អានតួអត្ថបទ
អ៊ុយក្រែន

ក្រុមអ្នក​គាំទ្រ​រុស្ស៊ី​២០០នាក់​ចូល​ព័ទ្ធ​មូលដ្ឋាន​យន្តហោះ​អ៊ុយក្រែន​នៅ​គ្រីមេ​

នៅ​តំបន់គ្រីមេ​​ថ្ងៃ​សៅរ៍នេះ ក្រុមអ្នកគាំទ្រ​រុស្ស៊ី​២០០នាក់ បានចូល​ទៅ​ព័ទ្ធ​មូលដ្ឋាន​យន្តហោះ​យោធា​​​អ៊ុយក្រែន​ នៅ​ Novofedorivka ភាគខាងលិច។ ប៉ុន្តែ ​ពួកគេ​គ្មាន​អាវុធ​ក្នុង​ដៃ​នោះទេ។ ការចូល​លុកលុយ​មូលដ្ឋាន​ហោះហើរ​របស់​កងទ័ព​អ៊ុយក្រែន​ធ្វើឡើង​ ខណៈ​​ប្រមុខការទូត​អាល្លឺម៉ង់ ​និង​នាយក​រដ្ឋមន្ត្រី​កាណាដា ចុះទៅ​បំពេញ​ទស្សនកិច្ច​នៅអ៊ុយក្រែន ​សំដែង​ការគាំទ្រ​ចំពោះ​អាជ្ញាធរ​​អ៊ុយក្រែន ប្រឈម​នឹង​ទង្វើ​រុស្ស៊ី​ដែល​បាន​ភ្ជាប់​តំបន់គ្រីមចូលទឹកដី​រុស្ស៊ី។

កងទ័ព​អ៊ុយក្រែន​នៅមូលដ្ឋានយោធា​មួយកន្លែង​ នៅ​គ្រីមេ ថ្ងៃ២២មីនា​នេះ
កងទ័ព​អ៊ុយក្រែន​នៅមូលដ្ឋានយោធា​មួយកន្លែង​ នៅ​គ្រីមេ ថ្ងៃ២២មីនា​នេះ REUTERS/Vasily Fedosenko
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​សៅរ៍នេះ ក្រុម​បុរស​​​គាំទ្រ​រុស្ស៊ី​២០០នាក់ បាន​ចូលទៅ​​ព័ទ្ធ​មូលដ្ឋាន​យន្តហោះ​អ៊ុយក្រែន នៅ​ ណូវ៉ូហ្វេដូរីវកា Novofedorivka ស្ថិតនៅ​ភាគ​ខាងលិច​តំបន់គ្រីមេ។ ពួកគេ​​គ្មាន​អាវុធ​អ្វី​នោះទេ ពួកគេ​​បាន​​​បំផ្លិច​បំផ្លាញ​បង្អួច​​ជាច្រើន​ នៅទីនោះ។ កងទ័ព​អ៊ុយក្រែន​បាន​ធ្វើការ​ការពារ​ខ្លួន ​​ដោយ​បាន​​បាញ់គ្រឿងផ្សែង​តបត​ទៅនឹង​​ជនទាំងនោះ​វិញ។

ការវាយលុក​នេះ ធ្វើឡើង​តែ​មួយថ្ងៃ​ប៉ុណ្ណោះបន្ទាប់​ពី​កងទ័ព​ជើងទឹក​រុស្ស៊ី​​ ​​បាន​​កាន់កាប់​នាវាមុជទឹក​អ៊ុយក្រែន នៅ​គ្រីមេ កាលពី​ថ្ងៃ​សុក្រ​។ កងទ័ពរុស្ស៊ី​បាន​ដឹកនាវា​មុជទឹក​អ៊ុយក្រែន ចូល​ទៅ មូលដ្ឋាន​រុស្ស៊ី​នៅ​សេបាស្តូប៉ូល។ ប៉ុន្មានថ្ងៃ​ចុងក្រោយនេះ មូលដ្ឋាន​​និង​នាវា​អ៊ុយក្រែន​ជាច្រើន​ បាន​រង​ការវាយលុក​ បែប​នេះ។ ​កងទ័ព​អ៊ុយក្រែនតែង​​សុខចិត្ត​​ចុះចាញ់ ដោយ​មិន​តបត​អ្វី​ទាំងអស់ នៅចំពោះ​​​មុខ​កងកម្លាំង​រុស្ស៊ី និង​សកម្មជន​​គាំទ្រ​រុស្ស៊ី។

ប្រឈម​នឹង​សកម្មភាពគាំទ្រ​រុស្ស៊ី ក្រសួងការពារ​ជាតិ​អ៊ុយក្រែន​​បាន​សន្យា​​ថា​ ​រាល់កងទ័ព​ដែល​ចាកចេញពី​គ្រីមេ ចូល​មកអ៊ុយក្រែន នឹង​ទទួល​ការ​លើកតំកើង​ជា​វីរបុរស​ជាតិ។ ក្រសួងការពារ​ជាតិអ៊ុយក្រែន​ប្រាប់ថា ទីភ្នាក់ងារ​ពិសេស​រុស្ស៊ី​​​បាន​ព្យាយាម​មិនអោយ​កងទ័ព​បានទទួល​ដំណឹង​នេះ ដោយ​បំផ្លើស​ព័ត៌មាន​ថា ​អ្នកដែល​ចេញ​ពី​គ្រីមេ​ទៅ នឹង​ត្រូវ​គេកំចាត់ ហើយ​យោធា​ទៀតសោត​អាច​នឹង​ត្រូវតុលាការ​កាត់ទោស​ថា​ជាជន​ក្បត់។ 

នៅថ្ងៃ​សៅរ៍នេះ​ ប្រមុខការទូត​អាល្លឺម៉ង់​ ​Frank-Walter Steinmeier និង​នាយករដ្ឋមន្ត្រី​កាណាដា​ Stephen Harper បាន​បំពេញទស្សនកិច្ច​នៅ​អ៊ុយក្រែន សំដែង​ការគាំទ្រ​ចំពោះ​រដ្ឋាភិបាល​អ៊ុយក្រែន​ប្រឈម​នឹង​ទង្វើ​រុស្ស៊ី​ដែល​បាន​ភ្ជាប់​គ្រីមេ​​ចូល​ជា​ដែនដី​រុស្ស៊ី។ ប្រមុខ​ការទូត​អាល្លឺម៉ង់​បាន​បរិហារ​ទង្វើ​រុស្ស៊ី​ថា ជាការ​ព្យាយាម​បំបែកបំបាក់​អឺរ៉ុប។

នាយករដ្ខមន្ត្រី​អ៊ុយក្រែន​ អារសេនី យ៉ាត់សេនីញុក បានប្រាប់ថា បាន​ពិភាក្សា​ជាមួយ​ប្រមុខ​ការទូត​​អាល្លឺម៉ង់ ពី​ការ​ដែល​អាល្លឺម៉ង់​អាច​​ផ្តល់ជំនួយ​បច្ចេកទេស​​ជួយ​កងទ័ព​អ៊ុយក្រែន និង​ពី​​​ការ​ដឹកជញ្ជូន​​ឧស្ម័ន​ជាយថាហេតុណាមួយ ​​ពីសំណាក់​អឺរ៉ុប​ខាងលិច ​ទៅ​អោយ​អ៊ុយក្រែន​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ