អានតួអត្ថបទ
ស៊ីរី-អ.ស.ប.

អង្គការ​សហប្រជាជាតិ​ប្រកាស​បើក​ច្រក​មនុស្សធម៌​នៅក្រុង​Homsភាគ​កណ្តាលប្រទេស​ស៊ីរី

កិច្ច​ព្រមព្រៀង​​មនុស្សធម៌​រវាង​ស៊ីរី និង​អង្គការ​សហប្រជាជាតិ​ ត្រូវ​ចូល​ជា​ជា​ធរមាន ​នៅ​ថ្ងៃ​សុក្រ​ទី ៧ កុម្ភៈ​នេះ។ កិច្ចព្រមព្រៀង​​ដែល​នឹង​អនុញ្ញាត​ឱ្យ​ជន​ស៊ីវិល​រាប់​សិប​រយ​នាក់​ ចាក​ចេញ​ពី​សង្កាត់​គ្រប់គ្រង​ដោយ​ពួក​ឧទ្ទាម​​នៅ​ក្រុង​Homs ភាគកណ្តាល​ប្រទេស ដែល​បិទ​ខ្ទប់​អស់​រយៈ​ពេល​ជាង​៦០០​ថ្ងៃ​មក​ហើយ។

ប្រជាជន​ស៊ីរី​ ជាប់​កុន​ក្នុង​សមរភូមិក្រុង​ Homs រង់ចាំ​ជំនួយ​មនុស្សធម៌។ រូបថត​ថ្ងៃ​ទី ២៧ មករា ២០១៤
ប្រជាជន​ស៊ីរី​ ជាប់​កុន​ក្នុង​សមរភូមិក្រុង​ Homs រង់ចាំ​ជំនួយ​មនុស្សធម៌។ រូបថត​ថ្ងៃ​ទី ២៧ មករា ២០១៤ REUTERS/Yazan Homsy
ផ្សាយពាណិជ្ជកម្ម

ក្រុង​Homs​ ក្រុង​ចំណាស់​ របស់​ស៊ីរី ​បាន​ក្លាយ​ជា​មូលដ្ឋាន​ឈរ​ជើង​របស់​ក្រុម​ប្រឆាំង និង​ក្លាយ​សមរភូមិ​ប្រយុទ្ធ​ឡោម​ព័ទ្ធ​ដោយ​ទាហាន​រដ្ឋាភិបាល​ អស់​រយៈពេល​ជិត​ពីរ​ឆ្នាំ​មក​ហើយ។ អង្គការ​សហប្រជាជាតិ ប៉ាន់​ប្រមាណ​ថា​មាន​ប្រជាជន​ជាង​ពីរ​ពាន់​៥​នាក់ កំពុង​ជាប់​កុន ក្នុង​សង្កាត់​ដែល​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម កាត់​ផ្តាច់​ពីពិភពលោក​ ស្គាល់​​​តែ​គ្រាប់​ផ្លោង​ គ្រាប់បែក ​និង​ភាព​អត់​ឃ្លាន។

 

ប៉ុន្តែ​នៅថ្ងៃ​នេះ តាមរយៈ​កិច្ច​ព្រមព្រៀង រវាង​អង្គការ​សហប្រជាជាតិ​ ជាមួយ​នឹង​រដ្ឋាភិបាល​ស៊ីរី ជន​រងគ្រោះ​ស៊ីវិល អាច​នឹង​ត្រូវ​ជម្លៀស​ចេញ​ប្រសិន​បើ​ពួក​គេ​ចង់ និង​អាច​ទទួល​បាន​ជំនួយ​មនុស្ស​ធម៌ ចំពោះ​អ្នក​​ដែល​ក្រាញនៅ​។ តែ​ជោគ​វាសនា​របស់​ក្រុម​ដែល​ជា​អ្នក​ប្រយុទ្ធ​ប្រឆាំង​នឹង​របប​ក្រុង​ដាម៉ាស នៅ​តែ​មិន​ប្រាកដ​ប្រជា​ដដែល។

Homs ​មិន​មែនជា​ក្រុង​តែ​មួយ​ដែល​រង់​ចាំ​​ ក្នុង​ក្តី​អស់​សង្ឃឹម​ ជំនួយ​មនុស្ស​ធម៌នោះ​ទេ ប៉ុន្តែ​ក្រុង​នេះ​បាន​ក្លាយ​ជា​និមិត្ត​រូប​នៃ​មហន្តរាយ​មនុស្ស​ជាតិ​នៅស៊ីរី។ គឺ​​ស្ថាន​ភាព​ក្នុង​​ក្រុង​នេះ​ហើយ ដែល​​មាន​និយាយ​ច្បាស់​លាស់​ក្នុង​ជំនួប​ចរចា​ផ្ទាល់​រវាង​រដ្ឋាភិបាល​ក្រុង​ដាម៉ាស និង​បក្ស​ប្រឆាំង​នៅ​ក្រុង​ហ្សឺណែវ។ ដូច្នេះ Homs ត្រូវ​បាន​ប្រើ​ជា​គំរូ និង​មាន​តម្លៃ​ជា​ការ​សាក​ល្បង​ ក្នុង​វិបត្តិ​ស៊ីរី។​

គេ​ត្រូវ​ការ​ប្រើ​ពេល​ជិត​១៥​ថ្ងៃ​ ទម្រាំ​ចេញ​បាន​ជា​លទ្ធផល​ «​​មនុស្សធម៌ » ដ៏​តិច​តួច​នេះ។ ហើយ​គេ​មិន​ដឹង​ថា​តើ​ការ​ព្រមព្រៀង​នេះ នឹង​មាន​ការ​​គោរពអនុវត្ត​​បានត្រឹម​ណា​ផង។ ក្បួន​ដឹក​ជញ្ជូន​អង្គការ​សហប្រជាជាតិ បាន​ត្រៀម​លក្ខណៈ​រួចជា​​ស្រេច។ ក្រុមទី​មួយ​នឹង​សាកល្បង​ធ្វើ​ដំណើរ​ចូលក្រុង​Homs ​នៅ​ថ្ងៃសុក្រ​នេះ។​​

នៅ​ក្នុង​ផ្ទៃ​ប្រទេសវិញ អំពើ​ហិង្សា​មិន​ចុះ​ថមថយ​ទេ។ ក្រុង​Alep ភាគ​ខាង​ជើង​ ការ​ប្រយុទ្ធ​តែ​តែ​បន្ត​ក្នុង​គុក​ធំ ពួក​ឧទ្ទាម​បាន​រំដោះ​អ្នក​ទោស​ជាង​មួយ​រយ​នាក់។ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បានគីមូន បាន​ប្រកាស​ថ្កោល​ទោស​​ការ​វាយ​ប្រហារប្រឆាំង​នឹង​ជនស៊ីវិល ជាពិសេស​ថ្កោល​ទោស​ការ​ប្រើ​វិធី​ទម្លាក់​ធុង​ប៉ារីល​ដ៏​មហា​ផ្ទុះ​ តាំង​ពី​ជា​ច្រើន​សប្តាហ៍​មក​នេះ ពី​សំណាក់​កង​ទ័ព​អាកាសស៊ីរី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ