អានតួអត្ថបទ
ភូមា-កូរ៉េ​ខាង​ត្បូង

ប្រធានាធិបតី​ភូមា​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាង​ត្បូង

លោក​ថេន សេន ប្រធានាធិបតី​ភូមា បាន​អញ្ជើញ​ទៅដល់​កូរ៉េ​ខាង​ត្បូង នៅថ្ងៃ​ចន្ទ​នេះ ដើម្បី​ចាប់ផ្តើម​​​ដំណើរទស្សនកិច្ច​ រយៈពេល ៣ថ្ងៃ។ ដំណើរទស្សនកិច្ច​នេះ​នឹង​ផ្តោត​ទៅលើ​ទំនាក់ទំនង​​ខាង​សេដ្ឋកិច្ច ក្នុងនោះ ក៏​នឹង​មាន​ដំណើរទស្សនកិច្ច​ទៅកាន់​ក្រុមហ៊ុន​​​មួយ​ចំនួន ដែល​រកស៊ី​ក្នុង​វិស័យ​យោធា​ ហើយ​ស្ថានភាព​នៅឧបទ្វីប​កូរ៉េ​ក៏​នឹង​ជា​ប្រធានបទ​ដ៏​សំខាន់​មួយ​ដែរ។

លោក​ ថេន សេន ប្រធានាធិបតី​ភូមា ពេល​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុង​សេអ៊ូល ថ្ងៃចន្ទ ៨ តុលា ២០១២
លោក​ ថេន សេន ប្រធានាធិបតី​ភូមា ពេល​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុង​សេអ៊ូល ថ្ងៃចន្ទ ៨ តុលា ២០១២ REUTERS/Kim Hong-Ji
ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី​ ថេន សេន គ្រោង​នឹង​ជួប​ជាមួយ​លោក​ប្រធានាធិបតី​ លី ម្យ៉ុងបាក់ នៅ​ថ្ងៃ​អង្គារ​ស្អែក។ យោងតាម​មន្រ្តី​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង ​នៅ​ក្នុង​ជំនួប​ថ្ងៃ​ស្អែក​​​នេះ ប្រមុខដឹកនាំ​ទាំងពីរ​នឹង​ជជែក​​គ្នា​ អំពី​​កិច្ចសហប្រតិបត្តិការក្នុង​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ អំពី​វិស័យ​ថាមពល ធនធាន​ធម្មជាតិ ព្រមទាំង​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ នៅ​ក្នុង​ប្រទេស​ភូមា។ ស្ថានភាព​នៅ​ក្នុង​ឧបទ្វីបកូរ៉េ​ក៏​នឹង​ជា​ប្រធានបទ​​ដ៏​សំខាន់​មួយ​ដែរ។

គួរ​បញ្ជាក់ថា នៅ​ក្នុងរយៈពេល​រាប់សិប​ឆ្នាំ​មកហើយ ដែល​​របបសឹកភូមា​តែងតែ​រក្សា​នូវ​ទំនាកទំនង​ជិតស្និទ្ធិ​ជាមួយ​នឹង​របបដឹកនាំ​កុម្មុយនិស្ត​កូរ៉េ​ខាងជើង។ កាល​ពី​ឆ្នាំ​១៩៨៣ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​មួយ​រូប ត្រូវ​បាន​ភ្នាក់ងារ​កូរ៉េ​ខាងជើង​ប៉ុនប៉ង​ធ្វើ​ឃាត នៅ​ក្នុង​អំឡុង​ពេល​​ដែល​លោក​កំពុង​បំពេញ​ទស្សនកិច្ច​ នៅ​ក្នុង​ប្រទេស​ភូមា។ ចាប់តាំង​ពីពេលនោះ​មក គេ​មិនដែល​ឃើញ​​មាន​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​រូប​ណា ទៅ​បំពេញ​ទស្សនកិច្ច នៅ​ភូមា​ទៀត​ទេ រហូតដល់​ខែ​ឧសភា កន្លងទៅ​ថ្មីៗ​នេះ នៅ​ក្រោយ​ពេល​របបសឹក​ត្រូវ​រលាយ ហើយ​រដ្ឋាភិបាល​​ស៊ីវិល​ថ្មី ក្រោម​ការ​ដឹកនាំ​របស់​លោក​ថេន សេន បាន​រៀបចំ​កំណែទម្រង់​នយោបាយ​​សំខាន់ៗ ទាញ​ភូមា​ពី​ភាពឯកោ​ក្នុង​ឆាក​អន្តរជាតិ ទើប​លោក​លី ម្យ៉ុ​ងបាក់ ឈាន​ជើង​ជាន់​ដី​ភូមា​ជាលើក​ទីមួយ ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង។

នៅ​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច កាល​ពី​ខែ​ឧសភា​នោះ លោក​ថេន សេន បាន​សន្យា​ជាមួយ​នឹង​លោក​លី ម្យ៉ុងបាក់​ថា ចាប់ពីពេលនេះ​ទៅ ភូមា​នឹង​បញ្ឈប់​ការ​ទិញ​គ្រឿង​សព្វាវុធ​ពី​កូរ៉េ​ខាងជើង​ទៀត​ហើយ។ ហើយ​កាល​ពី​សប្តាហ៍​មុន​នេះ ក្រុមហ៊ុន​មួយ​របស់​កូរ៉េ​ខាង​ត្បូង ទើប​នឹង​បាន​ទទួល​កិច្ចសន្យា​សាងសង់​រោងចក្រ​អគ្គិសនី​មួយ​កន្លែង ដែល​មាន​កម្លាំង៥០​ម៉ឺន​គីឡូវ៉ាត់ ព្រមទាំង​បណ្តាញ​ចែកចាយ​ចរន្ត​អគ្គិសនី នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន សម្រាប់​ឆ្នាំ​២០១៥។

ភូមា​​គឺ​ជា​ប្រទេស​ដែល​សម្បូរ​ទៅដោយ​ធនធាន​ធម្មជាតិ ជាពិសេស ឧស្ម័ន​ធម្មជាតិ និង​ធនធាន​រ៉ែ។ ការធ្វើ​កំណែទម្រង់​នយោបាយ និង​ការ​បន្ធូរបន្ថយ ឬ​លុបចេញ​នូវ​ទណ្ឌកម្ម​អន្តរជាតិ​ កំពុង​តែ​ធ្វើ​ឲ្យ​​ភូមា ក្លាយ​ជា​ទិសដៅ​ដ៏​សំខាន់​មួយ ទាក់ទាញ​អ្នកវិនិយោគ​ពី​បរទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ