អានតួអត្ថបទ
កម្ពុជា

សហ​មេធាវី​អន្តរជាតិ​ស្នើ​តុលាការ​អោយ​ស្តីបន្ទោស​លោក​ហោ ណាំហុង​ជា​សាធារណៈ

សហមេធាវី​អន្តរជាតិ​របស់​អតីត​បង​ធំ​ទី​២​របប​ខ្មែរក្រហម នួន ជា បាន​ជំរុញ​អោយ​អោយ​តុលាការ​ខ្មែរក្រហម​ស្តី​បន្ទោស​រដ្ឋមន្ត្រី​កាបររទេស​កម្ពុជា លោក ហោ ណាំហុង​ចំពោះ​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​សវនាការ។ សំណើ​របស់​ក្រុម​សហមេធាវី​អន្តរជាតិ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១៣ សីហា ដោយ​យោង​តាម​វិធាន​៣៥​របស់​សាលាក្តី​ខ្មែរ​ក្រហម។

លោក ហោ ណាំហុង​រដ្ឋមន្ត្រីកាបររទេស​កម្ពុជា
លោក ហោ ណាំហុង​រដ្ឋមន្ត្រីកាបររទេស​កម្ពុជា
ផ្សាយពាណិជ្ជកម្ម

 សហមេធាវី​អន្តរជាតិ​ការពារ​ក្តី​អោយ​លោក នួន ជា បាន​ធ្វើ​សំណើ​ទៅសាលា​ដំបូង​នៃ​តុលាការ​ខ្មែរ​ក្រហម​ដើម្បី​ស្នើ​អោយ​ចៅក្រម​សម្រេច​ចាត់​វិធានការ​បន្ទាន់​ប្រឆាំង​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា។ សំណើ​របស់​ក្រុម​មេធាវី​ងន្តរជាតិ​របស់​នួន ជា​កាល​ពី​ថ្ងៃ​ទី​១៣​សីហា​នេះ ត្រូវ​បាន​ធ្វើ​ឡើង ដោយ​យោង​ទៅ​លើ​ការ​អត្ថាធិប្បាយ​ខ្លី​ជា​លិខិត​របស់​លោក​ហោ ណាំហុង​កាល​ពី​ថ្ងៃ​ទី​២​សីហា។

ក្រោយ​ពី​សាក្សី​មួយ​រូប​បាន​និយាយ​នៅ​ក្នុង​សវនាការ​កាល​ពី​ថ្ងៃ​ទី​៣១​កក្កដា​ថា លោក​ឧបនាយករដ្ឋមន្ត្រី​បាន​គ្រប់គ្រង​ជំរំ​បឹងត្របែក លោក​ប្រមុខ​ការទូត​កម្ពុជា​ធ្វើ​ការ​អត្ថាធិប្បាយ​តាម​លិខិត​ជា​ភាសា​អង់គ្លេស ថា​លោក​សោកស្តាយ​ដែល​អ្នក​ការពារ​របប​ខ្មែរ​រក្រហម​បាន​បង្វែរ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​មក​លើ​ឥស្សរជន​សាធារណៈ​ដូច​រូប​លោក​ទៅវិញ។
នៅ​ក្នុង​លិខិត​អត្ថាធិប្បាយ​ដដែល​នោះ លោក​ហោ ណាំហុង​បាន​សរសេរ​ថា តុលាការ​ខ្មែរ​ក្រហម​គឺ​ជា​តុលាការ​ច្បាប់។ មិនមែន​ជា​វេទិកា​នយោបាយ​ទេ។ លោក​បន្ត​ថា ការ​ធ្វើ​នយោបាយ​ទៅ​លើ​សវនាការ ឬ​ការ​បង្ក​អោយ​មាន​ភាព​ខ្វែង​គំនិត​គ្នា​នៅ​ក្នុង​តុលាការ​នោះ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ។
ចំពោះ​ក្រុម​សហមេធាវី​អន្តរជាតិ​របស់​នួន ជា ការ​អត្ថាធិប្បាយ​របស់​លោក​ហោ ណាំហុង មាន​គោលដៅ​ធ្វើ​អោយ​មាន​ឥទ្ធិពល​ទៅ​លើ​ការ​ធ្វើ​សក្ខីកម្ម​ក្រោយៗ​ទៀត ហើយ​ថា នេះ​គឺ​ជា​ការ​ជ្រៀតជ្រែក​របស់​លោក​ហោ ណាំហុង​ចូល​ទៅ​ក្នុង​កិច្ចការ​របស់​សាលាក្តី​ផងដែរ។
សហមេធាវី​អន្តរជាតិ​ការពារ​ក្តី​អោយ​លោក​នួន ជា​ចំនួន​៣​រូប​បាន​ស្នើ​អោយ​សាលាដំបូងនៃ​តុលាការ​ខ្មែរ​ក្រហម​​ស្តី​បន្ទោស​ជា​សាធារណៈ​លោក​រដ្ឋមន្ត្រី​ការ​បរទេស និង​ព្រមាន​ជា​ផ្លូវការ​មិន​អោយ​លោក​ឧបនាយករដ្ឋមន្ត្រី​ធ្វើ​អត្ថាធិប្បាយ​បែប​នេះ​ទៀត។
គួរ​បញ្ជាក់​ថា ករណី​របស់​លោក​ហោ ណាំហុង​ទាក់ទងនឹង​ការ​ទទួលខុសត្រូវ​របស់​លោក​នៅ​ក្នុង​ជំរំ​បឹងត្របែក​ក្នុង​របប​ខ្មែរ​ក្រហម​នោះ គឹ​ជា​ប្រធានបទ​នៃ​ក្តីក្តាំ​មួយ​ដង ជា​ពីរ​ដង​រួច​មក​ហើយ។ សម្តេច​ឪ​នរោត្តម​សីហនុ និង​លោក​សម រង្ស៊ី​សុទ្ធ​តែ​ត្រូវ​ហោ ណាំហុង​ប្តឹង​ពី​បទ​បរិហាកេរ្តិ៍៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ