អានតួអត្ថបទ
វៀតណាម

មាន​មនុស្ស​ស្លាប់​និង​បាត់ខ្លួន​ជាង​១០នាក់ ដោយហេតុ​ខ្យល់ព្យុះ​Conson

មាន​អ្នក​ស្លាប់​ម្នាក់​និង​បាត់​ខ្លួន​ជាង​១០នាក់​ នៅ​ប៉ែក​ខាង​ជើង​និង​កណ្តាល​វៀតណាម​ ដោយ​ហេតុ​ខ្យល់​ព្យុះ​ឈ្មោះ​Conson​ដែល​មុន​ហ្នឹង​ បាន​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​យ៉ាង​តិច​៦៧នាក់​ នៅ​ហ្វីលីព្វីន​និង​ប្រទេស​ចិន​ ​ ​ -ស្រប​តាម​អាជ្ញាធរ​វៀតណាម​ឱ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ១៨​កក្កដា​នេះ​។

ព្យុះសង្ឃរា Conson នៅ​វៀតណាម
ព្យុះសង្ឃរា Conson នៅ​វៀតណាម ©Reuters
ផ្សាយពាណិជ្ជកម្ម

01:43

សេចក្តីរាយការណ៍​របស់ វីនស្តុន រតនា

ខ្យល់​ព្យុះ​Conson​បាន​បោកបក់​ទៅលើ​ឆ្នេរសមុទ្រ​វៀតណាម​នៅ​ល្ងាច​ថ្ងៃសៅរ៍​ម្សិលមិញ​ ​ បន្ទាប់​ពី​​បាន​ប៉ះពាល់​កោះ​ទេសចរ​ចិន​Hainan។បន្ទាប់​មក​ទៀត​ ​ វា​ក៏​បាន​ប្រែក្លាយ​ទៅ​ជា​ព្យុះ​ភ្លៀង។

ស្រប​សំដី​អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ទល់​នឹង​ខ្យល់​ព្យុះ​និង​ទឹក​ជំនន់​ នៅ​ហាណូយ​ “​ វា​នៅ​តែ​បន្ត​បង្ក​ឱ្យ​កើត​ជា​ទឹក​ភ្លៀង​ធ្លាក់​នៅ​តំបន់​ខ្លះ​នៅ​ប៉ែក​ខាង​ជើង​និង​ប៉ែក​កណ្តាល​ប្រទេស​វៀតណាម​។យើង​នៅ​ពុំ​ទាន់​អាច​គន់​គិត​ចំនួន​ទឹក​ប្រាក់​នៃ​ការខូចខាត​ខាង​សម្ភារៈ​នៅ​ឡើយ​ ​ ​ ប៉ុន្តែ​ខ្យល់​ព្យុះ​បាន​បំផ្លាញ​កំទេច​ហេដ្ឋារចនា​សម្ព័ន្ធ​ជា​មូលដ្ឋាន​ ​ ជាពិសេស​ សំណង់​ខាង​ធារាសាស្ត្រ​ “​។

ទាហាន​វៀតណាម​រាប់​ពាន់​នាក់​ត្រូវ​បាន​កេណ្ឌ​ដើម្បី​ជួយ​បណ្តាជន​ដែល​រស់​នៅ​មណ្ឌល​រង​គ្រោះ​ដោយ​ខ្យល់​ព្យុះ​ Conson។ជន​ចំនួន​បីម៉ឺន​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ មុន​ការ​មក​ដល់​នៃ​ខ្យល់​ព្យុះ​។

គឺ​នៅ​ហ្វីលីព្វីន​ដែល​ខ្យល់​ព្យុះ​បាន​បំផ្លិច​បំផ្លាញ​ច្រើន​ជាង​គេ​ ​ បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​យ៉ាង​តិច​៦៥នាក់​ ​ កំទេច​លំនៅ​ឋាន​អស់​រាប់​ពាន់​ខ្នង​ ​ ​ បណ្តាល​ឱ្យ​លិច​ឬ​ខូច​ខាត​កប៉ាល់​រាប់​សិប​គ្រឿង​។ដើម​ឈើ​រលំ​ក៏​បាន​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​អស់​ជាច្រើន​នាក់​និង​បាន​កាត់​ផ្តាច់​គមនាគមន៍​។នៅ​ប្រទេស​ចិន​ ​ ​ ជន​ពីរ​នាក់​បាន​ស្លាប់​បណ្តាល​មក​ពី​ការរលំ​ផ្ទាំង​ប័ណ្ណូ​ផ្សាយ​ពាណិជ្ជកម្ម។

ពី​ហ្វីលីព្វីន​មក​កាន់​វៀតណាម​ ​ ​ ភូមិភាគ​នេះ​បាន​ទទួល​រង​គ្រោះ​ជា​រៀង​រាល់​ឆ្នាំ​ ដោយ​ខ្យល់​ព្យុះ​ដែល​បាន​បណ្តាល​ឱ្យ​ស្លាប់​ជន​រាប់​រយ​នាក់​ ​ ​ បំផ្លាញ​កំទេច​ឬ​ធ្វើ​ឱ្យ​ខូច​ខាត​លំនៅ​ឋាន​រាប់​ពាន់​ខ្នង​និង​ផ្ទៃ​ដី​កសិកម្ម​ដ៏​ទូលំ​ទូលាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ