អានតួអត្ថបទ
ថៃ

បណ្តឹង​បក្ស​ប្រឆាំង​ថៃ​សុំអោយ​ការបោះឆ្នោត​ថ្ងៃ​២កុម្ភៈ​មិនយក​ជាការ​បាន​ ត្រូវ​តុលាការ​ថៃ​ទាត់ចោល​

នៅ​ថៃ​ ថ្ងៃ​ពុធ​នេះ តុលាការ​ធម្មនុញ្ញ​ថៃ​បាន​ទាត់ចោល​នូវ​ពាក្យបណ្តឹង​របស់​បក្ស​ប្រឆាំង​ ដែល​បាន​សុំ​អោយ​តុលាការ​​​ចាត់ទុក​ការបោះឆ្នោត​សភា​មុនកាលកំណត់ កាលពី​ថ្ងៃ​២កុម្ភៈ​ ជា​ការបោះឆ្នោត​​មិន​អាច​យក​ជាការ​បាន។ តុលាការ​​ធម្មនុញ្ញ​ថៃ​លើកឡើងថា ពាក្យបណ្តឹង​នោះ​គ្មានមូលដ្ឋាន​​គ្រប់គ្រាន់​​នោះទេ។ ការបោះឆ្នោត​សភា​ ថ្ងៃ​២កុម្ភៈ​កន្លង​ទៅ ត្រូវបាន​រាំងស្ទះ​ តាមការិយាល័យ​បោះឆ្នោត​​១០ភាគរយ ដោយសារ​​ ​ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាល។

អ្នកបោះឆ្នោត​នៅ​សង្កាត់​ Din Dang ក្រុង Bangkok តវ៉ា​ប្រឆាំង​នឹង​​ការ​បិទការិយាល័យ​បោះឆ្នោត​របស់​ពួកគេ ថ្ងៃ២កុម្ភៈកន្លងទៅ។
អ្នកបោះឆ្នោត​នៅ​សង្កាត់​ Din Dang ក្រុង Bangkok តវ៉ា​ប្រឆាំង​នឹង​​ការ​បិទការិយាល័យ​បោះឆ្នោត​របស់​ពួកគេ ថ្ងៃ២កុម្ភៈកន្លងទៅ។ REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

ចាត់ទុក​ការបោះឆ្នោត​សភា​ថៃ​ ថ្ងៃ២កុម្ភៈ ថា​ជាការបោះឆ្នោត​​យកជាការមិន​បាន​ លុបចោល​គណបក្ស​កាន់អំណាច​ភឿថៃ ពីឆាក​នយោបាយ តុលាការ​ធម្មនុញ្ញ​ថៃ​មិនអាច​ទទួល​តាម​សំណូមពរ​​ក្នុង​បណ្តឹង​របស់​បក្សប្រឆាំង​ថៃ​បាននោះ​ទេ។ យោងតាម​តុលាការ​ថៃ ពាក្យ​បណ្តឹង​​នោះ គ្មាន​មូលដ្ឋាន​គ្រប់គ្រាន់​ឡើយ។

​វីរ៉ាតាណា កាល្យាស៊ីរី ជា​មេធាវី​​​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជាបក្ស​ប្រឆាំង​ដ៏​ធំ​នៅថៃ ​​បាន​ដាក់​ពាក្យ​បណ្តឹង​​នេះ​ទៅតុលាការ​។ មេធាវី​បក្ស​ប្រឆាំង​លើក​​យក​ហេតុផល​ថា ការបោះឆ្នោត​សភា​ថ្ងៃ២កុម្ភៈ​មិនបាន​ធ្វើឡើង​តែក្នុង​​រយៈពេល​​មួយថ្ងៃ​ ដូច​ធម្មតា​នោះទេ។ មេធាវី​វីរ៉ាតាណា ប្រាប់​ថា គាត់គោរព​សេចក្តីសម្រេច​របស់​តុលាការ តែ​ប្រសិន​​រដ្ឋាភិបាល​​​ធ្វើ​ខុសឆ្គង​ម្តងទៀត​ គាត់​នឹង​ដាក់​ពាក្យបណ្តឹង​ថ្មីទៀត។

គួររំលឹកថា បក្ស​ប្រឆាំង​ថៃ​បាន​ធ្វើ​ពហិការ​មិនចូលរួម​​​ការបោះឆ្នោត​សភា​ ថ្ងៃ​២កុម្ភៈ​កន្លង​ទៅនោះទេ។ ហើយ​កាលពី​ថ្ងៃ​បោះឆ្នោត​នោះដែរ ​ ​ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាល​​​លោកស្រី​យីងឡាក់ បាន​រាំងស្ទះ​ដំណើរការ​​​បោះឆ្នោត​ នៅ​តាមការិយាល័យ​បោះឆ្នោត​​១០ភាគរយ។ ជាង៣ខែ​មកនេះ ក្រុមបាតុករ​នៅតែ​ទាមទារ​អោយ​លោកស្រី​យីងឡាក់​ចុះពីអំណាច រាំងស្ទះ​មិនអោយ​មានការ​ប្រកាស​លទ្ធផល​បោះឆ្នោត។ ដោយសារ​មណ្ឌលបោះឆ្នោត​ជាច្រើន​​មិនអាច​ដំណើរការ​បោះឆ្នោត​បាន កាលពី​ថ្ងៃ​២កុម្ភៈ​នោះ គណៈកម្មការ​បោះឆ្នោត​​បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ​នឹង​រៀបចំ​ការបោះឆ្នោតសភា​​មុនកាល​កំណត់​ ចំនួន​២ថ្ងៃ​បន្ថែមទៀត គឺនៅថ្ងៃ​២០​ និង​ថ្ងៃ​២៧​មេសា​ នៅតាម​មណ្ឌល​ដែល​អ្នកបោះឆ្នោត​​មិនអាច​បោះឆ្នោត​បាន​ ក្នុងពេល​កន្លងមក។

ដោយឡែក ​​អ្នកបោះឆ្នោត​ថៃ​ក៏ជួបបញ្ហា មិនអាច​បោះឆ្នោត​​បាន​ផងដែរ កាលពីថ្ងៃ​២កុម្ភៈ​ នៅ​មណ្ឌលបោះឆ្នោត​​​២៨កន្លែង ដោយសារ​តែ​នៅទីនោះ គ្មាន​​បេក្ខជន​ឈរឈ្មោះ​​ទាល់​តែសោះ។ ​​

អាជ្ញាធរ​មិនទាន់​មានដំណោះស្រាយ​សម្រាប់​មណ្ឌល​ទាំង​២៨​នេះ​​នៅ​ឡើយ​ទេ។ ប្រសិន​​គ្មាន​អ្នកតំណាងរាស្ត្រ​២៨រូប​ មកពី​ពី​​មណ្ឌល​បោះឆ្នោតទាំង​​២៨នេះទេ ​សភា​​ថៃ​មិនអាច​ធ្វើការ​ប្រជុំ​បានឡើយ ព្រោះថា​​ ក្នុង​ចំណោម​កៅអី​សភា​៥០០កៅអី អង្គប្រជុំ​គ្មានសមាជិក​គ្រប់គ្រាន់​រហូត​ដល់​៩៥ភាគរយ ដើម្បី​អោយការ​ពិភាក្សា​​​​អង្គប្រជុំ​អាច​យកជា​ការបាន​នោះទេ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ