អានតួអត្ថបទ
ថៃ

ឩប​នាយករដ្ឋមន្ត្រី​ថៃ​ម្នាក់​ ជាប់ទោស​ពីបទ​នាំ​ខ្លា​១០០ក្បាល​ចេញ​ទៅ​ប្រទេសចិន​

នៅ​ប្រទេស​ថៃ​ ឩបនាយក​រដ្ឋ​មន្ត្រី​ Plodprasop Suraswadi ត្រូវ​បាន​ជាប់​ពិរុទ្ធ ​ពី​បទ​នាំសត្វ​​ខ្លា ​១០០​ក្បាលចេញ​ទៅ​​ប្រទេស​ចិន។​ សត្វ​ខ្លា​ ១០០​ក្បាល​នេះ គឺ​ជា​​ប្រភេទ​ខ្លា​ ​ដែល​ជិត​​​បាត់​បង់​ផុត​ពូជ​ ពី​ពិភពលោក​នេះ​។ ឩបនាយក​រដ្ឋ​មន្ត្រីថៃ​​ បាន​ប្រកែក​ថា​ ការ​នាំ​ចេញ​ខ្លា​ទៅចិន មិន​មែន​ជា​ទង្វើ​ខុស​ច្បាប់​នោះ​ទេ។

ខ្លា​តំបន់​បង់ហ្កាល់​ជា​ប្រភេទ​ខ្លា​ដែល​ជិត​ដាច់​ពួជ​ពី​លើ​លោក​
ខ្លា​តំបន់​បង់ហ្កាល់​ជា​ប្រភេទ​ខ្លា​ដែល​ជិត​ដាច់​ពួជ​ពី​លើ​លោក​ Reuters/Ilya Naymushin
ផ្សាយពាណិជ្ជកម្ម

ការ​​អនុញ្ញាត​អោយ​នាំ​ ខ្លា​ចេញ​ទៅ​ ប្រទេសចិន បាន​​អនុវត្ត​ឡើង​​ តាំង​ពី​ឆ្នាំ​ ២០០២​ម្ល៉េះ​ដែល​កាល​នោះ​ ​ឩបនាយក​រដ្ឋ​មន្ត្រី​ Plodprasop Suraswadi​ មាន​តំណែង​ជា​អ្នក​ដឹក​នាំ​ នាយកដ្ឋាន​ព្រៃ​ឈើ​ នៅ​ក្រសួង​កសិកម្ម​ថៃ។​​ ក្រម​ព្រហ្មទណ្ឌ​ថៃ ដាក់​ទោស ឩបនាយក​រដ្ឋ​មន្ត្រី​ថៃ រូប​នេះ​ ​ពី​បទ​​ បំពាន​លើ​អំណាច​ ស៊ី​សំណូក​ និង​គ្មាន​សមត្ថភាព​​សំរេច​ភារកិច្ច​​របស់​ខ្លួន។ ​

លោក​ Plodprasop Suraswadi ដែល​​ត្រូវបាន​​ដោះ​លែង​​ ដោយ​បង់​ប្រាក់​​កក់​ នោះ​បានទទួល​ស្គាល់​ថា​ កាលនោះ​ លោក​ពិត​ជា​បាន​អនុញ្ញាត​ អោយ​នាំ​សត្វ​ខ្លា​ ទាំង​នេះ​ចេញ ទៅ​ប្រទេស​ចិន​មែន​ ប៉ុន្តែ លោក​បាន​​ប្រកែក​​ ថា ការ​នាំ​ចេញ​ខ្លា​​ពី​ថៃ​ ទៅ​ប្រទេស​ចិន មិន​មែន​ជា ​កំហុស​​បំពាន​លើ​​ច្បាប់​នោះ​ទេ​។ ឩបនាយក​រដ្ឋ​មន្ត្រី​ Plodprasop Suraswadi បាន​ទាមទារ​អោយ​មាន​​ ភស្តុតាង​ជាក់​ស្តែង​ អំពី​ការ​ចោទ​ប្រកាន់​នេះ។

សត្វ​ខ្លា​ទាំង​១០០​ក្បាល​ ត្រូវ​​ដឹក​ចេញ​ ពី​សួន​សត្វ​​ប្រជាប្រិយ​​​មួយ​ នៅ​ប្រទេស​ថៃ​ បញ្ជូន​​ទៅ​កន្លែង​ចិញ្ចឹម​​សត្វ​មួយ​កន្លែង​ នៅ​ប្រទេស​ចិន។ ខ្លា​ទាំង​​នេះ គឺ​ជា​​ប្រភេទ​ខ្លា​តំបន់​បង់ហ្កាល ​ ​​ស្ទើរដាច់​ពូជ​ ពី​ពិភពលោក​នេះហើយ​​។​

នៅ​​អាស៊ី​ ​ថៃ​ គឺ​ជា​ប្រទេស​មួយ​ ដែល​​សំបូរ​ទៅ​ដោយ​​ការ​ជួញដូរ​ ប្រភេទ​សត្វ​ព្រៃ​​ដែល​​ជិត​បាត់​បង់​ផុត​ពូជ​ ពី​លើ​លោក​យើង​នេះ។​ អនុ​សញ្ញា​អន្តរជាតិ ស្តី​ពី​ការ​ជួញដូរ​ ប្រភេទ​សត្វព្រៃ​ដែល​ស្ថិត​ក្រោម​ការ​ការ​ពារ​ ហាម​ឃាត់ នូវ​​រាល់​ការ​ជួញដូរសត្វ​​ខ្លា​​ជា​លក្ខណៈ​អន្តរជាតិ​​។​ គេ​អាច​នាំ​​ខ្លា​ ចេញ​ពី​​ប្រទេស​បាន​ លុះ​ត្រា​តែ ការ​នាំ​ចេញ គ្មាន​លក្ខណៈ​ជា​ការ​រកស៊ី​ ជួញដូរ​​ ឧទាហរណ៍​​​ដូច​ជា​ នាំ​ខ្លា​ទៅ​​​​ធ្វើ​ការ​ពិសោធន៍​ផ្នែក​វិទ្យាសាស្ត្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ