អានតួអត្ថបទ
អ៊ុយក្រែន

នាយករ​ដ្ឋមន្ត្រី​សុំ​លាលែង​ចេញពី​តំណែង​ ពេល​ប្រទេស​កំពុង​មាន​ជម្លោះ​ខ្លាំង

​អ៊ុយក្រែន​កំពុង​ផុង​ជ្រៅ​​ក្នុង​វិបត្តិ​នយោបាយមួយ​ជាន់​ទៀត។ លោក នាយករ​ដ្ឋមន្ត្រី​ Arseni Iatseniouk (អាសេនី យ៉ាសេនុក) បាន​ប្រកាស​លាលែង​ចេញពី​តំណែង​នៅ​ព្រហស្បតិ៍​ម្សិលមិញ​ បន្ទាប់​ពី​មាន​ភាព​ប្រេះ​ឆា​ក្នុង​ផ្ទៃ​សភា (គណបក្ស​​ពីរ បាន​ដក​ខ្លួនចេញ​ពី​សភា)។ ​ប្រធានាធិបតី​អ៊ុយក្រែន បាន​ប្រកាស​ស្វាគមន៍​សេចក្តី​សម្រេច​ចិត្ត​របស់​ប្រមុខ​រដ្ឋាភិបាល និង​បានប្រកាស​សន្យា​រៀប​ចំ​ការ​បោះឆ្នោត​សភា​មុន​កាល​កំណត់។

លោក​នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន​ Arseni Iatseniouk ប្រកាស​សុំ​លាលែង​ចេញ​ពី​តំណែង​នៅ​មុខ​សភា
លោក​នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន​ Arseni Iatseniouk ប្រកាស​សុំ​លាលែង​ចេញ​ពី​តំណែង​នៅ​មុខ​សភា REUTERS/Alex Kuzmin
ផ្សាយពាណិជ្ជកម្ម

 

លោក Arseni Iatseniouk តំណាង​ដ៏​សំខាន់​ម្នាក់​នៃ​បដិវត្ត​អ៊ុយក្រែន​ដើម្បី​បុព្វហេតុ​ខិត​រក​សហភាព​អឺរ៉ុប​កាលពី​ចុង​ឆ្នាំ​ បានសុំ​លាលែង​ចេញ​ពី​តំណែង​នាយក​រដ្ឋមន្ត្រី​ យ៉ាង​តក់​ក្រហល់ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ ការ​លាលែងដែល​នឹង​ត្រូវ​សភា​អ៊ុយក្រែន​បោះឆ្នោត​អនុម័ត​នៅ​ថ្ងៃ​សុក្រ​ទី ២៥​កក្កដា​នេះ ទំនង​ជា​បណ្តាល​មក​ពី​លោក​នាយក​រដ្ឋមន្ត្រី​​​មាន​ទស្សនៈ​ផ្ទុយ​គ្នា​ជាមួយ​នឹង​​ លោក ប៉េត្រូ ប៉ូរ៉ូឆេនកូ ជា​ប្រធានាធិបតី​ស្តី​ពី​យុទ្ធសាស្ត្រ​នយោបាយ​ក្នុង​ជួរ​រដ្ឋាភិបាល។

ប្រធានាធិបតី​​ ព្រមព្រៀង​ឱ្យ​រំលាយ​រដ្ឋ​សភា​ចម្រុះ​ចាស់ (បង្កើត​ឡើងក្រោយ​ការ​ចាក​ចេញ​ពី​តំណែង​របស់​លោក​វិចទ័រ យ៉ានូកូវិច) ដោយ​​​ចង់​រៀប​ចំ​ការ​បោះឆ្នោត​ជ្រើសរើស​សភា​ថ្មី តែ​សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី​ ដែល​ខាង​បស្ចឹម​លោក​ពេញ​ចិត្ត​គាំទ្រ​ខ្លាំង យល់​ថា​មិន​ទាន់​ដល់​ពេល​ទេ ព្រោះ​អ៊ុយក្រែន​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​យ៉ាប់យឺន​នៅ​ឡើយ ផលវិបាក​អាច​នឹង​ធ្ងន់ធ្ងរ​ខ្លាំង។

ដូច្នេះ​នឹង​មាន​ការបោះឆ្នោត​សភា​មុន​អាណត្តិ​នៅ អ៊ុយក្រែន​ ​ដូច​អ្វី​ដែល​ក្រុម​បាតុករ​នៅ​ទីលាន​ ម៉ៃដានទាមទារ។ ចលនា​បដិវត្ត​នៅ​ទីលាន​ម៉ៃដាន​ ដែល​ចង់​ឃើញ​មាន​ការ​ប្តូរ​ផ្លាស់​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ប្រទេស​ថ្មី​ទាំង​ស្រុង​តែ​ម្តង។ ប៉ុន្តែ​សម្រាប់​លោក​ Arseni Iatseniouk ជា​នាយក​រដ្ឋមន្ត្រី​ ប្រសូត​ចេញ​ពី​គណបក្ស​ Batkivschina របស់​លោកស្រី ជូលីយ៉ា ទីម៉ូឆេនកូ​ អ៊ុយក្រែន​គ្មាន​លទ្ធភាពតែ​ម្តង ពោល​គឺ​គ្មាន​លុយ​សោះ។​ ហិប​រដ្ឋ​រលីង យោធា​គ្មាន​សម្ភារៈ​បរិក្ខារ​និង​ការ​បំពាក់បំប៉ន​​ត្រឹមត្រូវ តែ​ត្រូវ​ប្រឈម​មុខ​ជា​រៀង​រាល់​ថ្ងៃ​នឹង​ពួក​ឧទ្ទាម​ចង់​ផ្តាច់​ទឹកដីទៀត។ 

នៅចំពោះ​មុខ​សភា​ លោក បាន​បរិហារ​នយោបាយ​ចង្អៀត​ចង្អល់​របស់ប្រធានាធិបតី ក្នុង​ខណៈ​ដែល​អ៊ុយក្រែន​​ត្រូវ​ការ​ការ​រួបរួម​ជា​ធ្លុង​មួយ​ នៅពី​ក្រោយ​មេដឹកនាំជាតិ។ នេះ​ជា​ឧក្រិដ្ឋកម្ម​សីលធម៌​និង​នយោបាយ ! សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី​ អ្នក​ដែល​ឈ្នះ​មាន​តែ​ម្នាក់​គឺរុស្ស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ