អានតួអត្ថបទ
កម្ពុជា

ខុទ្ទកាល័យ​ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ធ្វើការ​ដោះលែង​អ្នកទោសនយោបាយ

ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ និង​ជា​អតីត​លេខា​ផ្ទាល់​របស់​ព្រះមហា​វីរក្សត្រ ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ​បាន​អំពាវនាវ​ទៅ​ដល់​រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ពិចារណា​ធ្វើ​ការ​ដោះលែង​អ្នក​ទោស​​នយោបាយ​នៅ​ខណៈ​ដែល​ប្រជាជាតិកម្ពុជា​ទាំងមូល​​កំពុង​ចូល​​រួម​​កាន់​មរណៈទុក្ខ​​ចំពោះ​ព្រះបរមសព​របស់​ព្រះ​មហា​វីរក្សត្រ​សម្តេច​ឪ​​ព្រះ​បាទ​នរោត្តម​សីហនុ ​ដើម្បី​ជា​ការ​ផ្សះផ្សា និង​បង្រួម​បង្រួម​ជាតិ​​។ ប៉ុន្តែ​ការ​លើក​ឡើង​នេះ​ត្រូវ​បាន​​​មន្ត្រី​រដ្ឋាភិបាល​សម្តែង​​ប្រតិកម្មប្រឆាំង​ផងដែរ។

ព្រះអង្គម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ
ព្រះអង្គម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ ©ដឺលុច/RFI
ផ្សាយពាណិជ្ជកម្ម

ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ​បាន​មាន​បន្ទូល​អំពាវនាវ​ទៅ​ដល់​រាជរដ្ឋា​ភិបាល​កម្ពុជា​គួរ​តែ​​ធ្វើ​ការ​លើកលែង​ទោស​ដល់​អ្នកទោស​នយោបាយ​នៅ​ខណៈ​ដែល​ប្រជាជាតិកម្ពុជា​ទាំងមូល​​កំពុង​ចូល​​រួម​​កាន់​មរណៈទុក្ខ​​ចំពោះ​ព្រះបរមសព​របស់​ព្រះ​មហា​វីរក្សត្រ​សម្តេច​ឪ​​ព្រះ​បាទ​នរោត្តម​សីហនុ ​ដើម្បី​ជា​ការ​ផ្សះផ្សា និង​បង្រួមបង្រួមជាតិ។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ និង​ជា​អតីត​លេខា​ផ្ទាល់​របស់​ព្រះ​មហា​វីរក្សត្រ​បាន​មាន​បន្ទូល​ថា រាជ​រដ្ឋា​ភិបាល​កម្ពុជា​គួរ​ណា​តែ​ឆក់​យកឱកាស​ដ៏​មហាឡោរិក​នេះ​​ដើម្បី​លើកលែង​ទោស​ដល់​អ្នកទោស​នយោបាយ​ដើម្បី​ជា​ការផ្សះផ្សារ និង​បង្រួបបង្រួម​ជាតិ​។

ព្រះ​អង្គ​ម្ចាស់​​មាន​បន្ទូល​ថា​ ប្រសិន​បើ​រាជរដ្ឋា​ភិបាល​​សម្រេច​ធ្វើ​ការ​លើកលែង​ទោស​ដល់​អ្នក​នយោបាយ​នៅ​​ក្នុង​ឱកាស​នេះ​ ​​គឺ​ធ្វើ​ឲ្យ​ចម្រើនជាតិ ច្រើន​ជាង​ខាត។ ហើយ​ការ​លើកលែង​ទោស​អ្នកនយោបាយ​នោះ គឺ​​ធ្លាប់​ធ្វើ​នា​ពេល​កន្លង​មក​​ មិនមែន​ទើប​តែ​ធ្វើ​ឥឡូវ​នេះ​ទេ។ ដូច​ជា​នៅ​​ពេល​សមារណកម្ម​ជាមួយ​ខ្មែរក្រហម ក៏​​បាន​លើក​លែង​ទោស​ជូន​លោក​អៀង​ សារី​ផង​ដែរ។ ដូច្នេះ​វា​ពុំ​មាន​រឿង​អ្វី​ថ្មី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើលទេ។ ហើយ​តាម​ការ​យល់​ឃើញ​របស់​ព្រះ​អង្គម្ចាស់ គឺ​គ្មាន​ឱកាស​ណា ល្អ​ជាង​ឱកាស​នេះ​ទេ​។

បើ​តាម​ការ​អះអាង​របស់​អ្នក​វិភាគឯករាជ្យ អ្នកស្រី​ជា វណ្ណាត​បាន​លើក​ឡើង​ថា​ រាជ​រដ្ឋា​ភិបាល​គួរ​តែ​ធ្វើ​ការ​ដោះ​លែង​អ្នក​ទោស​ ​នៅ​ក្នុង​ឱកាស​ដ៏​​ពិសេស​សំរាប់​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បាទ​​នរោមត្តម សីហនុ​ ​នេះ​ជា​ឱកាស​ដ៏​​ល្អ​សំរាប់​សម្តែង​នូវ​ការ​ដឹង​គុណ​ដល់​អតីត​ព្រះ​មហាវីរក្សត្រ។ អ្នកស្រី​​ថា​ ការ​ដោះ​លែង​អ្នកទោស​នេះ គឺ​ជា​អ្វី​ដែល​អតីត​ព្រះ​មហាវីរក្សត្រ​តែង​តែ​ធ្វើ​នៅ​ក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះជន្ម​របស់​ព្រះ​អង្គ ឬ​ក៏​​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ ដូច្នេះ​នៅ​ក្នុង​ឱកាស​ពិសេស​នេះ ​អ្នកស្រី​ស្នើ​សុំ​ទៅ​រដ្ឋា​ភិបាល​គួរ​តែ​ពិចារណា​នៅ​ត្រង់​ចំណុច​នេះ​។

រីឯ​លោក​ផៃ ស៊ីផាន​ អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​សម្តែង​​ប្រតិកម្ម​ថា លោក​មាន​ការ​សោក​ស្តាយ​ចំពោះ​ការ​លើក​ឡើង​របស់​​​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ។ អ្វី​ដែល​ព្រះអង្គម្ចាស់​បាន​លើក​ឡើង គឺ​​ក្នុង​នាម​បុគ្គល​ផ្ទាល់​ខ្លួន​ពុំ​មែន​ក្នុង​នាម​ព្រះបរមរាជវាំង​ទេ​។ ហើយ​ពេល​នេះ គឺ​ជា​ពេលវេលា​កំពុង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ព្រះ​ពុទ្ធសាសនា​ មិន​គួរ​យក​ព្រះបរមសព​របស់​ព្រះមហាវីរក្សត្រ​​មក​លេង ជា​រឿង​នយោ​បាយ​​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ