អានតួអត្ថបទ
ខ្មែរក្រហម

គុក​ទួលស្លែង ទី​ដែល​អ្នក​ចូល​ហើយ មិន​អាច​មាន​ជីវិត​ចេញ​វិញ

នៅ​ក្នុង​របបខ្មែរក្រហម កន្លែង​ឃុំឃាំង ធ្វើទារុណកម្ម និង​សម្លាប់​មនុស្ស គឺ​មាន​​​រាប់សិប នៅទូទាំង​ប្រទេសកម្ពុជា។ ក៏ប៉ុន្តែ គុកទួលស្លែង ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់ ឌុច គឺ​ជា​ទីតាំង​ធ្វើ​ទារុណកម្ម ដែល​មាន​ឈ្មោះ​​​អសោច​ជាងគេ។ អ្នកដែល​ត្រូវគេ​បញ្ជូន​យក​ទៅ​ដល់​គុកទួលស្លែង​ហើយ ភាគតិចបំផុត ដែល​អាច​មាន​ជីវិត​រួចចេញ​មកវិញ។

មន្ទីរ ស-២១ ឬ​គុកទួលស្លែង ដែល​ជា​កន្លែង​​ធ្វើ​ទារុណកម្ម​សួរចម្លើយ​​អ្នក​ដែល​ត្រូវ​ខ្មែរក្រហម​ចាត់ទុក​ជា​ "ខ្មាំង"
មន្ទីរ ស-២១ ឬ​គុកទួលស្លែង ដែល​ជា​កន្លែង​​ធ្វើ​ទារុណកម្ម​សួរចម្លើយ​​អ្នក​ដែល​ត្រូវ​ខ្មែរក្រហម​ចាត់ទុក​ជា​ "ខ្មាំង" រូបថត​ឯកសារ
ផ្សាយពាណិជ្ជកម្ម

គុកទួលស្លែង មាន​ឈ្មោះ​សម្ងាត់​ថា "មន្ទីរ ស-២១” ហើយ​មានទីតាំង​នៅ​ក្នុង​អតីត​វិទ្យាល័យ​ទួលស្លែង ស្ថិត​ក្នុង​ក្រុងភ្នំពេញ។ មន្ទីរស-២១ ​ត្រូវបាន​ពួកខ្មែរក្រហម​បង្កើតឡើង​ តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ក្រោយ​ពី​ពួកគេ​ឡើងកាន់អំណាច នៅឆ្នាំ១៩៧៥។ បន្ទប់រៀន ដែល​ធ្លាប់តែ​ជា​កន្លែង​ផ្តល់​ចំណេះដឹង​ដល់​សិស្ស ​​ត្រូវបាន​ពួកខ្មែរក្រហម​​ប្រែក្លាយ​ជាទី​​កន្លែង​ឃុំឃាំង និង​ធ្វើ​ទារុណកម្ម​សួរចម្លើយ​អ្នកទោស មុននឹង​យក​ទៅ​សម្លាប់​ នៅ​ជើងឯក ស្ថិតនៅ​ជាយក្រុង​ភ្នំពេញ។

នៅខែមិថុនា ឆ្នាំ​១៩៧៦ មេដឹកនាំ​ខ្មែរក្រហម​បាន​តែងតាំង ឌុច ដែល​មាន​បទពិសោធន៍​​ខាង​ធ្វើ​ទារុណកម្ម​ សួរចម្លើយ​អ្នកទោស ឲ្យ​មក​គ្រប់គ្រង​មន្ទីរស-២១។ ឌុច ធ្វើការ​ក្រោម​បញ្ជា​របស់​ សុន សេន (ហៅ ខៀវ) ដែល​ជា​រដ្ឋមន្រ្តី​ក្រសួងការពារជាតិ និង នួន ជា ប្រធានរដ្ឋសភា និង​ជា​អនុលេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា។

​អ្នកទោស ដែល​គេ​ចាប់បញ្ជូន​មក​ដល់​គុកទួលស្លែងភ្លាម ត្រូវ​គេ​ថតរូប និង​តម្រូវ​ឲ្យ​សរសេរ​ប្រវត្តិរូបលម្អិត ចាប់តាំង​កុមារភាព រហូតដល់​ពេល​ចាប់ខ្លួន។ អ្នកទោស​ត្រូវ​គេ​ធ្វើទារុណកម្ម ដោយ​ប្រើវិធី​ឃោរឃៅ​បំផុត ដើម្បី​​បង្ខំ​ឲ្យ​ឆ្លើយ​សារភាព​កំហុស​ថា​បាន​ក្បត់ “​អង្គការ” ហើយ​ប្រាប់ឈ្មោះ​អ្នក​ផ្សេងទៀត ដែល​រួមគំនិតក្បត់។ អ្នក​ដែល​ត្រូវ​អ្នកទោស​ឆ្លើយ​ទម្លាក់​កំហុស​ទាំងអស់​នេះ​​ក៏​ត្រូវ​បាន​គេ​ចាប់ខ្លួន​ជា​បន្តបន្ទាប់​​មក​គុកទួលស្លែង​ដែរ ដើម្បី​​​ធ្វើ​ទារុណកម្ម​សួរចម្លើយ​រក​​ឈ្មោះ​​អ្នកផ្សេងៗ​ទៀត ដែល​នៅ​ក្នុង​ខ្សែបណ្តាញ ដែល​ពួកខ្មែរក្រហម​ហៅថា “ខ្សែក្បត់”។

គិតជាសរុប គេ​ប៉ាន់ប្រមាណ​ថា នៅចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ មាន​មនុស្ស​ប្រមាណ​ ជាង​១ម៉ឺន​នាក់ ត្រូវបាន​​ពួក​ខ្មែរក្រហម​ចាប់ខ្លួន​យក​ទៅ​ឃុំឃាំង​នៅ​ក្នុង​មន្ទីរ​ស-២១។ ក្នុង​នោះ ក៏រួមមាន​មេដឹកនាំ​លំដាប់កំពូលៗ​ ក្នុង​​រដ្ឋាភិបាល​ខ្មែរក្រហម​ផងដែរ ដូចជា កុយ ធួន ហ៊ូ នឹម និង​ វន វ៉េត ជាដើម។

ក្នុង​ចំណោម​អ្នកទោស​ដែល​ត្រូវគេ​ចាប់យក​ទៅ​គុកទួលស្លែង មាន​មិនដល់ ១០នាក់​ផង ដែល​បាន​រួចជីវិត។ ហេតុដូច្នេះ​ហើយ​បាន​ជាអ្នកខ្លះ​ប្រសិទ្ធិនាម​គុកទួលស្លែង​ថា​ជា “ច្រកទ្វារនរក” ជាទី​ដែល​អ្នក​ដែល​បាន​​ចូល​ហើយ មិនអាច​មាន​ជីវិត​ចេញមកវិញបាន។

បច្ចុប្បន្ន អតីត​គុកទួលស្លែង ត្រូវបាន​​ប្រែក្លាយ​ទៅ​​ជា “សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍” ដែល​ជា​និមិត្តរូប​នៃ​អំពើ​ឃោរឃៅ​ របស់​ពួក​ខ្មែរក្រហម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ