អានតួអត្ថបទ
កម្ពុជា

ក្រុម​ជន​រង​គ្រោះ ​ទាម​ទារ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ ឌុច​ ៤៥​ ឆ្នាំ​ ទៅ​ ១​ជីវិត

មួយ​ថ្ងៃ​មុន​ថ្ងៃ​ប្រកាស​សាលដីកា​ស្ថាពរ​បិទ​តវ៉ា លើ​ករណី ០០១ ប្រឆាំង លោក កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ​ឌុ​ច ជនរងគ្រោះ​ជា​ដើមបណ្ដឹង​រដ្ឋប្បវេណី និង​អ្នកប្ដឹង​សាទុក្ខ រួម​ទាំង​មេធាវី បាន​ជួបជុំគ្នា​នៅ​សារមន្ទី​ប្រល័យពូជសាសន៍​ទួលស្លែង ដើម្បី​រំលឹក​ប្រវត្តិ នៃ​សំណុំរឿង​០០១​។ ក្នុង​ពិធី​ជួបជុំ​កាលពី​ប៉ុន្មាន​នាទី​មុននេះ មេធាវី លោក ប៊ូ ម៉េង និង​លោក​ជុំ​ម៉ី អតីត​អ្នកទោស​គុក​ទួលស្លែង បានទាមទារ​ឲ្យ​តុលាការ ដាក់ទោស ឌុ​ច មួយជីវិត ឬក៏​យ៉ាងហោចណាស់​ត្រឹម ៤៥ ឆ្នាំ​។ ឌុ​ច ត្រូវបាន​អង្គជំនុំជម្រះ​សាលាដំបូង ផ្តន្ទាទោស ដាក់ពន្ធនាគារ ៣៥ ឆ្នាំ​។​

ក្រុម​ជន​រង​គ្រោះ​ ទាមទារ​ឲ្យ​តុលាការ​ផ្តន្ទា​ទោស​ ឌុច​ ៤៥ ​ឆ្នាំ​ ទៅ ​១​ជីវិត
ក្រុម​ជន​រង​គ្រោះ​ ទាមទារ​ឲ្យ​តុលាការ​ផ្តន្ទា​ទោស​ ឌុច​ ៤៥ ​ឆ្នាំ​ ទៅ ​១​ជីវិត ©លី ម៉េង​ហួរ/RFI
ផ្សាយពាណិជ្ជកម្ម

 

ក្នុង​ពិធី​ជួបជុំ​នៅ​គុក​ទួលស្លែង នា​រសៀល​នេះ ទាំង​មេធាវី​ការពារ​ជន​រងគ្រោះ និង​ទាំង​ជន​រងគ្រោះ ជា​អតីត​អ្នក​រស់រានមានជីវិត នៅ​គុក​ទួលស្លែង លោក ប៊ូ ម៉េង និង​លោក ជុំ ម៉ី បាន​ប្រកាសថា ជនរងគ្រោះ មិន​អាច​ទទួលយកបាន​ការដាក់ទោស​ឌុ​ច ត្រឹមតែ ៣៥ ឆ្នាំ​នោះ​ឡើយ​។ តាម​ជនរងគ្រោះ ចៅក្រម​តុលាការ​កំពូល គួរតែ​ប្រកាស​សាលដីកា​ស្ថាពរ បិទផ្លូវ​តវ៉ា ដោយ​ដាក់​ពន្ធនាគារ ឌុ​ច អស់​មួយ​ជីវិត ឬក៏​យ៉ាងតិច​ត្រឹម ៤៥ ឆ្នាំ ដូច​ការទាមទារ​របស់​សហ​ព្រះ​រាជ​អាជ្ញា​។​

​លោក ប៊ូ ម៉េង និង​លោក ជុំ ម៉ី អតីត​អ្នកទោស នៅ​គុក​ទួលស្លែង និង​ជា​អ្នក​រស់រានមានជីវិត និង​មេធាវី បាន​ប្រកាស​រួច​ហើយ​នៅ​ថ្ងៃនេះ​ថា ការប្រកាស​សាលដីកា​លើ​ករណី​ឌុ​ច នៅ​ព្រឹក​ថ្ងៃទី​៣​កុម្ភៈ​ស្អែក​នេះ តុលាការ​ត្រូវ​តែ​ដាក់ទោស​ឌុ​ច​មួយជីវិត ឬ​យ៉ាងហោចណាស់ ៤៥ ឆ្នាំ ទើប​ជនរងគ្រោះ អាច​ទទួលយកបាន​។​

​តាម​លោក ជុំ ម៉ី ការសុំ​ទោស​របស់​ឌុ​ច និង​ទឹកភ្នែក​របស់​ឌុ​ច​ប៉ុន្មាន​តំណក់​នោះ គឺ​ជនរងគ្រោះ ទទួល​យក​មិន​បាន​ទេ​។ ដូច្នេះ​តុលាការ​មិន​ត្រូវ​បន្ធូរបន្ថយ​ឲ្យ​អតីត​មេ​គុក​ទួលស្លែង ដែល​មាន​ការធ្វើ​ទារុណកម្ម​ដ៏​ឃោរឃៅ បណ្តាលឲ្យ​មនុស្ស​ស្លាប់​ជាង ១ ម៉ឺន​នាក់ ក្នុងសម័យ​ខ្មែរក្រហម​។

​ការប្រកាស​សាលដីកា ស្ថាពរ​លើ​ករណី​ឌុ​ច នៅ​ព្រឹក​ថ្ងៃ​៣​កុម្ភៈ​ស្អែក​នេះ គឺជា​ការឈាន​ទៅ​បិទ​បញ្ចប់​សំណុំរឿង ០០១ នៅ​សាលាក្តី​ខ្មែរក្រហម​ជា​ប្រវត្តិសាស្ត្រ និង​នាំយក​នូវ​យុត្តិធម៌ និង​ការពិត​ជូន​ដល់​អ្នក​រស់រានមានជីវិត​ពី​ការធ្វើ​ទារុណកម្ម និង​សម្លាប់​នៅ​គុក​ទួលស្លែង និង​សាច់ញាតិ​ជនរងគ្រោះ​ទាំងអស់​។ នេះ​បើ​តាម​លោក​ នេត្រ ភ​ក្ត្រា មន្ត្រី​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​។​

​សំណុំរឿង​០០១ ប្រឆាំង ឌុ​ច ត្រូវបាន​អង្គជំនុំជម្រះ​សាលាដំបូង បើក​ការជំនុំជម្រះ​រយៈពេល ៧៧ ថ្ងៃ​។ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ ២០១០ អង្គជំនុំជម្រះ​សាលាដំបូង បាន​សម្រេច​ផ្តន្ទាទោស​អតីត​ប្រធាន​គុក​ទួលស្លែង អាយុ ៧០ ឆ្នាំ លោក​កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច ដាក់​ពន្ធនាគារ​រយៈពេល ៣៥ ឆ្នាំ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ