អានតួអត្ថបទ
ថៃ

គណៈកម្មការ​ជាតិ​ថៃ​ប្រយុទ្ធ​អំពើ​ពុករលួយ​នឹង​ដាក់ពិរុទ្ធ​សមាជិកសភា​រាប់រយនាក់​

នៅប្រទេស​ថៃ ថ្ងៃ​អង្គារ​នេះ ​ គណៈ​កម្មការ​​ជាតិ​ប្រយុទ្ធ​អំពើពុករលួយ បានប្រកាស​ថា ​នឹង​ដាក់ពិរុទ្ធ​សមាជិក​សភា​​រាប់រយនាក់​ ដែលភាគច្រើន​ជា​អ្នកតំណាង​រាស្ត្រ​មកពី​គណបក្ស​កាន់អំណាច​របស់​លោកស្រី​យីងឡាក់។ ពួកគេ​ទាំង​នេះជាប់ចោទពីបទ​ប៉ុនប៉ង​​ធ្វើកំណែទម្រង់​រដ្ឋធម្មនុញ្ញ​ ទោះជា​បី​ការព្យាយាម​​ធ្វើកំណែទម្រង់​នោះជួបបរាជ័យ​ក្តី។ការប្រកាស​ដាក់ពិរុទ្ធ​ប្រឆាំង​សមាជិក​សភានេះ​ រឹតតែ​បន្ថែម​ទម្ងន់​ទៅលើ​វិបត្តិ​នយោបាយថៃ​ ថែម​ទៀត។ ​

ប៉ូលិស​ថៃ​ការពារ​ទីកន្លែង​រាជា​និយម​មួយកន្លែង នៅ​ក្រុងបាងកក​​ ខែធ្នូ ឆ្នាំ២០១៣
ប៉ូលិស​ថៃ​ការពារ​ទីកន្លែង​រាជា​និយម​មួយកន្លែង នៅ​ក្រុងបាងកក​​ ខែធ្នូ ឆ្នាំ២០១៣ REUTERS/Chaiwat Subprasom
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​អង្គារ​នេះ សមាជិក​សភា​រាប់រយនាក់​ដែល​គណៈ​កម្មការ​​ជាតិ​ប្រយុទ្ធ​អំពើ​ពុករលួយ​ប្រទេស​ថៃ​​ ​ប្រកាស​ថា ​នឹង​ដាក់ពិរុទ្ធ​នោះ ជាប់ចោទពីបទ​ប៉ុនប៉ង​​ធ្វើ​កំណែទម្រង់​​រដ្ឋធម្មនុញ្ញ​ ទោះជា​បី​ការប៉ុនប៉ង​នេះ មិន​បាន​ជោគជ័យ​ក៏ដោយ​។ 

គណៈ​កម្មការ​​ជាតិថៃ​ប្រយុទ្ធ​អំពើពុករលួយ ក៏​ទទួលបន្ទុក​​ប្រឆាំង​​​ការ​​បំពាន​​អំណាច​ក្នុង​ប្រទេស​ផងដែរ។ កន្លងមក​ គណៈកម្មការ ​ធ្លាប់បាន​លើកលែង​ការចោទប្រកាន់​អោយ​ដល់​​អ្នកនយោបាយ​ថៃ​៧៣រូប ក្នុង​នោះ​​មាន​រូប​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី​យីងឡាក់​ផងដែរ។ ប៉ុន្តែ​ យោងតាម​ការស៊ើបអង្កេត​បឋម​របស់​គណៈកម្មការ​ សមាជិក​​​សភា​ទាំងពីរ​របស់​ថៃ ចំនួន​៣០៨រូបទៀត បាន​រំលោភ​ច្បាប់​ដោយបាន​ធ្វើការ​ស្នើ​រឺ​ក៏​តាក់តែង​​ខ្លឹមសារ​ច្បាប់ ដើម្បី​ធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ។ ការប៉ុនប៉ង​ធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ​នេះ អាច​នឹង​តំរូវ​​អោយ​​ការតែងតាំង​​សមាជិក​​ព្រឹទ្ធ​សភា​​​គ្រប់រូប សំរេចឡើង​ តាមរយៈ​​ការបោះឆ្នោត​​។ យោងតាម​រដ្ឋធម្មនុញ្ញ​ថៃ សមាជិក​ព្រឹទ្ធសភា​​​មួយចំនួន​តូច​ត្រូវ​បាន​តែងតាំង​ ដោយ​មិនចាំបាច់​ឆ្លងកាត់​ការបោះឆ្នោត​ជាមុន​នោះទេ។

ប្រសិន​បើ​​សមាជិកសភា​ទាំងនេះ ត្រូវ​បាន​ជាប់សង្ស័យ​ជាផ្លូវការ សំណុំរឿង​​របស់ពួកគេ​នឹង​ត្រូវ​បញ្ជូន​ទៅព្រឹទ្ធសភា។ ហើយ​ព្រឹទ្ធសភា​ថៃអាច​​នឹង​ហាមឃាត់ពួកគេ​មិនអោយ​ធ្វើ​នយោបាយ​​រយៈពេល​៥ឆ្នាំ។

សកម្មជន​គាំទ្រ​រដ្ឋាភិបាល​ថៃ ចាត់ទុក​សំណុំរឿង​ទាំងនេះ​ ថា​ជា​ទង្វើ​របស់​តុលាការ​ដើម្បី​​​កំចាត់​គណបក្ស​កាន់អំណាច គឺ​គណបក្ស​ភឿថៃ​នោះ ចេញពី​ឆាកនយោបាយ។ កន្លងមក ក្នុង​ដំណោះស្រាយ​វិបត្តិ​នយោបាយ លោកស្រី​យីងឡាក់ ធ្លាប់​សុំ​អោយ​មាន​ការ​បោះឆ្នោត​មុន​កាលកំណត់​ នៅថ្ងៃ​២កុម្ភៈ។ ប៉ុន្តែ គណបក្ស​ប្រឆាំង​បាន​ប្រកាស​ធ្វើពហិការ​មិនចូលរួម​ការបោះឆ្នោត​នោះទេ។ ​

សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​ចង់​អោយ​មាន​ក្រុមប្រឹក្សា​ប្រជាជន​មួយ​ ធ្វើការ​ជំនួស​រដ្ឋាភិបាល​ថៃ។ ពួកគេ​ប្រកាស​ថា នឹង​បន្ត​​​បាតុកម្ម​របស់​ខ្លួន​នៅថ្ងៃ​១៣មករា ​ខាងមុខ នៅ​ក្រុងបាងកក​ ដើម្បី​ប្រឆាំង​រដ្ឋាភិបាល និង​ទប់ស្កាត់​មិន​អោយ​​ការ​បោះឆ្នោត​ក្នុង​ខែ​កុម្ភៈ ប្រព្រឹត្តទៅ​បាន។ បាតុកម្ម​នៅថៃ​ជាង២ខែ​មកនេះ បាន​បណ្តាល​អោយ​មាន​មនុស្ស​ស្លាប់​៨នាក់​មកហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ