អានតួអត្ថបទ
កម្ពុជា

ទំនាស់​ដី​រ៉ាំរ៉ៃ នៅ​សង្កាត់​បឹងកក់១ ធ្វើឱ្យ​ប្រជាជន​មួយ​គ្រួសារ​រង​ការធ្វើ​ទុក​បុក​ម្នេញ​ជាប្រចាំ

អង្គការ​មិនមែន​រដ្ឋាភិបាល តំណាងរាស្ត្រ និង​សកម្មជន​ដីធ្លី ជាច្រើន​នាក់ នៅ​ព្រឹក​ថ្ងៃទី០៨ ខែមេសា​នេះ បាន​ប្រ​មួល​គ្នា ទៅ​ផ្តល់​កម្លាំងចិត្ត​ដល់​គ្រួសារ​មួយ ដែល​រង​ការធ្វើ​ទុក​បុក​ម្នេញ​ដោយ​ហិង្សា ជាប់​ជាប្រចាំ ដោយសារ​ទំនាស់​ដីធ្លី ក្នុង​សង្កាត់​បឹងកក់១ របស់​រាជធានី​ភ្នំពេញ។ អ្នក​តាមឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស ដែល​ជឿថា នោះ​ជា​ទំនាស់​ដី​រវាង​អ្នកភូមិ និង​ក្រុមហ៊ុន​របស់​ឧកញ៉ា ឃុន សៀ ចោទ​អាជ្ញាធរ​មូលដ្ឋាន ថា​បាន​បណ្តោយ​ឱ្យមាន​និ​ទណ្ឌ​ភាព ក្នុង​រឿង​បៀតបៀន​អាយុជីវិត​អ្នកភូមិ។ ប៉ុន្តែ អាជ្ញាធរ​បដិសេធ​ការលើកឡើង​ដូច្នេះ។

ផ្ទះរបសលោក លី ស្រ៊ៀខេង ត្រូវបានក្រុមក្មេងស្ទាវវាយកំទេច។
ផ្ទះរបសលោក លី ស្រ៊ៀខេង ត្រូវបានក្រុមក្មេងស្ទាវវាយកំទេច។ @RFI/ siv channa
ផ្សាយពាណិជ្ជកម្ម


ទំនាស់​ដីធ្លី​មួយកន្លែង នៅ​សង្កាត់​បឹងកក់១ ខ័​ណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ បានធ្វើឱ្យ​អង្គការ​មិនមែនរដ្ឋាភិបាល អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​សិទ្ធិ​ដីធ្លី ភ្ញាក់ ​ផ្អើល។ ថ្ងៃ​អង្គារ ទី០៨ ខែម​សា​នេះ ពួកគេ​បាន​ប្រមូល​ផ្តុំគ្នា មក​ផ្តល់​កម្លាំងចិត្ត​ឱ្យ​គ្រួសារ​របស់លោក លី ស្រ៊ា​ខេង ដែល​ធ្វើ​របង​ការពារ​ផ្ទះ​របស់ខ្លួន បន្ទាប់ពី​គ្រួសារ​នេះ​រង​នូវ​ការអុកឡុក​ពី​សំណាក់​យុវជន​មួយក្រុម កាលពី​ថ្ងៃទី០៦ ខែមេសា​កន្លងទៅ។

សូម​រម្លឹកថា កាលពី​ពីថ្ងៃ​មុន គេហដ្ឋាន ទ្រព្យសម្បត្តិ និង​សមាជិក​របស់​គ្រួសារ​លោក លី ស្រ៊ា​ខេង ត្រូវបាន​យុវជន​មួយក្រុម ដែលមាន​គ្នា​ប្រមាណ១៥នាក់ ប្រដាប់​ដោយ​ពូថៅ ញ​ញូ​រ ដំបង និង​ដុំថ្ម ចូលទៅ​វាយ និង​គប់​បំផ្លិចបំផ្លាញ ដោយ​គ្មាន​ការរារាំង​ពី​សំណាក់​អាជ្ញាធ​មូលដ្ឋាន​ទេ។ ភ្លាមៗនោះ ប្រពន្ធ និង​កូន​របស់លោក លី ស្រ៊ា​ខេង បាន​ចេញទៅ​ស្រែក​ទ្រហោ​រយំ​ននៀល​នៅ​កណ្តាលផ្លូវ ដែលមាន​ចរាចរណ៍​ដ៏​មមាញឹក ដើម្បី​ស្រែក​ដង្ហោយ​រក​យុត្តិធម៌។

គ្រួសារ​នេះ រួមជាមួយ​ពីរ​គ្រួសារ​ផ្សេងទៀត អះអាងថា ក្រុមយុវជន​ទាំងនេះ ជា​មនុស្ស​របស់លោក ឃុន សៀ អគ្គនាយក​ក្រុមហ៊ុន ឃុន សៀ អ៊ី​ម​ផត អិ​ច​ផត ដែល​ទទួលបាន​សិទ្ធិ​គ្រប់គ្រង​ដី​ម្តុំ​នោះ ហើយ​ចង់ឱ្យ​ពួកគាត់​រើចេញ ជា​ថ្នូរ​នឹង​ប្រា​ក់មួយ​ម៉ឺន​ប្រាំ​ពាន់​ដុល្លារ​ក្នុង​មួយ​គ្រួសារ ប៉ុន្តែ​ពួកគាត់​មិន ព្រម​ទទួល​សំណង​នេះ។ បើតាម​អ្នកភូមិ នេះ​ជា​មូលហេតុ ដែលនាំឱ្យ​ពួកគាត់​ត្រូវ​ទទួលរង​នូវ​ការធ្វើ​ទុក​បុក​ម្នេញ​ជាប់​ជាប្រចាំ ក្រោមរូបភាពផ្សេងៗ តាំងពី​ឆ្នាំ២០១៣ ពី​សំណាក់​មនុស្ស​របស់លោក​ឧកញ៉ា​រូបនេះ។ ប៉ុន្តែ បុគ្គលិក​របស់​ក្រុមហ៊ុន ឃុន សៀ អ៊ី​ម​ផត អិ​ច​ផត បាន​បដិសេធ​ការចោទប្រកាន់​នេះ ដោយ​អះអាងថា វា​ជា​ជម្លោះ​បុគ្គល​តែប៉ុណ្ណោះ។    

លោក ចាន់ សុ​វ៉េ​ត អនុប្រធាន​ក្រុម​ស៊ើបអង្កេត​ផ្នែក​សិទ្ធិមនុស្ស​សមាគម​អាដហុក បាន​ថ្លែងថា លោក សោកស្តាយ ដែល​អាជ្ញាធរ​មូលដ្ឋាន​មិនបាន​ស៊ើបអង្កេត​វែកមុខ​ជនល្មើស​យកមក​ផ្តន្ទាទោស ហើយ​បណ្តោយ​ឱ្យមាន​និ​ទណ្ឌ​ភាព នៅក្នុង​ជម្លោះដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​អ្នកមាន​ទ្រព្យសម្បត្តិ។

លោក ប៉ាល់ ច​ន្ថ​ន មន្ត្រី​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បានឱ្យដឹងថា នៅ​ថ្ងៃទី០៧ ខែមេសា​ម្សិលមិញ ភ្នាក់ងារនគរបាល​មួយក្រុម​បានធ្វើការ​ស៊ើបអង្កេត​លើក​ករណី​វាយដំ បំផ្លិចបំផ្លាញ​ទ្រព្យស​ម្ប​តិ្ត​របស់​គ្រួសារ​លោក លី ស្រ៊ា​ខេង ប៉ុន្តែ​លោក​មិនទាន់​អាចធ្វើ​អត្ថាធិប្បាយ​អំពី​លទ្ធផល​នៃ​ការស៊ើបអង្កេត​នេះ​ទេ។ លោក ច​ន្ថ​ន គ្រាន់តែ​ប្រាប់​ឱ្យដឹងថា អ្នកភូមិ​បី​គ្រួសារ​នេះ​ទារ​សំណង​ខ្ពស់​ពេក។លោក វុ​ធ ដា​រិ​ទ្ធ ចៅសង្កាត់​បឹងកក់១ ដែល​បានបញ្ជាក់​អំពី​ការស៊ើបអង្កេត​របស់​ន​គរ​បាល អះអាងថា នោះ​ជា​ជម្លោះ​ឯកជន។ លោក​បន្តថា​ដី​ទំនាស់​ជាទី​តាំងរបស់​សាលាសង្កាត់ ហើយ​កន្លងទៅ អាជ្ញាធរ​ក្រុងភ្នំពេញ​បានស្នើ​ផ្តល់​សំណង់ និង​ស្នើ​ទីតាំង​ថ្មី​នៅ​សង្កាត់​ព្រែកលៀប​ឱ្យ​ពួកគាត់​ដែរ ប៉ុន្តែ​អ្នកភូមិ​មិនទាន់បាន​ឆ្លើយតប។
 

នៅ​ព្រឹក​មិញ​នេះ អាជ្ញាធរ​បាន​រារាំង​គ្រួសារ​របស់លោក លី ស្រ៊ា​ខេង មិនឱ្យ​សាងសង់​របង​ផ្ទះ​របស់គាត់​ទេ ត្បិត​ទីតាំង​នោះ​កំពុងស្ថិត​ក្នុង​ទំនាស់​មិនទាន់បាន​ដោះស្រាយ​រួច។ បើតាម​លោក ចាន់ សុ​វ៉េ​ត សំណង​ដែល​ត្រូវបាន​ស្នើឡើង​ចំពោះ​អ្នកភូមិ មិន​អាចឱ្យ​ពួកគេ​ទិញ​ផ្ទះ​រស់នៅ និង​ប្រក​បរបរ ក្នុង​ក្រុង​បាន​ដូច​បច្ចុប្បន្ន​ឡើយ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ