អានតួអត្ថបទ
ឥណ្ឌា

ប្រជាជន​ទាម​ទារ​ឲ្យ​អភិបាល​រដ្ឋ​ចុះ​ចេញ​ពី​តំណែង​បន្ទាប់​ពី​មាន​ករណី​រំលោភ​សេព​សន្ថវៈ​ថ្មី​ទៀត​នៅ​ឥណ្ឌា

មាន​ករណី​រំលោភ​សេពសន្ថវៈ ​និង​សម្លាប់​ស្ត្រី ​ថ្មីៗ​ផ្សេង​ទៀត​​ បាន​កើត​ឡើង​នៅ​រដ្ឋ ​ឧត្តា​ប្រដេហ្ស​ ប្រទេស​ឥណ្ឌា។ ​ អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​បាន​ប្រជាជន​ ទាមទារ​ឲ្យ​ចុះ​ចេញ​ពី​ដំណែង​​ ដោយ​សារ​តែ​អាជ្ញាធរ​នេះ​អសមត្ថភាព​​ ក្នុង​ការ​លុប​បំបាត់​បទ​ឧក្រិដ្ឋ​ និង​អំពើ​ហិង្សា​ទៅ​លើ​ស្រ្តី។ ​ កាល​ពី​ចុង​ខែ​​ឧសភា​កន្លង​មក​នេះ​ មាន​យុវតី​អាយុ​១២​ឆ្នាំ​ម្នាក់​ និង​ ១៤​ឆ្នាំ​ម្នាក់​ ត្រូវ​បាន​គេ​រក​ឃើញ​ស្លាប់ ​ដោយ​ចង​ព្យួរ​ក​នៅ​លើ​ដើម​ស្វាយ​ បន្ទាប់​ពី​ត្រូវ​បាន​រំលោភ​សេព​សន្ថវៈ។​​ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ បាន​ចោទ​ប្រកាន់​អាជ្ញាធរ​ ​ ថា​បាន​ព្រងើយ​កន្តើយ​ មិន​ព្រម​វែក​មុខ​រក​ជន​ល្មើស។

ឃាតុកម្មលើសិស្សស្រីដែលត្រូវបានគេរំលោភជាក្រុុមកាលពីខែធ្នូ ឆ្នាំ២០១២​ បានបង្កឲ្យមានភាពរំជើបរំជួលទូទាំងប្រទេស
ឃាតុកម្មលើសិស្សស្រីដែលត្រូវបានគេរំលោភជាក្រុុមកាលពីខែធ្នូ ឆ្នាំ២០១២​ បានបង្កឲ្យមានភាពរំជើបរំជួលទូទាំងប្រទេស REUTERS/Danish Siddiqui
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​​  មាន​ករណី​រំលោភ​សេពសន្ថវៈ​មួយ​ទៀត​បាន​កើត​ឡើង​ ដោយ​ជន​រង​គ្រោះ​ជា​ស្រ្តី​មាន​អាយុ​១៩ឆ្នាំ​ ត្រូវ​បាន​ជន​ល្មើស​រំលោភ​រួច​សម្លាប់​ចោល ​ហើយ​យក​ទៅ​ចង​ព្យួរ​នឹង​ដើម​ឈើ។ ប៉ុន្មាន​ថ្ងៃមុន​នេះ​ផង​ដែរ​  ស្ត្រី​ម្នាក់​ទៀត​បាន​ដាក់​ពាក្យ​ប្តឹង ចោទ​ក្រុម​នគរបាល​មូលដ្ឋាន​៤នាក់​ ពី​បទ​រំលោភ​សេពសន្ថវៈ​ នៅ​ទី​ស្នាក់​ការ​នគរបាល​ផ្ទាល់​តែ​ម្តង។  ស្រ្តី​រង​គ្រោះ​បាន​អះ​អាង​ថា​ពួក​នគរបាល​ បាន​ចាប់​រំលោភ​គាត់​ដោយ​សារ​តែ​គាត់​បាន​បដិសេធ ​មិន​បង់​ប្រាក់​សូកប៉ាន់​ដើម្បី​លោះ​ប្តី​គាត់​ចេញ​ពី​ឃុំ។​

 
លោកស្រី​​ប្រធាន​គណៈកម្មាធិការ​ជាតិ​ការពារ​ស្រ្តី ​ បាន​មាន​ប្រសាសន៍​ចោទ​ត្រង់ៗ​ទៅ​លើ​ថ្នាក់​ដឹក​នាំ​រដ្ឋ ឧត្តា​ប្រដេហ្ស​ ថា​អសមត្ថភាព ហើយ​មិន​ស័កិ្តសម​បន្ត​​តួនាទី​តទៅ​ទៀត​ទេ។​ លោក​ស្រី​បន្ត​ថា អាជ្ញាធរ​នេះ​ មិន​ត្រឹម​តែ​មិន​បាន​រូតរះ​ ចាត់​វិធាន​ការ​ទប់​ស្កាត់​បទ​ឧក្រិដ្ឋ​ហើយ​​ ថែម​ទាំង​គ្មាន​ការ​ទទួល​ខុស​ត្រូវ​​ បណ្តោយ​ឲ្យ​មន្ត្រី​នគរបាល​ក្រោម​បង្គាប់​ ប្រព្រឹត្ត​បទ​ល្មើស​ដ៏​ថោក​ទាប​នេះ។

រដ្ឋ ឧត្តា​ប្រដេហ្ស​ គឺជា​រដ្ឋដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​​នៅ​ឥណ្ឌា ប៉ុន្តែ​រដ្ឋ​នេះ​ ជា​រដ្ឋ​ដែល​មាន​ការ​អភិវឌ្ឍន៍​ នៅ​យឺត​យ៉ាវ​ជាង​គេ​ ទាំង​វិស័យ​សន្តិសុខ​  វិស័យ​អប់រំ​ និង​សុខាភិបាល។ ​កាលពីឆ្នាំ២០១២ មាន​បទ​ឧក្រិដ្ឋ​ធ្វើ​ឡើង​ទៅ​លើ​ស្ត្រី​ចំនួន​ជាង​២៣០០០ករណី។ ​យើង​នៅ​ចាំ​មិន​ភ្លេច​ទេ​ថា​​ កាល​ពី​ចុង​ឆ្នាំ​២០១២​ ករណី​រំលោភ​និង​សម្លាប់​និសិ្សត​ស្រី​ម្នាក់​នៅ​ក្នុង​រថយន្ត​ក្រុង​នៅ​ទីក្រុង​ញូវដាលី​ បាន​បង្ក​ឲ្យ​មាន​ភាព​រំជើប​រំជួល​ទូទាំង​ប្រទេស។ ​ក្រោយ​ហេតុការណ៍​នោះ​ ថ្វី​ដ្បិត​តែ​មាន​ការ​រិត​បន្តឹង​ច្បាប់​យ៉ាង​ណា​ក៏​ដោយ​  ក៏​អាជ្ញាធរ​ឥណ្ឌា​នៅ​តែ​មិន​អាច​ ទប់​ស្កាត់​បទ​ល្មើស​ផ្លូវ​ភេទ​បាន​នៅ​ឡើយ​ទេ។ តាម​តួ​លេខ​ផ្លូវ​ការ​ឥណ្ឌា​ មាន​ករណី​រំលោភ​សេព​សន្ថវៈ​ រៀង​រាល់​២២នាទី​ម្តង​ក្នុង​ប្រទេស​ឥណ្ឌា។ លោក​នាយក​រដ្ឋមន្ត្រី​ថ្មី​ ដែល​ទើប​នឹង​ជាប់​ឆ្នោត​ នរិន្ទ្រ ម៉ូឌី ​និង​អញ្ជើញ​ជួប​ផ្ទាល់​ជា​បន្ទាន់​ជា​មួយ​អភិបាល​រដ្ឋ​ ឧត្តា​ប្រដេហ្ស​។​ អភិបាល​រដ្ឋ​នេះ​ ​អាច​នឹង​ប្រឈម​មុខ​នឹង​ការ​ដក​ចេញ​ពី​តំណែង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ