន​ស៊ីវិល។

បេសកជន​អង្គការ​សហប្រជាជាតិ​ ឡាក់ដារ​ ប្រាហ៊ីមី​
បេសកជន​អង្គការ​សហប្រជាជាតិ​ ឡាក់ដារ​ ប្រាហ៊ីមី​ AFP PHOTO / STR
ផ្សាយពាណិជ្ជកម្ម

លោក​ ឡាក់ដារ​ ប្រាហ៊ីមី បានធ្វើដំណើរ​ ពី​​ប្រទេស​ លី​បង់ ​មកដល់​ទី​ក្រុង​​​​ដាម៉ាស កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​​ ដែល​ ការ​មកដល់​របស់​លោក​ គឺ​ជាន់​ពេល​ជាមួយ​គ្នា​ នឹង​ពេល​ដែល​ពួក​ឧទ្ទាម​ ស៊ីរី​កំពុង​បង្កើត​​នូវ​ រណសិរ្ស​ថ្មី​មួយ​ ក្នុង​ខេត្ត​ហាម៉ា​ ស្ថិត​នៅភាគកណ្តាល​ប្រទេស។ ក្រុម​ប្រឆាំង​​ បាន​រាយការណ៍ថា នៅជិត​ហាង​លក់​នំបុ័ង​មួយ​ ក្នុង​​តំបន់ ហាល់ហ្វាយ៉ា គេ​ឃើញ​មាន​យន្តហោះ​ បាញ់សំលាប់​មនុស្សអស់​​ជាង​ ១០នាក់។

ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ ជំលោះ​ដែល​ធ្វើ​អោយ​ស៊ីរី ធ្លាក់​ក្នុង​វិបត្តិ​​ជិត​ពីរ​ឆ្នាំ​មកនេះ គេនៅ​មិនទាន់ដឹង​ថា តើ​បេសកជន​​​របស់​អង្គការ​សហប្រជាជាតិ​ នឹង​ត្រូវ​ជួប​ជាមួយ​ ប្រធានាធិបតី​ស៊ីរី​​ ​បាស្ហា​ អាល់អាសាដ​ រឺក៏​​យ៉ាង​ណា​ នៅ​ឡើយ។ ក្រសួង​ព័ត៌មាន​ស៊ីរី​​ បដិសេធ​ ថា​មិន​បាន​ដឹង​អំពី​ការ​​ត្រលប់​មក​វិញ​ របស់​លោក​ ប្រាហ៊ីមី​ នោះ​ទេ។​ ការ​បដិសេធ​នេះ​ បង្ហាញ​ច្បាស់ថា អ្នកកាន់អំណាច​នៅ​​ស៊ីរី​ គ្មាន​ការ​សប្បាយ​ចិត្ត​នឹង​ទស្សនកិច្ច​របស់​ បេសកជន​អង្គការ​សហប្រជាជាតិ​ ​នោះ​ឡើយ ពិសេស​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​ នៅ​ពេល​ដែលគេ​គិត​ថា​ ប្រធានាធិបតី​ អាសាដ អាច​នឹង​កាន់អំណាច​តែ​ក្នុង​រយៈ​ពេល​ បណ្តោះអាសន្នមួយ​​ប៉ុណ្ណោះ។

ទស្សនកិច្ច​របស់​ បេសកជន​ ​ ប្រាហ៊ីមី បាន​ប្រព្រិត្តិ​ទៅ​ បន្ទាប់​ពី ​បេសកជន​អង្គការ​សហប្រជាជាតិ  ម៉ុខតារ​ ឡាម៉ានី​ បាន​ធ្វើ​អន្តរាគម​ កាល​ពី​ពេល​ថ្មីៗនេះ​​ អោយ​​ក្រុម​ឧទ្ទាម​ស៊ីរី​​ ដក​ខ្លួន​ចេញ​ពី​​ជំរំ​ភៀសខ្លួ​ន​​ប៉ាលេស្ទីន​ មួយ​កន្លែង​ស្ថិត​នៅ​ជិត​ទីក្រុង​ ដាម៉ាស និង​ធ្វើអោយ​ប្រជាជន​​​មួយសែន​នាក់​ ដែល​​បាន​រត់​​ភៀសខ្លួន បាន​ត្រលប់​មក​កាន់​ជំរំ​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ