អានតួអត្ថបទ
ថៃ

ប៉ូលិសថៃ​ចាប់​ជន​អន្តោប្រវេសន៍​២០០នាក់​​ អាចជា​ជនជាតិ​អ៊ុយហ្គួ​មកពី​តំបន់​ស៊ីនជាំង​​ប្រទេស​ចិន​

នៅថ្ងៃ​សុក្រនេះ ​អ្នកសារព័ត៌មាន​​វិទ្យុបារាំង​​យើងមួយរូប​ ​បាន​​​រាយការណ៍​​ពី​ក្រុងបាងកក ​មកថា នៅ​ប្រទេស​ថៃ ​ប៉ូលិស​​បាន​ចាប់ខ្លួន​ក្រុម​​ជនអន្តោប្រវេសន៍មាន​គ្នា​​២០០នាក់ ​បន្ទាប់ពី​មាន​ការបាញ់​​ប្រហារ​​​នៅ​ជំរំ​​មួយ​ក្នុង​ព្រៃ​ នៅ​ភាគខាងត្បូង​ប្រទេស​មក។ យោងតាម​ប្រភព​ព័ត៌មាន​ទទួលបាន​ពី​អង្គការ​មនុស្សធម៌​ ជនអន្តោប្រវេសន៍​ទាំងនេះ​ ជាជនជាតិ​អ៊ុយហ្គួរ មកពី​តំបន់​ស៊ីនជាំង​ប្រទេស​ចិន។ ប្រសិន​បើ​ថៃ​កំណត់​អត្តសញ្ញាណឃើញថា​ជន​ទាំងនេះ​ជា ជនជាតិ​​អ៊ុយហ្គួ​​មែន នោះ​ថៃ​អាច​នឹង​បញ្ជូន​​ជន​អន្តោប្រវេសន៍​​ទាំងនេះ អោយ​ទៅ​អាជ្ញាធរ​ចិន​វិញ។

ជនអន្តោប្រវេសន៍​ដែល​ប៉ូលិស​ថៃ​ចាប់បាន នៅថ្ងៃ​សុក្រ​១៤មីនា​នេះ
ជនអន្តោប្រវេសន៍​ដែល​ប៉ូលិស​ថៃ​ចាប់បាន នៅថ្ងៃ​សុក្រ​១៤មីនា​នេះ REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​សុក្រ​នេះ ​លោក Arnaud Dubus ​អារណូ ឌុយប៊ុស ជា​អ្នកយកព័ត៌មាន​​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI ​​បានរាយការណ៍ប្រាប់​ពីក្រុងបាងកក​​​ ​ថា អាជ្ញាធរ​ថៃ​នៅ​មិនទាន់​បាន​​​កំណត់​អត្តសញ្ញាណ​ជនអន្តោប្រវេសន៍​ទាំង២០០នាក់  ដែល​ប៉ូលិស​ចាប់បាន​នៅឡើយទេ។ ​ជនអន្តោប្រវេសន៍​ទាំងនេះប្រាប់​​​ថា ពួកគេ​ជាជនជាតិ​តួកគី។ ​​គេ​មិនដឹងថា​ ហេតុអ្វី​បាន​ជាជនជាតិ​តួកគី​ បែរ​ជា​មក​លាក់ខ្លួន​នៅថៃ​បណ្តោះ​អាសន្ន​បែបនេះ ទៅវិញ។​ ​ប៉ុន្តែ​ បើ​យោង​តាម​ប្រភព​ព័ត៌មានមួយ​បាន​មក​​ពី​អង្គការ​មនុស្សធម៌​​ ជន​អន្តោប្រវេសន៍​​ទាំងនេះ​ជាជនជាតិ​អ៊ុយហ្គួរ មកពីតំបន់​ស៊ីនជាំង​ប្រទេសចិនទៅវិញទេ។

ជនអន្តោប្រវេសន៍​ទាំង២០០នាក់ ជាក្រុមគ្រួសារ​ដែល​​រស់លាក់ខ្លួន ក្នុង​ជំរំ​​មួយកន្លែង នៅ​តាម​ភ្នំ​ក្នុង​ខេត្ត​សុងខ្លា ភាគខាងត្បូង ប្រទេស​ថៃ។ ប្រភព​ព័ត៌មាន​អង្គការ​មនុស្សធម៌​ដដែល​ប្រាប់ថា ពួកគេ​​ត្រូវចេញ​ដំណើរ​ទៅ​តួកគី ដោយ​ឆ្លងកាត់​ម៉ាឡេស៊ី។ ប្រសិន​បើ​ពួកគេ​ជាជនជាតិ​អ៊ុយហ្គួ​មែន អាជ្ញាធរ​​ក្រុងប៉េកាំង​​អាច​នឹង​ដាក់សម្ពាធ​ថៃ ដែល​តែង​សហ​ប្រតិបត្តិការ​​​ជាមួយ​ចិននោះ ​អោយ​ប្រគល់​ជនអន្តោប្រវេសន៍​ទាំងនេះ​ទៅអោយ​ចិន​វិញ។ ហើយ​ពេលទៅ​ដល់​ប្រទេស​ចិន​វិញ ពួកគេ​អាច​នឹង​រង​ការកាត់ទោស​​ពីតុលាការ។​

ទាក់ទង​នឹង​ជនអន្តោប្រវេសន៍​ជនជាតិ​អ៊ុយហ្គួរ កាលពីខែ​កុម្ភៈ​កន្លងទៅ រដ្ឋាភិបាល​ម៉ាឡេស៊ី​ធ្លាប់​បាន​បញ្ជូន​ជនជាតិ​អ៊ុយហ្គួ​៦នាក់ អោយ​ត្រលប់​ទៅ​ចិន​វិញ។ ​ជនជាតិ​​អ៊ុយហ្គួ​​ទាំង៦នាក់​នេះ​​​​ បានប្រើ​លិខិត​ឆ្លងដែន​ក្លែងក្លាយ ដើម្បី​ចាកចេញ​ពី​ក្រុង​កូឡាឡុំពួរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ