អានតួអត្ថបទ
កម្ពុជា

ក្រសួង​កិច្ចការ​នារី​៖ ថ្ងៃ​១៤​កុម្ភៈ​ជា​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​សម្រាប់​អ្នក​មាន​គុណ​

ក្រសួង​​កិច្ចការ​​នារី​ ​កំពុង​​ផ្សព្វផ្សាយ​​ឯកសារ​​វីដេអូ​​អប់រំ​​នៅ​​តាម​​ទូរទស្សន៍​​ជាតិ​​និង​​ទូរទស្សន៍​​ធំៗ​​ផ្សេង​ទៀត​​ដើម្បី​​ផ្សព្វផ្សាយ​​អំពី​​អត្ថន័យ​​នៃ​​ថ្ងៃ​​១៤​​កុម្ភៈ​​ទៅ​ដ​ល់​​យុវជន​និង​​ក្មេង​​ជំទង់។​ ស្ប៉ត​​វីដេអូ​​អប់រំ​​ដែល​​ប្រាប់​​ដល់​​ពលរដ្ឋ​​ខ្មែរ​​ទូទៅ​​ថា​ថ្ងៃ​​១៤​​កុម្ភៈ​​គឺ​​ជា​​ថ្ងៃ​​នៃ​​ក្តី​​ស្រឡាញ់​​ចំពោះ​​អ្នក​​ជុំវិញ​​ខ្លួន​តែ​​មិន​មែន​​ជា​​ថ្ងៃ​​បុណ្យ​​សង្សារ​​ដូច​​ការ​​យល់​​ខុស​​របស់​​យុវជន​ហើយ​​ឈាន​​ទៅ​​រក​​ការ​​រួម​ភេទ​​នៅ​​ថ្ងៃ​​នេះ​​ឡើយ។

អ្នកលក់ផ្កានៅតាម​ផ្លូវ​
អ្នកលក់ផ្កានៅតាម​ផ្លូវ​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​១៤​កុម្ភៈ​គឺ​ជា​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់។ ពលរដ្ឋ​កម្ពុជា​អាច​បង្ហាញ​ក្តី​ស្រឡាញ់​ចំពោះ​មនុស្ស​នៅ​ជុំវិញ​ខ្លួន ដូចជា​ឳពុកម្តាយ អ្នកមានគុណ និង​គ្រូ​បង្រៀន​ជាដើម។ នេះ​គឺ​ជា​អត្ថន័យ​ពិតប្រាកដ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្រសួង​កិច្ចការ​នារី​បាន​ធ្វើ​យុទ្ធនាការ​នេះ​យ៉ាង​ខ្លាំងក្លា​ដោយ​ការ​ផ្សព្វផ្សាយ​ស្ប៉ត​វីដេអូ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ក្នុង​ស្រុក​នានា​ដើម្បី​អប់រំ​ពលរដ្ឋ​ខ្មែរ​ទូទៅ និង​ពិសេស​យុវជន និង​ក្មេង​ជំទង់​ជា​អនីតិជន។

យុទ្ធនាការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ប្រឆាំង​នឹង​ទប់ស្កាត់​សកម្មភាព​និង​ការ​យល់​ឃើញ​ខុស​របស់​យុវជន​ និង​សិស្សានុសិស្ស​ថ្នាក់​វិទ្យាល័យ​មួយ​ចំនួន​ដែល​កន្លង​មក​បាន​និយាយ​ថា​ថ្ងៃ​១៤​កុម្ភៈ គឺជា​ថ្ងៃ​បុណ្យសង្សារហើយ​ជា​ថ្ងៃ​ដែល​ត្រូវ​បង្ហាញ​ក្តី​ស្នេហា​តាម​រយៈ​ការ​រួមភេទ​នោះ។

លោកស្រី​ស៊ីវ៉ាន់ បុទុម​រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​អំពី​ការ​ចាត់វិធានការរួម​ពី​ស្ថាប័ន​រដ្ឋ​ដែលពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ទប់ស្កាត់​និន្នាការ​របស់​ក្រុម​យុវវ័យ​ដែល​យក​ថ្ងៃ​១៤​កុម្ភៈ​ជា​ថ្ងៃ​រួមភេទ។ បើ​តាម​លោកស្រី​រដ្ឋលេខាធិការ ការ​សហការ​រួមមាន សាលារៀន​មួយ​ចំនួន​នឹង​យក​ថ្ងៃ​១៤​កុម្ភៈ​ធ្វើ​ជា​ថ្ងៃ​ប្រឡង​តែ​ម្តង។

ហើយ​ក៏​មាន​ការ​ចូលរួម​ពី​អាជ្ញាធរ​ដែនដី​ដែល​សហការ​ជាមួយ​ម្ចាស់​ផ្ទះ​សំណាក់និង​សណ្ឋាគារ​​ មិន​អោយ​ពួកគេ​ទទួល​ការ​កក់​បន្ទប់​សម្រាប់​អតិថិជន​ជា​សិស្សានុសិស្ស​អាយុ​ក្រោម​១៨​ឆ្នាំ។

លោក​កែប ជុតិមា​អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​នេះ​ថា វិធានការ​ការពារ​អនីតិជនត្រូវ​បាន​អនុវត្ត​រួចហើយ ហើយ​លោក​បាន​អំពាវនាវ​អោយ​ក្រុម​យុវវ័យ​ភ្ញាក់​រលឹក​ខ្លួន​ឯង​ដោយ​មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​ពុំ​គប្បី​នៅ​ថ្ងៃ​១៤​កុម្ភៈ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ