អានតួអត្ថបទ
រុស្ស៊ី-សហភាពអឺរ៉ុប​

ជំនួប​កំពូល​សហភាព​អឺរ៉ុប​-រុស្ស៊ី​ លើក​ទី​៣០​នៅ​ក្រុង​ Bruxelles​

ចូល​​រួម​​ក្នុង​​ជំនួប​​កំពូល​​នេះ​ពី​​ខាង​​រុស្ស៊ី​គឺ​​លោក​​ប្រធានាធិបតី​​ពូទីន​​ផ្ទាល់​ហើយ​​ពី​​ខាង​ សហ​ភាព​អឺរ៉ុប គឺ លោក​ប្រធាន​សហភាព​នេះ Herman Van Rompuy , លោក​ប្រធាន​គណៈកម្មការ​អឺរ៉ុប Jose Manuel Barroso និង​មេ​ដឹក​នាំ​នៃ​២៧​ប្រទេស​ក្នុង​សហភាពអឺរ៉ុប។ តើ​ម្ខាងៗ ស្ពាយ​សាច់រឿង​អ្វី​ខ្លះ ​យក​ទៅ​ដាក់​លើ​តុ​ចរចា​ថ្ងៃ​នេះ?​ 

លោក​នាយករដ្ឋមន្ត្រី​រុស្ស៊ី ពូទីន
លោក​នាយករដ្ឋមន្ត្រី​រុស្ស៊ី ពូទីន ©Reuters
ផ្សាយពាណិជ្ជកម្ម

សម្រាប់​ម៉ូស្គូ តាម​ដែល​វិមាន​ក្រេមឡាំង​ប្រកាស​ឲ្យ​ដឹង​សំខាន់ គឺ ៖

- ចង់​សម្រេច​ឲ្យ​បាន​នូវ​ការ​លុប​ទិដ្ឋាការ​រវាង​សហភាព​អឺរ៉ុប​និង​រុស្ស៊ី​យក​ល្អ គឹ​លុប​ឲ្យ​បាន​មុន​ពេល​បើក​ការ​ប្រកួត​”ល្បែង​កីឡា​អូឡាំពិក​រដូវ​ធ្លាក់​ទឹកកក” នៅ​ក្រុង​រុស្ស៊ី Sochi ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​២០១៤​ខាង​មុខ។

- ច្រាន​ចោល​អ្វី​ដែល​ហៅ​ថា “កញ្ចប់​ថាមពល​ទី​៣” របស់​សហភាព​អឺរ៉ុប ដែល​ប្រឆាំង​ទល់​នឹង​ភាព​ផ្តាច់​មុខ​នៃ​ក្រុមហ៊ុន​យក្ស​រុស្ស៊ី Gazprom ខាង​លក់​ឧស្ម័ន​ធម្មជាតិ​រុស្ស៊ី ទៅ​បំពេញ បាន​ជាង ១/៤ នៃ​តម្រូវការ​របស់​សហភាព​អឺរ៉ុប ខាង​ថាមពល​នេះ។ តាម​យោបល់​រុស្ស៊ី “កញ្ចប់​ថាមព ទី​៣”​នេះ ​គឺ​ផ្ទុយ​នឹង​បទដ្ឋាន​នៃ​ច្បាប់​អន្តរជាតិ ហើយ​នាំ​ឲ្យ​ខូច​ដល់ សហ​ប្រតិបត្តិការ ផ្នែក​ថាមពល​រវាង​គូ​ភាគី​ដែល​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន​ បាន​រាប់​សិប​ឆ្នាំ​មក​ហើយ។

- ការពារ​សិទ្ធិ​របស់​បណ្តាជន​រុស្ស៊ី រស់​នៅ​ក្នុង​ប្រទេស Lettonie Lituanie Estonie ដែល ត្រូវ​អាជ្ញាធរ​នៃ​រដ្ឋ​នៅ​តាម​មាត់​សមុទ្រ Baltique ទាំង​បី​នេះ ​ធ្វើការ​រើសអើង បំបិទ​សិទ្ធិ​គេ​គ្មាន​ឈប់ ប៉ុន្តែ​ពុំ​ដែល​ត្រូវ​ថ្នាក់​ដឹកនាំ​សហភាពអឺរ៉ុប ធ្វើ​ឃើញ​ឡើយ ទោះបី​អតីត​សាធារណរដ្ឋ​សូវៀត​ទាំង​នេះ បច្ចុប្បន្ន​ ក្លាយ​ជា​សមាជិក​សហភាព​អឺរ៉ុប​ទៅ​ហើយ​ក្តី។

- ប្រឆាំង​នឹង​នយោបាយ​រដ្ឋ​ទាំង​បី​នោះ ដែល​តែង​លើក ទៅ​ជា​វីរបុរស រាល់​នរណា​ដែល​ក្នុង​សង្គ្រាម​លោក​លើក​ទី​២ បាន​ចូល​ដៃ​ជាមួយ​ពួក​ហ្វាស៊ីស្ត​ហ៊ីត្លែរ ច្បាំង​ទល់​នឹង​កងទ័ព​សូវៀត។

ពី​ខាង​សហភាព​អឺរ៉ុប​វិញ គេ​នឹង​ប្រែ​កិច្ច​ប្រជុំកំពូល​ថ្ងៃ​នេះ ដើម្បី ថ្កោល​ទោស​ឥត​ថ្នម​មាត់ មក​លើ រដ្ឋ​អំណាច​រុស្ស៊ី ចំពោះ​​ការ​រំលោភ​សិទ្ធិ​មនុស្ស​ បែប​យ៉ាង កាត់​ទោស​ក្រុម​នារី អ្នកចម្រៀង Pussy Riot ដែល​ហ៊ាន​ទិតៀន​លោក​ពូទីន, ចាប់​រូប​ថៅកែ​នៃ​មហា​ក្រុមហ៊ុន​ប្រេងកាត ឯកជន ឈ្មោះ ​Khodorkovski ដាក់​គុក​ដោយ​បន្ទាប់មក​រឹបអូស​យក​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​នេះ​ទៅ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ប្រេងកាត​រដ្ឋ​រុស្ស៊ី​តែ​ម្តង, ចាប់​ឃុំឃាំង​ គ្មាន​ឈប់ ពួក​មេ​ដឹកនាំ បក្ស​ប្រឆាំង ដែល​តែង​ធ្វើ​មីទ្ទិញ​តវ៉ា​ទល់​នឹង​អំណាច​លោក​ពូទីន។

តាម​មតិ​សហភាព​អឺររ៉ុប “កញ្ចប់​ថាមពល​ទី​៣”នោះ​គឺ​សំដៅ​បំផុស ឲ្យ​មាន​ការ​ប្រជែង​គ្នា​ដោយ​យុត្តិធម៌ ខាង​ប្រើ​ខ្សែ​បំពង់​បង្ហូរ​ឧស្ម័ន​ ដែល​លូន​កាត់​តាម ដែនដី អឺរ៉ុប​ខាង​កើត​និង​អឺរុប​កណ្តាល។

ដោយ​ហេតុ​ថា នៅ​មាន​ការ​ខ្វែង​គំនិត​គ្នា​ខ្លាំង​នៅ​ឡើយ រវាង​សហភាព​អឺរ៉ុប​និង​រុស្ស៊ី គេ​ពិបាក សង្ឃឹម​ថា ជំនួប​កំពូល​លើក​នេះ អាច​នាំ​មក​នូវ​ លទ្ធផល​ក្នុង​ន័យ”បុក​ទម្លាយ​ទៅ​មុខ”អ្វី​ណា។

ជា​ការ​រំលឹក​ជំនួប​កំពូល​រុស្ស៊ី-សហភាព​អឺរ៉ុប ប្រព្រឹត្ត​ទៅ​២​ដង​ក្នុង​១​ឆ្នាំ គឺ​ម្តង​នៅ​លើ​ដែនដី​រុស្ស៊ី ក្នុង​ឆមាស​ទី​១ ម្តង​ទៀត ក្នុង​ឆមាស​ទី​២​ នៅ​លើ​ដែនដី​ខាង​សហភាព​អឺរ៉ុប៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ