អានតួអត្ថបទ
វៀតណាម

វៀតណាម​ហាម​មន្រ្តី​រដ្ឋាភិបាល​កុំឲ្យ​ដុត​លុយ​ខ្មោច​ដើម្បី​សន្សំ​សំចៃ

នៅ​ក្នុង​ពេល​ដែល​សេដ្ឋកិច្ច​ជាតិ​កំពុង​ជួប​នឹង​បញ្ហា រដ្ឋាភិបាល​វៀតណាម​បាន​ដាក់ចេញ​នូវ​នយោបាយ​រឹតបន្តឹង​ការចំណាយ​របស់​រដ្ឋ ហើយ​ការ​កម្រិត​ការ​ចំណាយ​នេះ​មិនត្រឹមតែ​ធ្វើឡើង​ចំពោះ​ការ​ចាយលុយ​មែនទែននោះទេ សូម្បីតែ​ការ​ដុត​លុយ​ខ្មោច​ក៏​ត្រូវ​ហាមឃាត់​ដែរ។

លោក​ង្វៀន តាន់ហ្ស៊ុង នាយករដ្ឋមន្រ្តីវៀតណាម ដែល​កំពុង​រងការរិះគន់​ជុំវិញ​បញ្ហា​សេដ្ឋកិច្ច
លោក​ង្វៀន តាន់ហ្ស៊ុង នាយករដ្ឋមន្រ្តីវៀតណាម ដែល​កំពុង​រងការរិះគន់​ជុំវិញ​បញ្ហា​សេដ្ឋកិច្ច Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ក្រឹត្យ​ចុះ​ហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្រ្តី ង្វៀន តាន់ហ្ស៊ុង កាល​ពីថ្ងៃ​ចន្ទ ហើយ​ដែល​នឹង​ត្រូវ​ចុះផ្សាយ​ជាសាធារណៈ​នៅ​ចុងសប្តាហ៍​នេះ រដ្ឋាភិបាល​វៀតណាម​បាន​​ចេញ​បញ្ជា​ទៅដល់​​គ្រប់​មន្រ្តី​រដ្ឋការ​ទាំងអស់​ឲ្យ​កាត់បន្ថយ​ការចំណាយ​ទិញ​កម្រង​ផ្កា នៅ​ក្នុង​ពិធី​បុណ្យសព ដើម្បី​ស្តារមុខមាត់​រដ្ឋាភិបាល កុំ​ឲ្យ​ប្រជាជន​ចោទប្រកាន់​ថា រដ្ឋ​ចាយលុយ​ខ្ជះខ្ជាយ នៅ​ក្នុង​ពេល​ដែល​ប្រទេស​ជាតិ​កំពុង​ជួប​នឹង​បញ្ហា​សេដ្ឋកិច្ច។

យោងតាម​ក្រឹតនេះ ចំនួន​កម្រងផ្កា នៅ​ក្នុង​ពិធី​បុណ្យ​សព​នឹង​ត្រូវ​កម្រិត​ត្រឹមតែ ពី ៥ ទៅ ៣០​ប៉ុណ្ណោះ អាស្រ័យ​ទៅលើ​ឋាន្តរសក្តិ​របស់​មន្រ្តី​ ដែល​ទទួលមរណភាព។ តាមរយៈ​ក្រឹត្យ​នេះ​ រដ្ឋាភិបាល​វៀតណាម​ក៏​បាន​​ចេញបញ្ជាផងដែរ​ឲ្យ​គ្រប់​មន្រ្តី​រដ្ឋការ​ទាំងអស់​បញ្ឈប់​ការ​ដុត​លុយ​ខ្មោច។

តាម​ប្រពៃណីទំនៀមទម្លាប់​​វៀតណាម នៅ​ក្នុង​ពិធីបុណ្យសព ឬ​ពិធីបុណ្យ​ពិសេស​មួយ​ចំនួន​ផ្សេងទៀត គេ​តែងតែ​នាំគ្នា​ដុត​ក្រដាសខ្មោច ព្រមទាំង​​សម្ភារៈ​ផ្សេងទៀត ដែល​ធ្វើ​ពី​ក្រដាស ដូចជា ផ្ទះ ឡាន ទូរស័ព្ទដៃ​ទំនើប ។ល។ ដើម្បី​ជា​ការ​ឧទ្ទិស​ទៅដល់​ព្រលឹង​របស់​អ្នក​ស្លាប់​ផង និង​ដើម្បី​ជា​ការ​បង្ហាញ​ពី​​ឋានៈ និង​ភាព​មានបាន​របស់​អ្នក​ដែល​នៅរស់ផង។

ការដាក់ចេញ​នូវ​បទបញ្ជា​បែបនេះ ត្រូវ​ធ្វើឡើង នៅ​ក្នុង​ពេល​ដែល​​រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម កំពុងតែ​ប្រឈមមុខ​នឹង​ការ​រិះគន់​ពី​សំណាក់​ប្រជាជន ដែល​មិនសប្បាយចិត្ត​ចំពោះ​ចំណាត់ការ​​​ក្នុងការ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច ចំពោះ​អំពើ​ពុករលួយ និង​ការចាយលុយខ្ជះខ្ជាយ​របស់​មន្រ្តី​រដ្ឋការ។

ក្រឹត្យ​នេះ​នឹង​ត្រូវ​អនុវត្ត​ចំពោះ​មន្រ្តី​វៀតណាម​គ្រប់​ជាន់ថ្នាក់ រាប់តាំង​ពី​មន្រ្តី​រដ្ឋការ​តូចតាច រហូតដល់​ថ្នាក់​ដឹកនាំ​នយោបាយ កម្មាភិបាល​បក្ស​កុម្មុយនិស្ត និង​បុគ្គលិក​ក្រុមហ៊ុន​របស់​រដ្ឋ។

មានមន្រ្តី​វៀតណាម​ខ្លះ បាន​លើកឡើង​ថា ការ​ដាក់កម្រិត​ការ​ចំណាយ​លើ​ការទិញ​កម្រងផ្កា នៅ​ក្នុង​ពិធី​បុណ្យ​សព គឺ​ជា​រឿង​សមហេតុផល ក៏ប៉ុន្តែ ការ​ហាមឃាត់​ការ​ដុត​លុយ​ខ្មោច វា​គឺ​ជា​រឿង​ដែល​ចម្លែក​​គួរ​ឲ្យ​អស់​សំណើច ហើយ​​គេ​មិនជឿ​ថា​រដ្ឋាភិបាល​អាច​នឹង​ហាមឃាត់​ការ​អនុវត្ត​ជា​ទំនៀមទម្លាប់​​ដ៏យូរលង់​មួយនេះ​បាន​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ