អានតួអត្ថបទ
ចិន

ជនសង្ស័យ​ក្នុង​បទ​ពុករលួយ​មួយរូប​នៅចិន​ ស្លាប់​​​ដោយ​សារ​​​ទារុណកម្ម​

សារព័ត៌មាន​ចិន​​ Jinghua Shibao បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ពុធ​ទី​៤កញ្ញា​នេះ ពី​ការស្លាប់​​​​របស់ ​Yu Qiyi យូ ឈីអ៊ី ជា​អ្នកទទួលខុសត្រូវ​សហគ្រាស​រដ្ឋចិន​មួយកន្លែង ដែល​បាន​ទទួលទារុណកម្ម​សួរចំលើយ​ក្នុង​រឿង​ពុករលួយ រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត កាលពី​​ខែ​មេសា​កន្លងទៅ។ ​​កោសល្យវិច័យ​សាកសព បាន​បង្ហាញថា មុន​នឹង​បាត់បង់​ជីវិត លោកយូ បាន​​​ផឹកវត្ថុធាតុ​រាវៗ ដែល​​នាំអោយ​ប៉ះពាល់​ដល់​សួត និង​បណ្តាល​អោយ​ស្លាប់។​

ប៉ូលិសចិន​តែង​រងការចោទ​ប្រកាន់ ​ថា​​មាន​ទំលាប់​ធ្វើទារុណកម្ម​​ជនសង្ស័យជាប្រចាំ ដើម្បី​ទទួលបាន​ចំលើយ​សារភាព។
ប៉ូលិសចិន​តែង​រងការចោទ​ប្រកាន់ ​ថា​​មាន​ទំលាប់​ធ្វើទារុណកម្ម​​ជនសង្ស័យជាប្រចាំ ដើម្បី​ទទួលបាន​ចំលើយ​សារភាព។ REUTERS/Kim Kyung-Hoon
ផ្សាយពាណិជ្ជកម្ម

Yu Qiyi យូ ឈីអ៊ី អាយុ​៤២ឆ្នាំ ជា​វិស្វករ​ដឹកនាំ​​នៅក្នុង​សហគ្រាស​រដ្ឋ​ចិន​មួយកន្លែង​​នៅ​ក្រុង​Wenzhou វិនជូ ​ក្នុង​ខេត្ត​ Zhejiang ចឺជាំង ភាគ​ខាងកើតប្រទេស​ចិន។ លោក Yu ជាប់​សង្ស័យ​ក្នុង​​​បទពុករលួយ ទាក់ទង​នឹង​​​កិច្ចសន្យា​ទទួល​កម្មសិទ្ធិ​អចលនទ្រព្យ​មួយ។ លោក​ត្រូវ​បាន​ចាប់ខ្លួន​​នៅខែ​មិនា​ដើមឆ្នាំ មុន​នឹង​ស្លាប់​បាត់បង់ជីវិត​ដោយ​​​ទារុណកម្ម នៅខែ​មេសា។

​សារព័ត៌មាន​ចិន​​ Jinghua Shibao បាន​គូស​បញ្ជាក់​ពី​ខ្លឹមសារ​នៃ​​របាយការណ៍​រដ្ឋអាជ្ញា​ចិន។ របាយការណ៍​លើកឡើង​ថា ដោយសារ​តែ​​លោក​យូ ​មិន​បាន​​​ឆ្លើយ​អ្វី​​​ជា​សាច់ការ​ ទាក់ទង​នឹងការចោទប្រកាន់​ ក្រុម​អ្នកស៊ើបអង្កេត​បាន​​​បង្ខំ​អោយ​លោក​ដោះសម្លៀក-​បំពាក់​ចេញពីខ្លួន និង​បាន​ចាប់ជ្រមុជ​រូបលោក​ ចូល​ក្នុង​អាងទឹក​ដែលមានសីតុណ្ហភាព​ត្រជាក់ខ្លាំង។ នៅពេល​ដែល​លោក​យូ​ ​លែង​មាន​សកម្មភាព​​កំរើក​តស៊ូ​នឹង​ទារុណកម្ម​​ទៀត ក្រុមអ្នកស៊ើបអង្កេត​បាន​សំរេច​ចិត្តបញ្ចប់ការ​សួរចំលើយ។ លោកយូ​ត្រូវ​បាន​បញ្ជូនទៅ​មន្ទីរពេទ្យ។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក គ្រូពេទ្យ​បាន​ប្រាប់ថា​លោកយូ​បាន​ស្លាប់​ហើយ។ អ្នកជិតដិត​នឹង​​លោក​យូ​ បាន​ប្រាប់​ថា បាន​ឃើញស្នាម​ជាំ​ជាច្រើន នៅ​លើ​សាកសព​គាត់។

សមាជិក​ទាំង​​៦រូបនៃ​គណៈកម្មការ​វិន័យ​គណបក្ស​កុម្មុយនិស្ត​ចិន ​ទទួលបន្ទុក​ផ្នែក​សួរចំលើយ បាន​ជាប់ពិរុទ្ធ​ពីបទ​​បង្កស្នាម​របួស​ដោយចេតនា​លើ​រូប​យូ។ តុលាការ​ចិន​នឹង​បើកសវនាការ​កាត់ទោស​ជនជាប់ចោទ​ទាំង​៦រូបនេះ។

ចិន​​ក្នុង​អណត្តិ​ប្រធានាធិបតី​ថ្មី ស៊ី ជិនពីង តែងតែ​​បង្ហាញ​ពី​គោលបំណង​​កំចាត់​អំពើ​ពុករលួយ នៅ​​ក្នុង​រដ្ឋបាល​​សាធារណៈ​ ​រាប់​ទាំងថ្នាក់ដឹកនាំ​ក្នុង​ជួររដ្ឋាភិបាល​ផងដែរ។ ​អង្គការ​​​ឯករាជ្យ​នានា​តែង​តែ​ចោទ​ក្រុមប៉ូលិស​​ ថា​មាន​ទំលាប់​ធ្វើ​ទារុណកម្ម​​ជាប្រចាំ ដើម្បី​ទទួល​បាន​ចំលើយ​សារភាពពី​ជនសង្ស័យ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ