អានតួអត្ថបទ
កម្ពុជា-ថៃ

វត្តមាន​លោក​ថាក់ស៊ីន​នៅ​កម្ពុជា​បង្ក​ការ​ក្តៅក្រហាយ​ដល់​បក្ស​ប្រឆាំង​ថៃ

ពិធី​ជួបជុំ​រវាង​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាមួយ​ក្រុម​អាវ​ក្រហម​ថៃ​នៅក្នុង​ប្រទេស​កម្ពុជា និង​ឡាវ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​នេះ​កំពុង​បង្ក​ការក្តៅក្រហាយ​យ៉ាងខ្លាំង​ពី​សំណាក់​គណបក្សប្រឆាំង​ថៃ។ គណបក្ស​ប្រជាធិបតេយ្យ​របស់​អតីត​នាយករដ្ឋមន្ត្រី​អា​ភី​ស៊ីត​ចោទប្រកាន់​មន្ត្រី​រដ្ឋាភិបាល តំណាងរាស្ត្រ និង​ទូត​ថៃ​ប្រចាំ​កម្ពុជា និង​ឡាវ​ថា​បានធ្វើ​មិនដឹងមិនឮ​ចំពោះ​ពិរុទ្ធភាព​របស់លោក​ថា​ក់​ស៊ីន។ បក្សប្រឆាំង​ថៃ​ប្រកាស​ចាត់វិធានការ​ផ្លូវច្បាប់​ប្រឆាំង​អ្នក​ទាំងនោះ។

លោក​ថាក់ស៊ីន ចូលរួម​ពិធី​អបអរ​បុណ្យ​ចូលឆ្នាំ​ថ្មី នៅ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប ថ្ងៃ​ទី១៥ មេសា ២០១២
លោក​ថាក់ស៊ីន ចូលរួម​ពិធី​អបអរ​បុណ្យ​ចូលឆ្នាំ​ថ្មី នៅ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប ថ្ងៃ​ទី១៥ មេសា ២០១២ REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

វត្តមាន​របស់លោក​ថា​ក់​ស៊ីន​នៅ​កម្ពុជា​ក្រោម​ការ​អបអរ​សា្វគ​មន៍​ពី​សំណាក់​ក្រុម​អាវ​ក្រហម​ថៃ​រាប់ម៉ឺន​នាក់​នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ និង​ថ្ងៃអាទិត្យ​នេះ កំពុង​បង្ក​ការក្តៅក្រហាយ​យ៉ាងខ្លាំង​ដល់​គណបក្សប្រឆាំង​ថៃ។ គណបក្ស​ប្រជាធិបតេយ្យ​របស់​អតីត​នាយករដ្ឋមន្ត្រី​អា​ភី​ស៊ីត វាចា​ជីវ៉ា បាន​ចោទប្រកាន់​មន្ត្រី​មួយចំនួន​នៃ​គណៈរដ្ឋមន្ត្រី​ថៃ ​រួមទាំង​ជំនួយការ​នាយករដ្ឋមន្ត្រី អ្នកការទូត​ និង​តំណាងរាស្ត្រ​ភឿ​ថៃ​មួយចំនួន រួមទាំង​រដ្ឋាភិបាល​ក​ម្ពុ​ជា​ផង​ថា​បាន​ជួយ​ជ្រោមជ្រែង​លោក​ថាក់ស៊ីន​ ដែលជា​ពិរុទ្ធជន ​និង​ដែល​តុលាការ​ថៃ​កំពុង​តាម​ចាប់ខ្លួន។

កាសែត​បាងកក​ប៉ុស្តិ៍​របស់​ថៃ​បាន​ផ្សាយ​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា គណបក្ស​ប្រ​ជាធិ​ប​យ្យេ​បានប្រកាសថា​នឹង​បើក​ការស៊ើបអង្កេត​មួយ​អំពី​បញ្ហា​នេះ ហើយ​គណបក្ស​នេះ​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ប្រឆាំង​មន្ត្រី​ថៃ​ទាំងនោះ​ដែល​បាន​ប្រើប្រាស់​រថយន្ត​របស់រ​ដ្ឋ​ ដើម្បី​មកជួប​ជាមួយ​លោក​ថាក់ស៊ីន​ទៀតផង។ គណបក្សប្រឆាំង​ថៃ​ក៏បាន​អះអាងថា រដ្ឋាភិបាល​កម្ពុជា​រប​ស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​បញ្ជូន​រថយន្ត​ជាច្រើន​គ្រឿង​ទៅ​ដឹក​ក្រុម​អាវ​ក្រហម​ថៃ​ពី​ប៉ោយប៉ែត​មក​សៀមរាប​ផងដែរ។

លោក​ថាក់ស៊ីន អតីត​នាយករដ្ឋមន្ត្រី​ថៃ​ បាន​មកដល់​ខេត្តសៀមរាប កាលពី​វេលា​ម៉ោង ១១ព្រឹក​ថ្ងៃ​សៅរ៍​នេះ ក្រោម​ការអបអរ​ស្វាគមន៍​ពី​ក្រុម​អាវ​ក្រហម​ថៃ​រាប់ម៉ឺន​នាក់​ ដែលជា​អ្នកគាំទ្រ​រូបលោក។ ពិធី​ជួបជុំ​រវាង​លោក​ថាក់ស៊ីន និង​ក្រុម​អ្នកគាំទ្រ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​យ៉ាងអ៊ឹកអធឹក ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ និង​នៅ​ថ្ងៃអាទិត្យ​នេះ​ទៀត​ ក្នុង​ខេត្តសៀមរាប។

អាជ្ញាធរ​កម្ពុជា​បានរៀបចំ​និង​សម្រួល​ឲ្យ​មាន​ជំនួប​នេះ​ ដោយបាន​ការពារ​សន្តិសុខ​យ៉ាង​តឹងរ៉ឹង​បំផុត។ យ៉ាងណាក៏ដោយ អាជ្ញាធរ​កម្ពុជា​បាន​កម្រិត​វត្តមាន​លោក​ថាក់ស៊ីន​ត្រឹមតែ​ជា​អ្នកទេសចរ​ម្នាក់​តែប៉ុណ្ណោះ​ដោយ​មិន​ជាប់ទាក់ទង​នឹង​សកម្មភាព​នយោបាយ​ទេ។

គួរ​រម្លឹក​ដែរ​ថា មុននឹង​មកដល់​កម្ពុជា លោក​ថាក់ស៊ីន​ក៏បាន​រៀបចំ​ពិធី​ជួបជុំគ្នា​បែបនេះ​ដែរ​នៅឯ​ប្រទេស​ឡាវ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី។ លោក​ក៏បាន​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​អំពី​សារ​នយោបាយ​មួយចំនួន​ដែរ។ ជាក់ស្តែង លោក​ថាក់ស៊ីន​អះអាងថា លោក​នឹង​វិលត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ​នៅពេលដែល​ស្ថានការណ៍​នយោបាយ​ប្រទេស​ថៃ​វិលត្រឡប់​ទៅរក​ស្ថានភាព​ជាធម្មតា​ឡើងវិញ។ ប៉ុន្តែ បក្សប្រឆាំង​ថៃ​កំពុង​ព្យា​យាម​រារាំង​ការវិលត្រឡប់​របស់លោក​ថាក់ស៊ីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ