អានតួអត្ថបទ
ចិន

នាវាមុជទឹក​ចិន​អាចចុះ​ដល់​ជម្រៅ​ឯតទគ្គកម្ម​ ៦ ០០០ម៉ែត្រ​

នាវា​មុជទឹក​ចិន​ដែលមាន​នាវិក​នៅក្នុងនោះ​ អាចចុះ​ជាលើក​ទីមួយ​នៅថ្ងៃសុក្រ​ទី១៥​មិថុនា​នេះ​ ដល់​ជម្រៅ​ជាង​៦ ០០០ម៉ែត្រ​នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ​ ហើយ​គេនឹង​ខិតខំ​ចុះ​ឲ្យដល់​ឯតទគ្គកម្ម​ថ្មី​ ពោលគឺ​ប្រមាណ​៧ ០០០ម៉ែត្រ។​ នេះជា​ការផ្សាយ​ឲ្យដឹង​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ថ្មី។

Jiaolong​ ជា​នាវា​​មុជទឹក​​ចិន​អាច​​មុជ​​ដល់​​ជម្រៅ​​ជាង​ប្រាំមួយ​​ពាន់ម៉ែត្រ​​នៅ​ក្នុង​​មហាសមុទ្រ​​ប៉ាស៊ីហ្វិក​​
Jiaolong​ ជា​នាវា​​មុជទឹក​​ចិន​អាច​​មុជ​​ដល់​​ជម្រៅ​​ជាង​ប្រាំមួយ​​ពាន់ម៉ែត្រ​​នៅ​ក្នុង​​មហាសមុទ្រ​​ប៉ាស៊ីហ្វិក​​ ChinaFotoPress/Getty Images
ផ្សាយពាណិជ្ជកម្ម

Jiaolong ​ឬ​នាគរាជ​គឺជា​ឈ្មោះ​របស់​នាវា​មុជទឹក​ចិន​ដែលអាច​មុជ​ដល់​ជម្រៅ​ជាងប្រាំមួយ​ពាន់ម៉ែត្រ​ នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ​ នៅតំបន់​រណ្តៅ​សមុទ្រ​ la Fosse des Mariannes ​ដែល​មាន​ជម្រៅ​ជ្រៅ​ជាងគេ​ក្នុង​លោក​យើងនេះ។​ ការ​មុជ​ដល់​ជម្រៅ​ឯតទគ្គកម្ម​ជាង​ ៦ ០០០ម៉ែត្រ​ ដោយ​នាវា​មុជទឹក​ចិន​ដែលមាន​នាវិក​នៅ​ក្នុងនោះ​ គឺធ្វើ​ឡើង​នៅក្នុង​ក្របខ័ណ្ឌ​នៃ​ការខិតខំ​របស់​ប្រទេសចិន​ដើម្បី​ស្រាវជ្រាវ​រុករក​សម្បត្តិ​ធម្មជាតិ​នៅ​បាត​មហាសមុទ្រ។

ការ​សាកល្បង​ប៉ុនប៉ង​នេះ​គឺជា​ការសាកល្បង​ជាលើក​ទីមួយ​ដើម្បី​ឈាន​ឲ្យដល់​ឯតទគ្គកម្ម​ ៧ ០០០ម៉ែត្រ។​ នេះ​ការបញ្ជាក់​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ថ្មី។

គួរកត់​សម្គាល់ថា​ ​ នៅចុងខែ​កក្កដា​ឆ្នាំ២០១១​នាវា​មុជទឹកចិន​ធ្លាប់បាន​មុជដល់​ជម្រៅ​ជាង​៥ ០០០ម៉ែត្រ​ម្តង​រួច​ទៅហើយ​ នៅតំបន់​រណ្តៅ​សមុទ្រ​ la Fosse des Mariannes ​ដែល​ឋិត​នៅ​មិនឆ្ងាយ​ប៉ុន្មាន​ពី​ប្រទេស​ហ្វីលីពីន។​ ទាំងនេះ​នឹង​អនុញ្ញាតឲ្យ​នាវា​មុជទឹកចិន​ មុជដល់​ជម្រៅ​មួយ​ដ៏ជ្រៅ​ ឬអាច​មុជដល់​​៧០%​នៃ​បាត​មហាសមុទ្រ​នៅលើ​លោក។

ក្នុង​រយៈកាល​តែ​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយនេះ​ប៉ុណ្ណោះ​ ​ ប្រទេសចិន​បាន​ដេញទាន់​មហាប្រទេស​ជឿនលឿន​ក្នុង​វិស័យ​ស្រាវជ្រាវ​រុករក​តាម​មហាសាគរ​ ​ ប៉ូលនៃ​ពិភពផែនដី​ ​ ហើយនិង​ក្នុង​វិស័យ​អវកាស​ ​ ដោយបាន​ក្លាយជា​ប្រទេស​ទីបី​ក្នុងលោក​នៅឆ្នាំ២០០៣​ ​ ក្នុងការ​បញ្ជូន​មនុស្ស​ទៅក្នុង​អវកាស។

នៅក្នុង​វិស័យ​នាវា​មុជទឹក​រុករក​នៅ​ក្នុង​មហាសមុទ្រវិញ​ ​ ប្រទេស​ចិន​បាន​ក្លាយជា​ប្រទេស​ទីប្រាំ​ដែលបាន​មុជដល់​ជម្រៅ​ជាង​ ៣ ៥០០ម៉ែត្រ។

សូមបញ្ជាក់ថា​ ​ នាវា​មុជទឹក​ដល់​ជម្រៅ​យ៉ាងជ្រៅ​ នៅតំបន់​រណ្តៅ​សមុទ្រ​ la Fosse des Mariannes ​ដែល​មាន​ជម្រៅ​ជ្រៅ​ជាងគេ​ក្នុង​លោក​យើងនេះ​ ​ ពោលគឺ​ប្រមាណ​១១ ០០០ម៉ែត្រ​បាន​ប្រព្រឹត្ត​នៅ​ឆ្នាំ១៩៦០​ ​ ដោយ​ម៉ារីន​អាមេរិកាំង។

នារយៈ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ​ ​ ប្រទេសចិន​បានខិតខំ​ធ្វើការ​រុករក​ប្រេងកាត​ហើយនិង​សម្បត្តិ​ធម្មជាតិ​វត្ថុធាតុដើម​ដទៃទៀត​ ​ ដើម្បី​ចិញ្ចឹម​បំប៉ន​កំណើន​សេដ្ឋកិច្ច​ដ៏​ឆាប់រហ័ស​របស់ខ្លួន។

ការស្រេកឃ្លាន​ចង់បាន​កាន់តែ​ខ្លាំងឡើងៗ​របស់​​ប្រទេស​ចិន​ក្នុង​វិស័យ​សម្បត្តិ​ធម្មជាតិ​វត្ថុធាតុដើម​ ​ ហើយនិង​ការ​ពង្រឹង​សមត្ថភាព​យោធា​របស់​ទីក្រុង​ប៉េកាំង​ក៏ជា​ប្រភព​មួយ​នៃ​ក្តីបារម្ភ​របស់​អន្តរជាតិ​​ ​ ជាពិសេស​សម្រាប់​ប្រទេស​ជិតខាង​របស់​ចិន​នៅ​អាស៊ី។

គួរបញ្ជាក់ថា​ ​ កាលពី​ឆ្នាំទៅ​នាវា​មុជទឹកចិន​ឈ្មោះ​ Jiaolong ​ឬ​នាគរាជ​ បាន​ទៅ​ដោត​ទង់ជាតិចិន​នៅ​បាត​សមុទ្រចិន​ខាងត្បូង​ ​ គឺ​នៅ​ទីនោះហើយ​ដែល​ “អធិបតេយ្យ​ដែនសមុទ្រ”​ បាន​ក្លាយ​ជា​អធិករណ៍​រវាង​ប្រទេស​ជាច្រើន​ក្នុងតំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ