អានតួអត្ថបទ
ឧបទ្វីបកូរ៉េ​

កូរ៉េខាងជើង​រិះគន់​ប្រធានាធិបតី​កូរ៉េខាងត្បូង​យ៉ាង​ចាស់ដៃ​

នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ កាសែត​បារាំង​​AFP បាន​ចុះ​ផ្សាយ​ព័ត៌មាន​​​ប្រាប់ថា ផ្នែក​បញ្ជាការ​យោធា​ជាន់ខ្ពស់​​កូរ៉េខាងជើង​​​ បាន​​រិះគន់​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ យ៉ាង​​ចាស់ដៃ ហើយ​ថែមទាំង​បាន​សន្យា​ទៀតផង​ ថា​ក្រុងព្យុងយ៉ាង​នឹង​បន្ត​កម្មវិធី​អាវុធនុយក្លេអ៊ែរ​ខ្លួន​តទៅ​ទៀត។ ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​​ទំនាក់ទំនង​រវាង​បងប្អូន​ទាំងពីរ​ ហាក់បាន​ចាប់​ផ្តើម​កក់ក្តៅ​បន្តិចឡើងវិញ ការ​រិះគន់​ប្រើពាក្យពេចន៍​វាយប្រហារ​ លោកស្រី ប៉ាក់ គុនហេ នេះ បាន​ធ្វើអោយ​ស្ថានភាព​ចាប់​ផ្តើមតានតឹង​សា​ជាថ្មី។

យោធា​កូរ៉េខាងជើង
យោធា​កូរ៉េខាងជើង © Reuters / KCNA
ផ្សាយពាណិជ្ជកម្ម

ការរិះគន់​ប្រធានាធិបតី​កូរ៉េខាងត្បូង ប៉ាក់ គុនហេ​ ​​​ធ្វើឡើង​ដោយ​​​ផ្នែក​បញ្ជាការ​យោធា​ជាន់ខ្ពស់​កូរ៉េខាងជើង​ ​គឺ​ជាការ​ឆ្លើយតប​របស់​ក្រុងព្យុងយ៉ាង​ទៅនឹង​​សន្ទរកថា លោកស្រី​ ប៉ាក់ គុនហេ កាលពី​ថ្ងៃ​អង្គារ។ កាលពី​ថ្ងៃ​អង្គារ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​បាន​​លើកទឹកចិត្ត​ជំរុញ​អោយ​កូរ៉េខាងជើង បោះបង់​ចោល​នូវមហិច្ឆតា​នុយក្លេអ៊ែរ​របស់ខ្លួន។ លោកស្រី​ ប៉ាក់ គុនហេ ថែម​ទាំង​លើកឡើង​ ពី​សមត្ថភាព​យោធា​​ ដែល​អាច​ធ្វើអោយ​នុយក្លេអ៊ែរ​ក្រុងព្យុងយ៉ាង លែង​មាន​អត្ថប្រយោជន៍​ទៀតផង។

អ្នកនាំពាក្យ​​គណៈកម្មការ​​ការពារជាតិ​កូរ៉េខាងជើង ​បាន​ឆ្លើយ​បញ្ច្រាស​ស្រកី​ទៅ​វិញថា​ ​លោកស្រី ប៉ាក់ គុនហេ បាន​នាំ​ឧបទ្វីបកូរ៉េ​​ចូល​ទៅ​ក្នុង​ស្ថានភាព​​ប្រឈមមុខ​​។ ផ្នែកយោធា​ក្រុងព្យុងយ៉ាង បាន​ប្រើពាក្យពេចន៍​​​គំរាម​ថា ​ប្រសិន​បើប្រធានាធិបតី​កូរ៉េខាងត្បូង​ រួមគំនិត​ធ្វើអំពើ​​អាក្រក់​ជាមួយពួក​​បរទេស​ ​យកលេសថា ចង់​អោយ​មានការ​ផ្លាស់​ប្តូរ​នៅ​កូរ៉េខាងជើង ហើយ​បង្ខំ​អោយ​កូរ៉េខាងជើង​កំទេច​នុយក្លេអ៊ែរ​ខ្លួនចោល​នោះ គឺ​ថា​ពួកគេ​ទាំងអស់​នោះ​​​កំពុង​ជីករណ្តៅ​កប់​សាកសព​ខ្លួន​ឯង​ហើយ។

ពាក្យថា​ជនបរទេស​ ដែល​ផ្នែក​​បញ្ជាការយោធា​​កូរ៉េខាងជើង​ប្រើ​នេះ គឺ​​​ចង់សំដៅ​ទៅ​​សហរដ្ឋ​អាមេរិក ព្រោះថា​​ប្រមុខការពារ​ជាតិ​អាមេរិក​ ទើបតែ​បាន​ទស្សនកិច្ច​កូរ៉េខាងត្បូង​ នៅ​ដើមសប្តាហ៍​នេះ ហើយ​អាមេរិក និង​កូរ៉េខាងត្បូង​ក៏ទើបតែ​បាន​ចុះហត្ថលេខា​លើ​​​ផែនការ​វាយបក​ទៅនឹង​ការ​គំរាម​កំហែង​នុយក្លេអ៊ែរ​របស់​ក្រុងព្យុងយ៉ាង​ផងដែរ។

ពាក្យពេចន៍​រិះគន់​​របស់​​​​ផ្នែក​​បញ្ជាការ​​ជាន់ខ្ពស់​​យោធា​​កូរ៉េខាងជើង​នេះ មាន​លក្ខណៈ​ប្រហាក់ប្រហែល​ទៅនឹង​ការគំរាម​​​​របស់​ក្រុងព្យុងយ៉ាង​ កាលពី​ដើមឆ្នាំ​កន្លងមក នៅពេលដែល​សហគមន៍​អន្តរជាតិ​​បាន​ដាក់ទណ្ឌកម្ម​លើ​ការ​សាកល្បង​នុយក្លេអ៊ែរ​ជាលើកទីបី​​របស់​កូរ៉េខាងជើង។

ក្រសួង​បង្រួបបង្រួម​ជាតិ​កូរ៉េ ទទួល​បន្ទុក​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំងពីរ​ បាន​ចាត់ទុក​ការ​រិះគន់​របស់​ផ្នែក​​បញ្ជាការ​យោធាកូរ៉េខាងជើង​​​​ ថា​​​ផ្ទុយពី​វិចារណញ្ញាណ ហើយ​វា​ជា​ការ​សងសឹក​ផ្ទាល់ខ្លួន​ប្រឆាំង​នឹង​ប្រធានាធិបតី​កូរ៉េខាងត្បូង​ប៉ុណ្ណោះ។

ដោយឡែក​ កាលពី​ពាក់កណ្តាល​ខែ​កញ្ញា​កន្លងទៅ រូបភាព​សាតឺលីតនានា បាន​​ធ្វើអោយ​គេ​​​សង្ស័យ​ថា​ក្រុងព្យុងយ៉ាង​ប្រហែល​ជា​ជិត​សំរេច​ការ​ដាក់​ដំណើរការ​ឡើងវិញ​ នូវ​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​មួយគ្រឿង នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ យ៉ុងប៊្យុង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ