អានតួអត្ថបទ
កម្ពុជា

ស្ថាប័ន​កំពូល​ៗ​នៅ​កម្ពុជា ចាប់​ទទួល​ពាក្យ​បេក្ខជន​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម

ស្ថាប័ន​កំពូល​ៗ​នៅ​កម្ពុជា មាន​ជា​អាទិ៍​រដ្ឋសភា​ជាតិ និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ជា​ដើម បាន​ជូន​ដំណឹង​ជា​សាធារណៈ អំពី​ការ​ជ្រើស​តាំង​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម សម្រាប់​អាណត្តិ​៥​ឆ្នាំ លើក​ទី​១​។ សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម មាន​ចំនួន​១១​រូប ក្នុង​នោះ​រួម​មាន រដ្ឋ​មន្ដ្រី​ក្រសួង​យុត្តិធម៌ ប្រធាន​តុលាការកំពូល អគ្គព្រះរាជ​អាជ្ញា​អម​តុលាការ​កំពូល និង​៨​រូប​ទៀត ត្រូវ​​​ជ្រើស​តាំង​ដោយ​ស្ថាប័ន​កំពូល​ៗ​នៅ​កម្ពុជា​។ ការ​កំណត់​ឲ្យ​រដ្ឋ​មន្ដ្រី​ក្រសួង​យុត្តិធម៌ ដែល​ជា​សមាជិក​នៃ​អង្គ​នីតិប្រតិបត្តិ មាន​តួនាទី​នៅ​ក្នុង​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ដូច្នេះ បាន​ធ្វើ​ឲ្យ​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ថា អាច​ប៉ះពាល់​ដល់​គោលការណ៍​បែង​ចែក​អំណាច​។

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ
ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ©rfi-ម៉េងហូរ
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​ដាច់​ដោយ​ឡែក​ពី​គ្នា ​រដ្ឋសភា​ជាតិ និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដែល​ជា​ស្ថាប័ន​កំពូល​នៅ​កម្ពុជា បាន​​ប្រកាស​ចាប់​ទទួល​ពាក្យ​សុំ​ឈរ​ឈ្មោះ​ជា​បេក្ខជន ក្នុង​តំណែង​ជា​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម សម្រាប់​អាណត្តិ​៥​ឆ្នាំ លើក​ទី​១​។ បេក្ខជន​ដែល​មាន​បំណង​ចូល​រួម​ជា​បេក្ខភាព​នៃ​ការ​ជ្រើស​តាំង​នេះ ត្រូវ​មាន​បទ​ពិសោធន៍​ការងារ​យ៉ាង​តិច​១៥​ឆ្នាំ នៅ​ក្នុង​វិស័យ​ច្បាប់​ឬ​តុលាការ ឬ​​មាន​លិខិត​បញ្ជាក់​ថា ជា​អតីត​ចៅក្រម ឬ​អតីត​ព្រះ​រាជអាជ្ញា​។ ការ​ទទួល​ពាក្យ​ចាប់​ផ្ដើម​ពី​ថ្ងៃ​នេះ​ត​ទៅ រហូត​ដល់​ថ្ងៃ​ទី​៣០​កញ្ញា​សម្រាប់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ និង​ថ្ងៃ​ទី​៨​តុលា សម្រាប់​រដ្ឋសភា​កម្ពុជា​។

តាម​ច្បាប់​ស្ដី​ពី​ការ​រៀប​ចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម ដែលទើប​តែ​ត្រូវ​បាន​អនុម័ត​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម មាន​ព្រះ​មហាក្សត្រ​ជា​ព្រះ​ប្រធាន និង​សមាជិក​ចំនួន​១១​រូប។ សមាជិក​៣​​រូប​នៃ​ស្ថាប័ន​នេះ ត្រូវ​ជ្រើស​តាំង​ដោយ​ស្ថាប័ន​កំពូល​ៗ​នៅ​កម្ពុជា ដូច​ជា​រដ្ឋសភា ព្រឹទ្ធសភា និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ជា​ដើម​។ ចំណែក​៣​រូប​ដែល​នៅ​សល់ គឺ​ត្រូវ​ចាត់​តាំង​ជា​ស្វ័យប្រវត្តិ​ដោយ​ច្បាប់ មាន​ជា​អាទិ៍ រដ្ឋ​មន្ដ្រី​ក្រសួង​យុត្តិធម៌ ប្រធាន​តុលាការកំពូល និង​អគ្គព្រះរាជ​អាជ្ញា​អម​តុលាការ​កំពូល។      

ការ​ចាត់​តាំង​រដ្ឋ​មន្ដ្រី​ក្រសួង​យុត្តិធម៌​ជា​សមាជិក​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម និង​ការ​អនុញ្ញាត​ឲ្យ​សមាជិក​រដ្ឋសភានិង​ព្រឹទ្ធសភាមាន​សិទ្ធិ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃអង្គ​ចៅក្រម បាន​ធ្វើ​ឲ្យ​​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា CCHR ព្រួយ​បារម្ភ​ថាអាច​ប៉ះពាល់​ដល់​គោលការណ៍​បែង​ចែក​អំណាច​។ តាម​រយៈការ​វិភាគ​ផ្នែក​ច្បាប់​របស់​ខ្លួន CCHR បាន​លើក​ឡើង​ថា សមាជិក​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម មិន​អាច​ត្រូវ​បាន​តែងតាំង ឬ​ជ្រើស​តាំង​ដោយ​អំណាច​នីតិប្បញ្ញតិ ឬ​អំណាច​នីតិ​ប្រតិបត្តិ​ឡើយ​។

ដើម្បីធានា​ឯករាជ្យភាព បើ​តាម CCHR សមាជិក​របស់​ឧត្តមក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម មិន​ត្រូវ​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ជា​សមាជិក​រដ្ឋាភិបាល ឬ​ជា​សមាជិក​សភា​ឡើយ​។ ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម គួរ​តែ​មាន​សមាសភាព​ចម្រុះ​រវាង​ចៅក្រម ព្រះរាជ​អាជ្ញា និង​សមាជិក​ដែល​មាន​សមត្ថភាព​ផ្លូវ​ច្បាប់​ដទៃ​ទៀត​ដូច​ជា មេធាវី និង​សាស្ដ្រាចារ្យ​ផ្នែក​ច្បាប់​ជា​ដើម ដែល​បោះ​ឆ្នោត​ជ្រើស​តាំង​ដោយ​គណៈកម្មការ​ឯករាជ្យ​មួយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ