អានតួអត្ថបទ
អាមេរិក-ចិន

សហរដ្ឋអាមេរិក​ចង់​បង្កើន​ទំនាក់ទំនង​ប្រកប​ដោយ​ស្ថាបនា​ជាមួយ​ចិន

នៅ​ថ្ងៃ​សៅរិ៍ ទី២២ កុម្ភៈ​នេះ ឧត្តមសេនីយរ៉េ អូឌៀណូ(Ray Odierno) អគ្គមេបញ្ជាការ​ទ័ពអាមេរិក​បាន​ប្រកាស​ឲ្យ​ដឹង​ថា អាមេរិក​មាន​សុទិដ្ឋិនិយម​នៅ​ការ​ដោះដូរ​ផ្នែក​យោធា​ជាមួយ​ចិន និង​មាន​បំណង​ចង់​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​កាន់​តែ​ស៊ីជំរៅ​ថែមទៀត។ យោង​តាម​រូបឧត្តមសេនីយ​ដដែល ការ​ធ្វើ​យ៉ាង​នេះ គឺ​ក្នុង​គោលដៅ​កាត់បន្ថយ​ភាព​តានតឹង​រវាង​គ្នា។

លោក Joe Biden អនុប្រធានាធិបតី​អាមេរិក (កណ្តាល) ឧត្តមសេនីយ Ray Odierno (ឆ្វេង) និង​​លោក Christopher Hill ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចំា​ប្រទេស​អ៊ីរ៉ក់
លោក Joe Biden អនុប្រធានាធិបតី​អាមេរិក (កណ្តាល) ឧត្តមសេនីយ Ray Odierno (ឆ្វេង) និង​​លោក Christopher Hill ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចំា​ប្រទេស​អ៊ីរ៉ក់ Reuters/Thaier Al-Sudani
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​ថ្ងៃ​បញ្ចប់​នៃ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកំាង ប្រទេស​ចិន​ដែល​ឧត្តមសេនីយរ៉េ អូឌៀណូ​បាន​ថ្លែង​​ប្រាប់​អ្នកកាសែត​ថា កិច្ចសន្ទនា​រវាង​លោក និង​សមភាគី​ចិន គឺ​ជា​កិច្ចសន្ទនា​យ៉ាង​សំខាន់​ដោយ​ម្នាក់ៗ​បាន​និយាយ​ត្រង់​ទៅ ត្រង់​មក និង​ស្មោះត្រង់។ យោង​តាម​ឧត្តមសេនីយ​អាមេរិកំាង​រូប​នេះ​ដដែល ភាគី​ទំាង​ពីរ​បាន​លើក​ឡើង​ពី​ការ​ពង្រឹង​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​គ្នា និង​វិធានការ​គ្រប់គ្រង​ក្នុង​ផ្នែក​ប្រកួតប្រជែង​ដោយ​ធ្វើ​យ៉ាង​ណា ឲ្យ​ការ​ប្រកួតប្រជែង​នោះ​ផ្តល់​ផលប្រយោជន៍​ឲ្យ​គ្នា ទៅ​វិញ​មក។ សម្រាប់​ឧត្តមសេនីយរ៉េ អូឌៀណូ អាមេរិក និង​ចិន​ត្រូវ​ការ​គ្នា​ទៅ​វិញ ទៅ​មក​ដោយ​ខាន​មិន​បាន ទំាង​កម្រិត​រដ្ឋាភិបាល ក៏​ដូច​ជា​កម្រិត​យោធា។ « វា​ពិត​ជា​រឿង​មួយ​សំខាន់​ណាស់​ដែល​អាមេរិក និង​ចិន​ត្រូវ​តែ​មាន​កិច្ចសន្ទនា​រវាង​គ្នា មាន​ការ​យល់គ្នា​ទៅ​វិញ ទៅ​មក និង​ការ​បង្កើន​ការ​ទុក​ចិត្ត​គ្នា​នៅ​ក្នុង​វិស័យ​យោធា » នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​ឧត្តមសេនីយរ៉េ អូឌៀណូ។

គួរ​ជម្រាប​ជូន​ថា ទោះ​បី​ជា​អាមេរិក និង​ចិន​តែងតែ​អះអាង​ពី​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិ​រវាង​គ្នា​នៅ​លើ​គ្រប់​វិស័យ​ក៏​ដោយ ក៏​នៅ​មាន​ចំណុច​ខ្វែង​គំនិត​គ្នា​ជា​ច្រើន​ទៀត​ដែល​បន្ត​នៅ​ជា​បច្ចុប្បន្នភាព និង​ដែល​បាន​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ជា​ហូរហែ ពិសេស​មហិច្ឆតា​របស់​ចិន​នៅ​ក្នុង​តំបន់​ដែល​អាមេរិក​ពិបាក​នឹង​ទទួល​យក។ ជាក់ស្តែង​ថ្មីៗ​នេះ ឆន្ទៈ​របស់​រដ្ឋាភិបាល​ចិន​ដែល​បាន​បង្កើត​តំបន់​ការពារ​ដែនអាកាស​នៅ​សមុទ្រចិន​ខាងត្បូង និង​សមុទ្រចិន​ខាងកើត។ ពី​ខាង​អាមេរិក​វិញ ចិន​មិន​សប្បាយចិត្ត​ដែល​ឃើញ​អាមេរិក​បន្ត​គំាទ្រ​តៃវ៉ាន់​ដែល​ចិន​ចាត់​ទុក​ជា​ខេត្តឧទ្ទាម​មួយ​របស់​ខ្លួន។

យ៉ាង​ណា​ក៏​ដោយ ឧត្តមសេនីយរ៉េ អូឌៀណូ​បាន​បញ្ជាក់​ថា ដំណើរ​មក​កាន់​ប្រទេស​ចិន​របស់​លោក គឺ​ដើម្បី​រម្លឹក​ជា​ថ្មី​ម្តង​ទៀត​អំពី​សារៈសំខាន់​នៃ​កិច្ចសន្ទនា ដោយ​សង្ឃឹម​ទុក​ជា​​មុន​ថា នឹង​មាន​ភាព​ចម្រើន​ផ្សេង​ទៀត​ក្នុង​គោលដៅ​ពង្រឹងបន្ថែម​ទំនាក់ទំនង​យោធា​រវាង​ប្រទេស​ទំាង​ពីរ​នា​ឱកាស​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តីការពារជាតិ​អាមេរិក Chuck Hagel ក្នុង​ប្រទេស​ចិន​នៅ​ខែ​មេសា​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ